យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១១ គ្រឿងនិងមីស៊ីលបញ្ជា ២ គ្រាប់ ដែលរុស្ស៊ីបានបាញ់នៅក្នុងការវាយប្រហារកាលពីយប់មិញ។
កងទ័ពជើងអាកាសអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីបានប្រើដ្រូនសរុប ១៣ គ្រឿង និងមីស៊ីល ៥ គ្រាប់នៅក្នុងការវាយប្រហារតាមអាកាសនេះសំដៅលើតំបន់ Kharkiv តំបន់ Sumy តំបន់ Dnipropetrovsk តំបន់ Khmelnytskyi និងតំបន់ Kirovohrad។
គេមិនឃើញមានសេចក្ដីរាយការណ៍ណាមួយភ្លាមៗអំពីការខូចខាតនិងការស្លាប់និងរបួសនោះទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា ការប្រជុំរបស់បណ្ដាមេដឹកនាំអឺរ៉ុបកាលពីថ្ងៃចន្ទគឺរួមបញ្ចូលផងដែរនូវការពិភាក្សាអំពីបរិមាណសព្វាវុធរបស់អ៊ុយក្រែន សមត្ថភាពរបស់អ៊ុយក្រែនក្នុងការផលិតសព្វាវុធ ការផ្គត់ផ្គង់សព្វាវុធរបស់សម្ព័ន្ធមិត្តដល់អ៊ុយក្រែន និងការគាំទ្រជាបន្តដល់ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានកោះប្រជុំនេះជាមួយនឹងបណ្ដាមេដឹកនាំអឺរ៉ុប ២០ រូបនៅក្នុងទីក្រុងប៉ារីស និងបាននិយាយថា «រុស្ស៊ីមិនអាចនិងមិនត្រូវឈ្នះសង្គ្រាមនេះជាដាច់ខាត»។
លោក Macron បានលើកឡើងថា បើទោះបីជាមិនមានផែនការរួចជាស្រេចដើម្បីបញ្ជូនទាហានបស្ចិមប្រទេសទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ ក៏លទ្ធភាពគឺនៅតែមាន។
លោក Macron បានបន្ថែមថា មន្ត្រីអឺរ៉ុបបានឯកភាពថា ពួកគេគួរត្រៀមខ្លួនសម្រាប់ការវាយប្រហារដែលរុស្ស៊ីអាចធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ និងថាកិច្ចប្រឹងប្រែងបន្ថែមទៀតគឺត្រូវការចាំបាច់ដើម្បីជួយអ៊ុយក្រែនទាំងផ្នែកហិរញ្ញវត្ថុនិងផ្នែកយោធា។
បន្ទាប់ពីការប្រជុំនេះ ប្រទេសហូឡង់បានប្រកាសថាពួកគេនឹងរួមចំណែកថវិកា ១០៨ លានដុល្លារទៅក្នុងគម្រោងផ្ដួចផ្ដើមរបស់ប្រទេសឆែកក្នុងការទិញគ្រាប់រំសេវសម្រាប់អ៊ុយក្រែនពីប្រទេសនានានៅជុំវិញពិភពលោក។
នាយករដ្ឋមន្ត្រីឆែកលោក Petr Fiala បាននិយាយនៅក្រោយការប្រជុំនៅទីក្រុងប៉ារីសនោះថា ប្រទេសប្រហែល ១៥ បានបង្ហាញចំណាប់អារម្មណ៍នៅក្នុងគម្រោងផ្ដួចផ្ដើមនេះ ដែលគម្រោងនេះផ្ដោតលើការស្វែងរកគ្រាប់កាំភ្លើងធំដែលត្រូវការចាំបាច់ជាបន្ទាន់នៅលើទីផ្សារនានាលើពិភពលោកសម្រាប់ប្រទេសអ៊ុយក្រែន៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ