ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ទៅ​សួរ​សុខទុក្ខ​ទាហាន​នៅ​តំបន់ Donetsk


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​បាន​ទៅ​សួរ​សុខទុក្ខ​ទាហាន​នៅ​សមរភូមិ​ជួរ​មុខ។

លោក Zelenskyy បាន​បង្ហោះ​រូបថត​មួយ​ចំនួន​នៅ​លើ Telegram ដោយ​មិន​បញ្ជាក់​អំពី​ទីតាំង​ដែល​លោក​ថត​ជាមួយ​នឹង​ទាហាន​អ៊ុយក្រែន​នៅ​ក្នុង​រូបថត​ទាំង​នោះ។

លោក Zelenskyy និយាយ​ដូច្នេះ​ថា៖ «អ្នក​ការពារ​របស់​យើង​នៅ​សមរភូមិ​ជួរ​មុខ។ ថ្ងៃ​នេះ ខ្ញុំ​មក​ទី​នេះ​ដើម្បី​អបអរសាទរ​អ្នក​ប្រយុទ្ធ​របស់​យើង​នៅ​ទិវា​កងទ័ព​ម៉ារីន​អ៊ុយក្រែន»។

សេចក្ដី​ថ្លែងការណ៍​របស់​លោក Zelenskyy បាន​លើកឡើង​ថា៖ «បន្ទាប់ពី​ត្រឡប់​មកពី​ទស្សនកិច្ច​នៅ​បរទេស លោក​ប្រធានាធិបតី Zelenskyy បាន​ទៅ​កាន់​តំបន់​សមរភូមិ​ជួរ​មុខ​របស់​កង​កម្លាំង​អ៊ុយក្រែន​នៅ​ខ្សែ​ការពារ Vugledar-Maryinka ក្នុង​តំបន់ Donetsk»។

មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​បាន​ធ្វើ​ទស្សនកិច្ច​ជា​ច្រើន​ដង​ទៅ​កាន់​សមរភូមិ​ជួរ​មុខ​តាំង ពី​ពេល​ដែល​រុស្ស៊ី​បាន​ធ្វើ​ការ​ឈ្លានពាន​ពេញ​ទំហឹង​លើ​អ៊ុយក្រែន​កាលពី​ឆ្នាំមុន​មក។ នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ដើម្បី​ស្នើ​សុំ​ជំនួយ​យោធា​ថ្មី និង​ផ្ដល់​ហេតុផល​ដល់​សម្ព័ន្ធមិត្ត​ឱ្យ​ផ្ដល់​យន្តហោះ​ចម្បាំង​ទំនើប​ដើម្បី​ជួយ​កងទ័ព​អ៊ុយក្រែន។

លេខាធិការ​កងទ័ព​ជើង​អាកាស​សហរដ្ឋ​អាមេរិក​លោក Frank Kendall បាន​និយាយ​ថា ការ​សម្រេច​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង F-16 ដល់​អ៊ុយក្រែន «នឹង​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ខែ»។
ដោយ​និយាយ​ជាមួយ​អ្នក​កាសែត​នៃ​គម្រោង​ក្រុម​អ្នក​និពន្ធ​ផ្នែក​ការពារ (Defense Writers Group) នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ចន្ទ លោក Kendall បាន​បញ្ជាក់​ថា យន្តហោះ F-16 «នឹង​ផ្ដល់​ដល់​អ៊ុយក្រែន​នូវ​សមត្ថភាព​បណ្ដោះអាសន្ន​ដែល​ពួកគេ​មិន​មាន​នៅ​ពេល​ឥឡូវ​នេះ ប៉ុន្តែ​វា​នឹង​មិន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​អ្វី​ខ្លាំងក្លា​នោះ​ទេ»។

លោក​បាន​បន្ថែម​ដោយ​យោង​លើ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដែល​នៅ​ផ្ទាល់​ដី​ថា៖ «កន្លង​មក កម្លាំង​ទ័ព​អាកាស​មិន​មែន​ជា​កត្តា​សម្រេច​ចុងក្រោយ​នោះ​ទេ។ យន្តហោះ​ចម្បាំង F-16 នឹង​ជួយ​អ៊ុយក្រែន ប៉ុន្តែ​វា​នឹង​មិន​ធ្វើ​ឱ្យ​ប្រែប្រួល​ជា​ដុំ​កំភួន​ណា​មួយ​នោះ​ឡើយ»៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន AFP។

XS
SM
MD
LG