យោធាសហរដ្ឋអាមេរិកត្រូវគេរំពឹងនឹងប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយសម្រាប់អ៊ុយក្រែននៅសប្តាហ៍នេះដែលមានតម្លៃរហូតដល់៣៧៥លានដុល្លារដែលជាជំនួយដ៏ធំបំផុតបានបញ្ជូនទៅឱ្យរដ្ឋាភិបាលក្រុងកៀវចាប់តាំងពីខែឧសភាមក។
តាមមន្ត្រីសហរដ្ឋអាមេរិកជាច្រើនដែលបាននិយាយប្រាប់វីអូអេក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាពីកញ្ចប់ជំនួយនេះមុនពេលប្រកាស ជំនួយសម្រាប់រដ្ឋាភិបាលក្រុងកៀវត្រូវគេរំពឹងនឹងត្រូវប្រកាសយ៉ាងឆាប់នៅថ្ងៃពុធនេះ។
មន្ត្រីម្នាក់បានប្រាប់វីអូអេថាកញ្ចប់ជំនួយនេះទំនងនឹងរួមបញ្ចូលទាំងគ្រាប់រំសេវសម្រាប់បាញ់ពីអាកាសទៅដីសម្រាប់យន្តហោះចំបាំងធុន F-16 ដែលនឹងអនុញ្ញាតឱ្យអ្នកបើកបរយន្តហោះអ៊ុយក្រែនប្រតិបត្តិការឆ្ងាយពីជួរមុខនិងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។
មន្ត្រីរូបនោះបន្ថែមទៀតថាកញ្ចប់ជំនួយនេះក៏រួមមានគ្រាប់រំសេវសម្រាប់កាំភ្លើងផ្លោងHIMARS នាវាយាមល្បាតនិងរថពាសដែក រួមជាមួយគ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្រ ១០៥ មីលីម៉ែត្រនិងកាំជ្រួចមីស៊ីលTOW ផងដែរ។
បើតាមពួកមន្ត្រីសហរដ្ឋអាមេរិក កញ្ចប់ជំនួយនេះនៅមិនទាន់សម្រេចចុងក្រោយនៅឡើយហើយអាចផ្លាស់ប្តូរដែលត្រូវបញ្ជូននៅក្រោមអំណាចការចំណាយរបស់ប្រធានាធិបតីដែលអនុញ្ញាតឱ្យក្រសួងការពារជាតិអាមេរិកបញ្ជូនឱ្យអ៊ុយក្រែនដោយផ្ទាល់ពីឃ្លាំងអាវុធយោធាអាមេរិក។
ក្រសួងការពារជាតិអាមេរិកមានប្រាក់នៅសល់ជាង៥ពាន់លានដុល្លារនៃប្រាក់ទាំងអស់៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនដែលត្រូវបានចុះហត្ថលេខាឱ្យទៅជាច្បាប់ដោយលោកប្រធានាធិបតីJoe Biden កាលពីខែមេសាហើយអាចផុតកំណត់នៅចុងខែនេះ។ ក្រសួងការពារជាតិអាមេរិកនិយាយទៀតថាខ្លួនកំពុងធ្វើការជាមួយសភាដើម្បីបញ្ចេញថវិកាដែលនៅសេសសល់ទៅឆ្នាំសាពើពន្ធថ្មីរបស់សហរដ្ឋអាមេរិកដែលចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា។
ពួកមន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថាការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Zaporizhzhiaភាគខាងត្បូងបានសម្លាប់មនុស្សម្នាក់និងធ្វើឱ្យ៦នាក់ទៀតរងរបួស៕