អង្គការសុខភាពពិភពលោក WHO បានប្រកាសព្រមានដល់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យមានការការពារប្រឆាំងនឹងការគំរាមកំហែងនៃវីរុស Zika ដែលឆ្លងតាមរយៈមូសខាំ ក្នុងខណៈពេលដែលមានការព្រួយបារម្ភនៅក្នុងតំបន់នេះដោយសារតែមានប្រជាពលរដ្ឋមួយចំនួនបានឆ្លងវីរុស Zika នេះ។
លោក Roderico Ofrin នាយកអង្គការសុខភាពពិភពលោកផ្នែកប្រកាសអាសន្ននៅក្នុងតំបន់ ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ចាំបាច់ត្រូវមានប្រព័ន្ធឃ្លាំមើលនិងប្រព័ន្ធរាយការណ៍ដែលមានប្រសិទ្ធភាពដើម្បីពិនិត្យទៅលើការរីករាលដាលនៃជំងឺនេះឲ្យបានដិតដល់។
លោក Ofrin បានឲ្យដឹងតាមរយៈអ៊ីម៉ែលរបស់លោកមកកាន់ VOA ថា៖«អង្គការសុខភាពពិភពលោក កំពុងសហការជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបន្តទប់ស្កាត់ ការពារ និងឆ្លើយតបទៅនឹងការឆ្លងមេរោគ Zika»៕