ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធថាប្រទេសរបស់លោកនឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយដែលត្រូវដាក់មកលើខ្លួនដោយប្រទេសផ្សេងទៀត ដើម្បីបញ្ចប់ការឈ្លានពានរយៈពេល៣១ខែរបស់ប្រទេសរុស្ស៊ីនោះទេ។ លោក Zelenskyy ថ្លែងដូចនេះ ដោយចោទសួរពីគោលបំណងរបស់ចិននិងប្រេស៊ីលនៅក្នុងការជំរុញឱ្យមានការចរចាជាមួយរុស្ស៊ី។
ផ្ទុយទៅវិញ លោក Zelenskyy បានអំពាវនាវឱ្យអនុម័តសំណើរយៈពេល ២ឆ្នាំរបស់លោក ដើម្បីធ្វើឱ្យមានឡើងវិញនូវព្រំដែនដែលទទួលស្គាល់ដោយអន្តរជាតិរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលជាប្រទេសជិតខាង មុនពេលរដ្ឋាភិបាលក្រុងមូស្គូរឹបអូសជាឯកតោភាគីនូវឧបទ្វីប Crimean នៅក្នុងឆ្នាំ២០១៤ ហើយបន្ទាប់មកបានឈ្លានពានអ៊ុយក្រែននៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ រដ្ឋាភិបាលក្រុងមូស្គូឥឡូវនេះត្រួតត្រាទឹកដីអ៊ុយក្រែនប្រហែល១ភាគ៥។
លោក Zelenskyy បាននិយាយទៀតថា«យើងត្រូវតែលើកតម្កើងធម្មនុញ្ញអង្គការសហ ប្រជាជាតិហើយនិងធានាសិទ្ធិរបស់យើង សិទ្ធិរបស់អ៊ុយក្រែនដើម្បីការពារបូរណភាពនិងអធិបតេយ្យភាព ដូចដែលយើងធ្វើសម្រាប់ប្រទេសដ៏ទៃទៀត។ យើងចាំបាច់ត្រូវដកកងទ័ពឈ្លានពានរុស្ស៊ី ដែលនឹងបញ្ចប់អរិភាពនៅក្នុងប្រទេសអ៊ុយក្រែន»។
លោក Zelenskyy បានប្រាប់មហាសន្និបាតដែលមានសមាជិក១៩៣ប្រទេសថា«អ៊ុយ ក្រែននឹងមិនសុខចិត្តទទួលយកទេ។ ហេតុអ្វីមាននរណាម្នាក់នៅក្នុងពិភពលោកជឿថាអាណានិគមព្រៃផ្សៃដូចអតីតកាលដែលមិនផ្តល់ផលប្រយោជន៍ដល់អ្នកណាម្នាក់បែបនេះ អាចត្រូវធ្វើលើអ៊ុយក្រែនបាននៅពេលឥឡូវនេះ»។
លោក Zelenskyy បានបន្ថែមទៀតថាគ្រប់ប្រទេសទាំងអស់«រួមទាំងប្រទេសចិនប្រេស៊ីល បណ្តាប្រទេសអឺរ៉ុប អាហ្វ្រិក និងមជ្ឈឹមបូព៌ាសុទ្ធតែយល់ហើយថាហេតុអ្វីការណ៍នេះត្រូវតែស្ថិតនៅក្នុងអតីតកាល។ ហើយប្រជាពលរដ្ឋអ៊ុយក្រែន នឹងមិនសុខចិត្តទទួលយកទេ៕
វេទិកាបញ្ចេញមតិ