អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា មេរោគហ្ស៊ីកាលែងធ្វើឲ្យពិភពលោកស្ថិតក្នុងស្ថានភាពអាសន្នទៀតហើយ ប៉ុន្តែអង្គការនេះបានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការឆ្លើយតបទៅនឹងជំងឺដែលឆ្លងតាមរយៈមូសខាំមួយនេះ។
ប្រេស៊ីល ដែលត្រូវបានគេមើលឃើញថាជាប្រទេសដែលរងគ្រោះដោយសារវិបត្តិជំងឺហ្ស៊ីកាអាក្រក់ជាងគេបំផុតនោះ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួននឹងនៅតែដាក់ប្រទេសឲ្យស្ថិតក្នុងស្ថានភាពអាសន្នដដែល។
ខណៈដែលមេរោគហ្ស៊ីកាបណ្តាលឲ្យមនុស្សភាគច្រើនគ្រាន់តែមានរោគសញ្ញាបន្តិចបន្តួច ស្ត្រីមានគភ៌ដែលផ្ទុកមេរោគនេះប្រឈមមុខនឹងការផ្តល់កំណើតឲ្យទារកដែលមានក្បាលតូចខុសពីធម្មតា។
ទារកជាង២ពាន់នាក់បានកើតមកដោយឆ្លងជំងឺនេះចាប់តាំងពីឆ្នាំមុន ហើយភាគច្រើនកើតឡើងនៅក្នុងប្រទេសប្រេស៊ីល។
អង្គការសុខភាពពិភពលោក WHO បានប្រកាសដាក់មេរោគហ្ស៊ីកាជាការគំរាមកំហែងដល់សុខភាពសកលលោកកាលពីខែកុម្ភៈឆ្នាំ២០១៦ ហើយការរីករាលដាលជំងឺនេះបានធ្វើឲ្យអ្នកដំណើរទៅចូលរួមការប្រកួតកីឡាអូឡាំពិកក្នុងប្រទេសប្រេស៊ីលកាលពីរដូវក្តៅកន្លងទៅនេះមានការភ័យខ្លាច៕