ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​កាន់តែ​បាត់បង់​ទំនុក​ចិត្ត​ដោយ​សារ​ការ​ប្រហែស​លើ​ការ​រក​ឃើញ​វីរុស​ហ្ស៊ីកា


ក្រសួង​សុខាភិបាល​នៅ​កម្ពុជា​បាន​ចេញ​សេក្តីប្រកាស​អំពី​ការ​រកឃើញ​ករណី​ឆ្លងមេរោគ​ហ្ស៊ីកា​លើ​បុរស​ម្នាក់​នៅ​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​សុក្រ ទី១៨ ខែ​វិច្ឆិកា តែ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ទៀត​នៅ​ថ្ងៃ​ដដែល​បដិសេធ​ការ​រកឃើញ​នេះ។ (រូប​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ក្រសួង​សុខាភិបាល)
ក្រសួង​សុខាភិបាល​នៅ​កម្ពុជា​បាន​ចេញ​សេក្តីប្រកាស​អំពី​ការ​រកឃើញ​ករណី​ឆ្លងមេរោគ​ហ្ស៊ីកា​លើ​បុរស​ម្នាក់​នៅ​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​សុក្រ ទី១៨ ខែ​វិច្ឆិកា តែ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ទៀត​នៅ​ថ្ងៃ​ដដែល​បដិសេធ​ការ​រកឃើញ​នេះ។ (រូប​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ក្រសួង​សុខាភិបាល)

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេសកម្ពុជា​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​ស្នើ​ឲ្យ​ក្រសួង​សុខាភិបាល​ បង្កើន​ការ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​នានា​ពាក់​ព័ន្ធ​ទៅ​នឹង​ស្ថានភាព​នៃ​ជំងឺ​ឆ្លង​ ដើម្បី​បញ្ចៀស​ការ​ភ័ន្តច្រឡំ​ក្នុង​ចំណោម​សាធារណជន​ខ្មែរ។

ក្នុង​ពេល​តែ​មួយ​ថ្ងៃ​ ក្រសួងសុខា​ភិបាល​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពីរ​ផ្សេងគ្នា បញ្ជាក់​ពី​ការ​រកឃើញ និង​បដិសេធ​នៃ​វត្តមាន​វីរុស​ហ្ស៊ីកា​ ដែល​ឆ្លង​តាម​សត្វ​មូស​ និង​តាម​ការ​រួមភេទ។​ ក្រុម​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ ថ្លែង​ថា​ ក្រសួង​សុខាភិបាល​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ទំនុក​ចិត្ត​ពី​មហាជន​ខ្មែរ​ ហើយ​ថា​ ក្រសួង​មិន​អាច​យក​បញ្ហា​សុខភាព​មក​លេង​សើច​បាន​នោះ​ឡើយ។

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេសកម្ពុជា​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​ស្នើ​ឲ្យ​ក្រសួង​សុខាភិបាល​ បង្កើន​ការ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​នានា​ពាក់​ព័ន្ធ​ទៅ​នឹង​ស្ថានភាព​នៃ​ជំងឺ​ឆ្លង​ ដើម្បី​បញ្ចៀស​ការ​ភ័ន្តច្រឡំ​ក្នុង​ចំណោម​សាធារណជន​ខ្មែរ។

កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ បញ្ជាក់​សាធារណជន​ថា​ មាន​ការ​រកឃើញ​មេរោគ​ ឬ​វីរុសហ្ស៊ីកា​ (Zika)​ នៅ​ក្នុង​ឈាម​បុរស​ម្នាក់​អាយុ​៤៤​ឆ្នាំ​ នៅ​ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់​ចាម។​ ក្រសួង​បាន​លើកឡើង​ថា​ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ បាន​បញ្ជាក់​ការ​រក​ឃើញ​មេរោគ​នេះ​ កាលពី​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា។

ប៉ុន្តែ​នៅក្នុង​ថ្ងៃ​សុក្រ​ដដែល​នោះ​ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ផ្សេង​ទៀត​ ធ្វើ​ការ​កែ​តម្រូវ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ ដោយ​អះអាង​ថា​ កម្ពុជា​មិន​មាន​ករណី​ជំងឺ​ហ្ស៊ីកា​នៅ​ខេត្ត​កំពង់ចាម​នោះ​ទេ។

​ក្រសួង​សុខាភិបាល​បាន​ពន្យល់​នៅ​ក្នុងសេចក្តីប្រកាស​លើក​ទីពីរ​របស់​ខ្លួន​ថា៖

«​មួយ​ម៉ោង​ក្រោយ​ពី​ក្រសួង​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ករណី​វិជ្ជមាន​ហ្ស៊ីកា​នៅ​ខេត្ត​កំពង់ចាម​ តាម​រយៈ​ការ​ធ្វើ​វិភាគ​មន្ទីរ​ពិសោធន៍​តាម​ដំណាក់​កាល​បន្ត​បន្ទាប់​គ្នា​ ដើម្បី​បញ្ជាក់​ពី​ភាព​វិជ្ជមាន​ដែល​បាន​ឃើញ​នៅ​ការ​វិភាគ​លើក​ទីមួយ​នោះ​ ក្រសួង​សុខា​ភិបាល​បាន​ទទួល​ព័ត៌មាន​ពី​លទ្ធផល​ពិនិត្យ​បន្ត​លើក​ទី​ពីរ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​បញ្ជាក់​ច្បាស់​ថា​ ករណី​ដែល​ថា​មាន​វិជ្ជមាន​វីរុស​ហ្ស៊ីកា​លើ​បុរស​ម្នាក់​នៅ​ខេត្តកំពង់ចាម​នោះ​គឺ​មិនត្រឹម​ត្រូវ​ទេ»។

លោក​ស្រី​ ធីតា​ ឃឹះ​ ប្រធាន​អង្គ​ការ​សីលការ​ ដែល​ធ្វើការ​ឃ្លាំ​មើល​គោល​នយោបាយ​សាធារណៈ​នៅ​កម្ពុជា​ បាន​ប្រាប់​ VOA កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ការ​ចេញ​សេក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ ដែល​បង្ហាញ​ពី​ភាព​មិន​ច្បាស់​លាស់​នៃ​ការ​កើត​មាន​ករណី​ឆ្លង​វីរុស​ហ្ស៊ីកា​នេះ​ នឹង​បង្ក​ឲ្យ​មាន​ការ​សង្ស័យ​ទៅលើ​សមត្ថភាព​របស់​មន្ត្រី​សុខា​ភិបាល​ ក្នុង​ការ​បញ្ជាក់​ពី​ការ​ចម្លង​មេរោគ​ដែល​ផ្តល់​ផល​វិបាក​ដល់​ការ​ចម្រើន​លូត​លាស់របស់​ទារក​ក្នុង​ផ្ទៃ។

​«យើង​ចង់​ទុក​ចិត្ត​ទៅ​លើ​អ្វី​ដែល​គាត់​និយាយ​ ហើយ​ដែល​បាន​និយាយ​មក​ម្តង​មាន​ ម្តង​អត់​អញ្ចឹង​ដូច​ជា​ ធ្វើ​ឲ្យ​យើង​មាន​ចម្ងល់​ថា​ តើ​គាត់​ដឹង​អំពី​ស្ថានភាព​ទូទៅ​នៅ​ក្នុង​ប្រទេស​ឬអត់​ នេះ​សំណួរ​ដែល​យើង​ទាំងអស់​គ្នា​មាន​ ហើយ​បើសិន​ណា​ជា​យើង​អត់​ទុក​ចិត្ត​គាត់ ឬ​មួយ​ក៏​យើង​មើល​ទៅ​ថា​ គាត់​និយាយ​វា​អត់​ត្រឹម​ត្រូវ​ទៅ​តាម​ការណ៍​ជាក់​ស្តែង​ដែល​យើង​មាន​ អា​នោះ​ការណ៍​ដែល​លំបាក​បំផុត​នោះ​គឺ​វិធាន​ការ​ ដើម្បី​ទប់​ទល់​នោះ​អត់មាន​ អញ្ចឹង​ទៅ​គោល​នយោបាយ​ដើម្បី​ទប់​ទល់​អត់​មាន​ ហើយ​ប្រជាពលរដ្ឋ​ ដែល​អត់​ដឹង​រឿង​ អត់​អា​ការពារ​ខ្លួន​បាន​ ព្រោះ​យើង​ដឹង​ហើ​យ​អា​ហ្ស៊ីកា​ហ្នឹង​ វា​ធ្វើ​ឲ្យ​ អ្នក​ដែល​ទំងន់​ហ្នឹង​អាច​មាន​បញ្ហា​ក្នុងការ​កើត​កូន​មក​ ដែល​វា​មិន​គ្រប់​ទឹក​ មិន​គ្រប់​ដប់»។

រូបឯកសារ៖ លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ​ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ អំពី​ជំហរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ការ​ពារ​ស្រីមុំ កាលពី​ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ​ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ អំពី​ជំហរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ការ​ពារ​ស្រីមុំ កាលពី​ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)

​លោកស្រី​ថ្លែង​បន្ត​ថា ក្រសួង​សុខាភិបាល​ត្រូវ​មាន​សេចក្តី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​បញ្ចេញ​ព័ត៌​មាន​នានា​ពាក់​ព័​ន្ធវិធានការ​ និង​ការ​រក​ឃើញ​វីរុស​ដ៏គ្រោះ​ថ្នាក់​មួយ​នេះ។

«​ដូច្នេះ​ជា​រឿង​មួយ​សំខាន់​ដែល​យើង​ត្រូវ​ការ​ក្រសួង​សុខាភិបាល​ដែល​ការពារ​ផល​ប្រយោជន៍​ទូទៅ​ខាង​សុខមាលភាព​ប្រជាពលរដ្ឋ​ហ្នឹង​ធ្វើ​ម៉េច​ ឲ្យ​មាន​វិធានការ​ច្បាស់​លាស់​ក្នុង​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ត្រង់​ ដើម្បី​រក​វិធានការ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​មាន​ការ​ទុក​ចិត្ត​»។

លោក​ស្រី​ ធីតា​ ឃឹះ​ សង្កត់​ធ្ងន់​ថា​ មន្ត្រី​សុខាភិបាល​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​កិច្ចការ​ជំនាញ​របស់​ខ្លួន ឲ្យ​ដូច​នឹង​ការ​ខិតខំ​ការ​ពារ​មុខ​មាត់​នៃជីវិត​នយោបាយ​របស់​ខ្លួន​ផង​ដែរ។​ លោក​ស្រី​បន្ថែមថា បញ្ហា​សុខមាលភាព​របស់​ប្រជារាស្ត្រ​ ជា​បញ្ហា​សំខាន់​ដែល​មន្ត្រី​សុខាភិបាល​មិន​អាច​មើល​ស្រាល​ ឬ​ធ្វេសប្រហែស​បាន​នោះ​ឡើយ។​

លោក​ យ៉ង​ គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ សំដែង​ការសោក​ស្តាយ​ ចំពោះ​ការ​សន្និដ្ឋាន​មិន​ប្រាកដ​ប្រជា​របស់​ក្រសួង​សុខាភិបាល អំពី​ការ​កើត​មាន​ករណី​ឆ្លង​វីរុស​ហ្ស៊ីកា​ ដែល​នៅ​ជា​ក្តីបារម្ភ​របស់​ពិភព​លោក​ចំពោះ​កា​ររីក​រាល​ដាល​នៃ​មេរោគ​នេះ។

​«បាទ​នេះ​ជារឿង​មួយ​ដែល​យើង​មាន​ការ​សោក​ស្តាយ​ បើសិន​ជា​ថា​ បើ​នៅ​កម្ពុជា​ បើ​យើង​គិត​ឃើញ​ថា​ បញ្ហា​ដែល​បញ្ហា​សុខភាព​នេះ​ កាលណា​គេ​ប្រកាស​ថា​ មាន​ស្អី​មួយ​មេរោគ​ ដែល​វា​សាហាវ​កាច​សាហាវហ្នឹង​ គេ​ត្រូវ​គេ ត្រូវ​ឆ្លង​ labor គេ​ត្រួត​ពិនិត្យ​សម្បើម​ណាស់​បាទ។​ កាលណា​គេ​ត្រួត​ពិនិត្យ​គេ​ធ្វើ​ហើយ​ គេ​ឃើញ​ថា​វា​បញ្ហា​បាន​គេ​ប្រកាស​ បើ​អត់​បញ្ហា​រឿង​អី​ប្រកាស​ ព្រោះ​ថា​ស្ថានប័ន​រដ្ឋ​មិន​ធ្វើ​តែ​ក្រសួង​ម្នាក់​ឯង​ឯណា​ មាន​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ផ្សេងៗ​ទៀត​របស់​អន្តរជាតិ​ទៀត​បាទ​»។

​លោក​បន្ថែម​ថា​ ក្រសួង​មិន​អាច​ធ្វើ​ការ​សន្និដា្ឋន​ណាមួយ​ដោយ​គ្មាន​ការ​ពិសោធន៍​ហ្មត់ចត់​នោះ​ឡើយ ហើយ​ថា​ ការ​សន្និដ្ឋាន​ខុស​លើ​ករណី​ការ​ឆ្លង​មេរោគ​នីមួយៗ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿចិត្ត​លើ​កិច្ចការ​របស់​ក្រសួង​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។

«​បើ​ធ្វើ​អញ្ចឹង​គឺ​ប្រជាជន​ គឺ​គេ​អត់ដឹង​ថា​ ទៅ​ជឿ​ម៉េច​បាទ ជឿ​ក្រសួង​ម៉េច​បាទ។ នេះ​ជា​រឿង​មួយ​សំខាន់​ណាស់​ បញ្ហា​សុខភាព​ជា​ទូទៅ​ បញ្ហា​ពេទ្យ​ បញ្ហា​អីហ្នឹង​ ប្រជាជន​គេ​ឈប់​ជឿ​ទៅ​ហើយ​ឥឡូវ​ អារឿង​ជំងឺ​អីទាំង​ហ្នឹង​ កាលណា​យើង​ម្តង​ប្រកាស​ថា​មាន​ ម្តង​ប្រកាស​ថា​អត់​ អញ្ចឹង​អាហ្នឹង​គឺ​ធ្វើ​ឲ្យ​មាន​បញ្ហា​ខ្លាំង​ណាស់​បាទ»។

VOA ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ម៉ម​ ប៊ុន​ហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​លោក​ លី​ សូវ៉ាន់ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ បាន​ទេ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ។

​ក៏ប៉ុន្តែ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​អំពី​សេចក្តី​អំពាវនាវ​របស់​លោក​ ម៉ម ប៊ុន​ហេង​ អំពី​វិធានការ​ការពារ​ការឆ្លង​វីរុស​ហ្ស៊ីកា​ ដែល​រួម​មាន​ការ​បំបាត់​ជម្រក​មូស​ខ្លា​ ​ដោយ​ធ្វើ​អនាម័យ​សំអាត​ជុំវិញ​ផ្ទះ​ ការ​ពារ​កុំ​ឲ្យ​មាន​ទឹកដក់​នៅ​ជុំវិញ​ផ្ទះ​ និង​ការ​ស្លៀកពាក់​ខោជើង​វែង​ អាវ​ដៃ​វែង​ និង​ស្រោម​ជើង​ ធ្វើ​យ៉ាងណា​គ្របដណ្តប់​ភាគ​ច្រើន​នៃ​រាងកាយ​ឲ្យ​ជិត។​ ចំពោះ​ស្រ្តី​ដែល​មាន​ផ្ទៃពោះ​ និង​រោគ​សញ្ញា​នៃការ​ឆ្លង​វីរុស​ហ្ស៊ីកា​ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ និង​គ្រូពេទ្យ​ដែល​មាន​ការ​បណ្តុះ​បណ្តាល​ត្រឹមត្រូវ។

រូបឯកសារ៖ បុរសម្នាក់​កំពុង​បាញ់​ថ្នាំ​សម្លាប់​មូស​នៅ​វត្ត​មួយ នៅ​ទីក្រុង​បាំងកក ប្រទេសថៃ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០១៦។
រូបឯកសារ៖ បុរសម្នាក់​កំពុង​បាញ់​ថ្នាំ​សម្លាប់​មូស​នៅ​វត្ត​មួយ នៅ​ទីក្រុង​បាំងកក ប្រទេសថៃ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០១៦។

​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា មេរោគ​ដែល​ឆ្លង​តាមរយៈ​មូស​មួយ​នេះ ដំបូង​ឡើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​មនុស្ស​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​មេរោគ​នេះ​រាលដាល​យ៉ាង​ឆាប់​រហ័ស វា​បាន​គំរាម​កំហែង​ដល់​សុខភាព​សាធារណៈ​ និង​ធ្វើ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។

ការ​ឆ្លង​ជំងឺ​ហ្ស៊ីកា​នេះ​ បច្ចុប្បន្ន​កំពុង​ប៉ះពាល់​ដល់​ប្រជាជន​ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង​ ដែល​បណ្ដាល​ឲ្យ​មាន​ភាព​ខុស​ប្រក្រតី​នៃ​ការ​ផ្តល់​កំណើត​ដល់​ទារក​ ជាពិសេស​ភាព​មិន​ប្រក្រតី​ដែល​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​ជា​ធម្មតា​នៃ​ក្បាល​របស់​ទារក។

វីរុស​នេះ​ក៏​ត្រូ​បាន​ចម្លង​តាមរយៈ​ការ​រួម​ភេទ​ ការ​បញ្ចូល​ឈាម ការ​ឆ្លង​ពី​ម្តាយ​ទៅ​កូន​ ហើយ​ក៏​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ខ្សោយ​នៃ​សាច់​ដុំ​ និង​រោគ​ខ្វិន​ដៃ​ជើង​ ដោយ​សារ​តែ​កោសិកា​ប្រសាទ​បាន​ខូច​ខាត​ដែល​គេ​ស្គាល់​ថា​ជា​អាការៈ​រោគ​ Guillain-Barre។ប្រទេស​សិង្ហបុរី​បាន​រាយការណ៍​អំពី​ករណី​នៃ​ការ​ឆ្លង​មេរោគ​ហ្ស៊ីកា​ជាង​២៤០​ករណី​ ខណៈ​ពេល​ដែល​ប្រទេស​ម៉ាឡេស៊ី និង​ថៃ​ ក៏​បាន​រាយការណ៍​អំពី​ការ​ឆ្លង​មេរោគ​នេះ​ផង​ដែរ។​

យោង​ទៅតាម​សេចក្តី​រាយការណ៍​របស់​កាសែត​ The Guardian ​នៅ​ចក្រភព​អង់គ្លេស ​ មាន​ប្រទេស​ចំនួន​ជិត​៣០​ប្រទេស​ បាន​រាយការណ៍​អំពី​វិកលភាព​ពី​កំណើត​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​មេរោគ​ហ្ស៊ីកា ​ដោយ​ក្នុង​នោះ​ មាន​ករណី​ទាក់ទង​នឹង​ភាព​មិន​ដំណើរ​ការ​បាន​ល្អ​នៃ​ប្រព័ន្ធ​ប្រសាទ​ចំនួន​២១០០​ករណី​ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បាន​កើតមាន​នៅ​ក្នុងប្រទេស​ប្រេស៊ីល​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។

ក្រសួង​សុខាភិបាល​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ រោគ​សញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេ​រោគ​ហ្ស៊ីកា​ ហើយ​បណ្តាល​ឲ្យ​មាន​ជំងឺ​ហ្ស៊ីកា​ រួមមាន​គ្រុនក្តៅ​ស្ទិញៗ​ និង​កន្ទួល​ក្រហម​លើ​ស្បែក។​ អ្នក​ឆ្លង​ខ្លះ​អាច​មាន​ភ្នែក​ឡើង​ក្រហម​ ឈឺ​សាច់​ដុំ​ ឈឺ​សន្លាក់​ និង​អស់​កម្លាំង​ជាដើម។​ រោគសញ្ញា​ទាំងនេះ​ជាធម្មតា​ជា​សះ​ស្បើយ​ក្នុង​រយៈពេល​ពី​២​ទៅ​៧ថ្ងៃ។ គេ​បាន​ប៉ាន់​ប្រមាណ​ថា​ ៨០​ភាគរយ​នៃ​មនុស្ស​ដែល​បាន​ឆ្លង​ជំងឺ​នេះ​ មិន​បាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទេ។

នៅ​ក្នុង​ការ​វិវត្ត​ថ្មី​នៃ​ការ​ទប់​ស្កាត់​ជំងឺ​ហ្ស៊ីកា ​ភ្នាក់ងារ​សុខភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​ថា​ មេ​រោគ​ហ្ស៊ីកា មិន​មែន​ជា​ភាព​អាសន្ន​នៃ​សុខ​ភាព​សម្រាប់​ពិភព​លោក​ទៀត​នោះ​ទេ៕

XS
SM
MD
LG