ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ថា សង្គ្រាម «ត្រូវតែ​និង​អាច​បញ្ឈប់​បាន»


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង Kherson ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង Kherson ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា «ការ​បញ្ឈប់​អរិភាព​ទាំងស្រុង​និង​ពិត​ប្រាកដ» អាច​លេច​ចេញ​ជា​រូបរាង​បាន ប្រសិនបើ​ប្រទេស​រុស្ស៊ី​ដក​កងទ័ព​ទាំង​អស់​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ុយក្រែន ហើយ​អ៊ុយក្រែន​អាច​គ្រប់គ្រង​ឡើង​វិញ​លើ​ដែនដី​របស់​ខ្លួន​នៅ​តាម​បណ្ដោយ​ព្រំដែន​រុស្ស៊ី។

លោក Zelenskyy បាន​ថ្លែង​តាម​អនឡាញ​ទៅ​កាន់​កិច្ច​ប្រជុំ​របស់​បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G-20 ដែល​កំពុង​ធ្វើ​ឡើង​នៅ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី​ថា ការ​ពន្យារពេល​ណា​មួយ​នៅ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នេះ​មាន​ន័យ​ថា​ពលរដ្ឋ​អ៊ុយក្រែន​បន្ថែម​ទៀត​នឹង​ស្លាប់​ហើយ​ពិភពលោក​នឹង​រង​ការ​គំរាម​កំហែង​បន្ថែម​ទៀត។

លោក Zelenskyy បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​ជឿ​ថា ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​សង្គ្រាម​បំផ្លិចបំផ្លាញ​របស់​រុស្ស៊ី​ត្រូវតែ​និង​អាច​បញ្ឈប់​បាន»។

ការលើកឡើង​របស់​លោក Zelenskyy នេះ បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក​បាន​ធ្វើ​ទស្សនកិច្ច​កាលពី​ថ្ងៃ​ចន្ទ​ទៅ​កាន់​ទីក្រុង Kherson ដែល​ទើប​ត្រូវ​បាន​រំដោះ​ថ្មីៗ ដែល​នៅ​ទីនោះ​លោក​បាន​ប្រាប់​កងទ័ព​អ៊ុយក្រែន​ថា ប្រទេស​អ៊ុយក្រែន «ត្រៀម​លក្ខណៈ​រួចរាល់​ហើយ​ដើម្បី​សន្តិភាព»។

វត្តមាន​របស់​លោក Zelenskyy នៅ​ក្នុង​ទីក្រុង Kherson នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​កងទ័ព​រុស្ស៊ី​បាន​ដកថយ​ចេញ​ពី​ទីក្រុង​នេះ ដែល​នេះ​គឺ​ជា​ការ​ចាញ់​ដ៏​ធំ​បំផុត​មួយ​សម្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​ដណ្ដើម​បាន​មក​វិញ​របស់​អ៊ុយក្រែន​នូវ​ទីក្រុង Kherson គឺ​ជា «ជ័យជម្នះ​ដ៏​សំខាន់​មួយ» សម្រាប់​រដ្ឋាភិបាល​អ៊ុយ ក្រែន។

លោក Biden បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​គ្មាន​អ្វី​ក្រៅ​ពី​ការ​អបអរសាទរ​ចំពោះ​ភាព​ក្លាហាន ការ​តាំងចិត្ត និង​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​និង​កងទ័ព​អ៊ុយក្រែន​នោះ​ទេ។ ពួកគេ​អស្ចារ្យ​ណាស់»។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ណា​មួយ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Zelenskyy ទៅ​កាន់​ទីក្រុង Kherson ប៉ុន្តែ​បាន​និយាយ​ថា «ដែនដី​នេះ​គឺ​ជា​ផ្នែក​មួយ​របស់​ប្រទេស​រុស្ស៊ី»៕

XS
SM
MD
LG