ការសិក្សានាពេលថ្មីៗនេះដោយទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកលើសិទ្ធិមនុស្ស ហៅកាត់ថា UNHCR បានព្រមានថា ជនភៀសខ្លួនអ៊ុយក្រែន និងអ្នកបាត់បង់ជម្រករាប់លាននាក់កំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ស្របពេលអ៊ុយក្រែនឈានជើងចូលក្នុងឆ្នាំទីបីនៃសង្រ្គាមជាមួយរុស្ស៊ី និងការតស៊ូដើម្បីបន្តរស់រានរបស់អ៊ុយក្រែនកំពុងប្រឈមនឹងការក្លាយជាវិបត្តិកាន់តែរ៉ាំរ៉ៃ។
ប្រធានប្រចាំតំបន់របស់ទីភ្នាក់ងារ UNHCR នៅអឺរ៉ុប លោក Philippe Leclerc បាននិយាយក្នុងពេលថ្មីៗនេះក្នុងសម្តីដើមថា៖ «បន្ទាប់ពីសង្រ្គាមទ្រង់ទ្រាយធំរយៈពេលពីរឆ្នាំនៅអ៊ុយក្រែន ខណៈពេលមានការបំផ្លិចបំផ្លាញដ៏មហិមា និងការបាញ់ប្រហារដោយយុទ្ធភណ្ឌធុនធ្ងន់ ក៏ដូចជា ការវាយប្រហារដោយគ្រាប់មីស៊ីលនៅទូទាំងប្រទេស អនាគតរបស់មនុស្សរាប់លាននាក់ ដែលបានបាត់បង់ទីជម្រក នៅតែក្រសោបក្នុងភាពមិនប្រាកដប្រជា»។
ថ្លែងនៅក្រុងអាថែន ប្រទេសក្រិក លោក Leclerc បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រុងហឺ្សណែវថា ការរកឃើញនៅដំណាក់កាលបឋមនៃការសិក្សាបង្ហាញថា ភាគច្រើននៃអ្នកដែលត្រូវបានស្ទង់មតិបានបង្ហាញបំណងវិលត្រឡប់មកមាតុភូមិវិញនៅថ្ងៃណាមួយ។ លោកបានកត់សម្គាល់ថា «ចំនួននេះបានថយចុះ ដោយសារតែមនុស្សកាន់តែច្រើនបានបង្ហាញភាពមិនប្រាកដប្រជាដោយសារតែសង្រ្គាមកំពុងនៅបន្តកើតឡើង»។
ការសិក្សារបស់ទីភ្នាក់ងារ UNHCR គឺផ្អែកលើបទសម្ភាសន៍ ដែលត្រូវបានធ្វើឡើងនៅខែមករា និងខែកុម្ភៈ ជាមួយនឹងជនភៀសខ្លួនអ៊ុយក្រែន អ្នកបាត់បង់ទីលំនៅក្នុងប្រទេស និងសមាជិកគ្រួសារអ្នកវិលត្រឡប់មកវិញទាំងនៅក្នុងនិងក្រៅប្រទេស ប្រមាណ ៩.៩០០នាក់។
លោក Leclerc បានថ្លែងថា៖ «អ្នកដែលបាត់បង់ទីលំនៅ ដែលត្រូវបានស្ទង់មតិ បានលើកឡើងពីអសន្តិសុខដែលកំពុងកើតមាននៅអ៊ុយក្រែន ជាកត្តាចម្បងនៅក្នុងការរារាំងការវិលត្រឡប់របស់ពួកគេ ស្របពេលការព្រួយបារម្ភដទៃទៀតរួមមាន កង្វះខាតឱកាសសេដ្ឋកិច្ច និងបញ្ហាទីលំនៅ»។
ថ្ងៃសៅរ៍ ទី២៤ កុម្ភៈ នេះកំណត់ជាខួបពីរឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នៅក្នុងការរំឭកដ៏ច្បាស់មួយពីការខាតបង់ដោយសង្រ្គាម ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) និយាយថា ជនស៊ីវិលយ៉ាងហោចណាស់ ១០.០០០នាក់ត្រូវបានសម្លាប់ ហើយជាង ១៨.០០០នាក់បានរងរបួស។ ជនអ៊ុយក្រែនជិត ៦.៥លានាក់បានស្វែងរកទីស្នាក់អាស្រ័យនៅទូទាំងសាកលលោក ខណៈមនុស្សប្រមាណ ៣.៧លាននាក់ត្រូវបាត់បង់ទីលំនៅដោយបង្ខំនៅក្នុងប្រទេស។
លោក Leclerc បានថ្លែងថា៖ «ស្របពេលសង្រ្គាមរំកិលទៅមុខ ស្ថានភាពមនុស្សធម៌នៅតែអាក្រក់ខាងក្នុងអ៊ុយក្រែន ជាទីដែលប្រជាជនប្រមាណ ៤០ភាគរយ ឬ១៤,៦លាននាក់ កំពុងត្រូវការជំនួយមនុស្សធម៌ និងការការពារ» ដោយលោកកត់សម្គាល់ថា សប្តាហ៍នេះក៏កត់សម្គាល់រយៈពេល ១០ឆ្នាំចាប់តាំងពី «សង្រ្គាមនៅភាគខាងកើតអ៊ុយក្រែនបានចាប់ផ្តើម» ផងដែរ។
បើទោះបីជាសង្រ្គាមមិនបានបង្ហាញសញ្ញាស្រាកស្រាន្ត លោក Leclerc ថា ជនភៀសខ្លួនអ៊ុយក្រែន ៥៩ភាគរយដែលត្រូវបានស្ទង់មតិនិយាយថា ពួកគេមានការជំរុញចិត្តនឹងវិលត្រឡប់មកមាតុភូមិវិញ «ប្រសិនបើពួកគេបន្តប្រឈមនឹងបញ្ហាប្រឈមផ្សេងៗនៅក្នុងប្រទេសដែលពួកគេកំពុងស្នាក់អាស្រ័យ ដែលភាគច្រើនពាក់ព័ន្ធនឹងឱកាសការងារ និងស្ថានភាពផ្លូវច្បាប់»។
ដោយឡែក លោក Leclerc បានលើកឡើងថា ការសិក្សាបង្ហាញថា បើទោះបីជាមានការប្រយុទ្ធគ្នា ជនភៀសខ្លួនមួយចំនួនស្ម័គ្រចិត្តវិលត្រឡប់មកមាតុភូមិវិញ ដោយសារតែបញ្ហាប្រឈមដែលពួកគេជួបប្រទះនៅក្រៅប្រទេស។ នេះគឺ ដោយសារការបែកចេញពីគ្រួសារ និងភាពសោកសៅរបស់ពួកគេចំពោះការណ៍ដែលបុរសក្នុងគ្រួសារមួយចំនួនបន្តស្ថិតនៅអ៊ុយក្រែន។
លោកបានថ្លែងថា៖ «របាយការណ៍បង្ហាញថា ការជួបជុំគ្រួសារឡើងវិញ គឺជា កត្តាជំរុញចម្បងសម្រាប់ជនភៀសខ្លួន ដែលបានវិលត្រឡប់មកមាតុភូមិវិញជាអចិន្ត្រៃយ៍»។
លោក Dusan Vujasanin ជាប្រធានការិយាល័យតាមដាននៃគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដែលតាមដានជម្លោះប្រដាប់អាវុធរវាងរុស្ស៊ីនិងអ៊ុយក្រែន។ លោកនិយាយថា ការងាររបស់លោកគឺ ស្វែងយល់ពីជោគវាសនា និងទីកន្លែងរបស់អ្នកដែលបាត់ខ្លួននៅក្នុងជម្លោះនេះ។
លោកបានថ្លែងថា មកទល់ពេលនេះ «នៅមានមនុស្ស ២៣.០០០នាក់ ដែលត្រូវបានរាយការណ៍ទៅកាន់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមថា បានបាត់ខ្លួន ហើយចំនួននេះបន្តកើនឡើង»។
លោក Vujasanin និយាយថា ទាំងរុស្ស៊ី និងអ៊ុយក្រែន បានគោរពតាមកាតព្វកិច្ចចែងក្រោមសន្ធិសញ្ញាក្រុងហ្សឺណែវ ឱ្យបង្កើតការិយាល័យព័ត៌មានជាតិ។
លោក Vujasanin បានបន្តថា អ្នកដែលស្វែងរកសមាជិកគ្រួសារបានទាក់ទងទៅគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមប្រចាំថ្ងៃ។ លោកបានថ្លែងក្នុងសម្តីដើមថា៖ «យើងត្រូវបានគ្រួសារនានាទាក់ទងមកនៅក្នុងរយៈពេលពីរឆ្នាំមកនេះជាង ១០០.០០០ដង ហើយនៅក្នុងរយៈពេលនោះ យើងបានបើកសំណើជាង ៣១.០០០ ដើម្បីស្វែងរកអ្នកបាត់ខ្លួន»។
លោកបាននិយាយទៀតថា មកទល់ពេលនេះ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមអាចបញ្ជាក់ពីជោគវាសនាមនុស្ស ៨.០០០នាក់ នៅក្នុងចំណោមអ្នកបាត់ខ្លួន ៣១.០០០នាក់ ហើយបានផ្តល់ព័ត៌មានដល់គ្រួសារពីជោគវាសនា និងទីកន្លែងរបស់ពួកគេ។
ប៉ុន្តែលោកបានលើកឡើងថា ការងារនេះនៅមិនទាន់ចប់នៅឡើយទេ ដោយសារនៅមាន ២៣.០០០គ្រួសារ ដែលមិនទាន់ទទួលបានព័ត៌មានពីអ្វីដែលបានកើតឡើងចំពោះសាច់ញាតិរបស់ពួកគេនៅឡើយ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
វេទិកាបញ្ចេញមតិ