ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ធ្វើ​ទស្សនកិច្ច​ទៅ​អាមេរិក​ដើម្បី​ពិភាក្សា​ជាមួយ​លោក Biden និង​ថ្លែង​សុន្ទរកថា​ទៅកាន់​សភា


រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelenskyy ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelenskyy ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សេតវិមាន​និង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សម័យ​ប្រជុំ​រួម​របស់​សភា​ទាំង​ពីរ​ថ្នាក់​របស់​សហរដ្ឋ​អាមេរិក។

នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​លោក​ទៅ​ក្រៅ​ប្រទេស តាំងពី​ពេល​ដែល​ប្រទេស​រុស្ស៊ី​បាន​ចាប់ផ្ដើម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ​មក។

លោក Zelenskyy បាន​សរសេរ​នៅ​លើ Twitter នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក «ដើម្បី​ពង្រឹង​ភាព​ធន់​និង​សមត្ថភាព​ផ្នែក​ការពារ​របស់​អ៊ុយក្រែន»។

មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​រដ្ឋាភិបាល​អាមេរិក​បាន​ប្រាប់​អ្នក​កាសែត​ថា ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​អញ្ជើញ​លោក Zelenskyy ឱ្យ​មក​ជួប​លោក ក្រុម​សន្តិសុខ​ជាតិ​របស់​លោក និង​គណៈរដ្ឋមន្ត្រី​របស់​លោក។

មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ការ​ពិភាក្សា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Zelenskyy នេះ​នឹង​រួម​មាន «ការ​ពិភាក្សា​ស៊ី​ជម្រៅ​ផ្នែក​យុទ្ធសាស្ត្រ​អំពី​វិធី​ឆ្ពោះ​ទៅ​មុខ​នៅ​សមរភូមិ​ប្រយុទ្ធ» សព្វាវុធ​និង​ការ​បណ្ដុះបណ្ដាល​អ្វី​ខ្លះ​ដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ដទៃ​ទៀត​អាច​ផ្ដល់​ជូន​ប្រទេស​អ៊ុយក្រែន និង​ជំនួយ​ផ្នែក​សេដ្ឋកិច្ច ថាមពល និង​មនុស្សធម៌។

មន្ត្រី​រូប​នេះ​បាន​ថ្លែង​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Biden នឹង​មាន​ឱកាស​ដើម្បី​គូស​បញ្ជាក់​បន្ថែម​ថា ការ​គាំទ្រ​នេះ​គឺ​មិន​ត្រឹមតែ​អំពី​អ្វី​ដែល​យើង​បាន​ធ្វើ​ពី​មុន​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អំពី​អ្វី​ដែល​យើង​នឹង​ធ្វើ​នៅ​ពេល​បច្ចុប្បន្ន​និង​អ្វី​ដែល​យើង​នឹង​បន្ត​ធ្វើ​រហូត​មិន​ថា​យូរ​ប៉ុណ្ណា​នោះ​ទេ»។

មន្ត្រី​រូប​នេះ​បាន​លើកឡើង​ថា សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី​សម្រាប់​ប្រទេស​អ៊ុយក្រែន​ដែល​នឹង​រួម​មាន​ប្រព័ន្ធ​មីស៊ីល Patriot ផង​ដែរ ដែល​ជា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ទំនើប​ជាង​អ្វី​ដែល​អ៊ុយក្រែន​អាច​មាន​លទ្ធភាព​ប្រើប្រាស់​បាន​ពី​មុន។

មន្ត្រី​រូប​នោះ​បាន​បន្ត​ថា សុន្ទរកថា​របស់​លោក Zelenskyy ទៅ​កាន់​សភា​សហរដ្ឋ​អាមេរិក​នឹង​បង្ហាញ​ជា​ពិសេស​អំពី​លក្ខណៈ​នៃ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​អ៊ុយក្រែន​ដែល​មាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំង​ពីរ​របស់​អាមេរិក។

មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Zelenskyy នេះ​បង្ហាញ​ឱ្យ​ឃើញ​អំពី​សារៈសំខាន់​ជា​និមិត្តរូប​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ប្រទេស​អ៊ុយក្រែន និង​កន្លែង​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក ដោយ​ផ្ដល់​ឱកាស​ឱ្យ «គូស​បញ្ជាក់​អំពី​ការ​តាំងចិត្ត​ជា​បន្ត​រហូត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​អ៊ុយក្រែន»៕

XS
SM
MD
LG