ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ​ហៅ​ជំនួយ​អាមេរិក​ថា​ជា​ការ​វិនិយោគ​លើ​សន្តិសុខ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា​​សហរដ្ឋ​អាមេរិក ខណៈ​ប្រធាន​រដ្ឋសភា លោកស្រី Nancy Pelosi អនុប្រធានាធិបតី​លោកស្រី Kamala Harris ទះដៃ​នៅ​ពី​ក្រោយ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា​​សហរដ្ឋ​អាមេរិក ខណៈ​ប្រធាន​រដ្ឋសភា លោកស្រី Nancy Pelosi អនុប្រធានាធិបតី​លោកស្រី Kamala Harris ទះដៃ​នៅ​ពី​ក្រោយ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ចប់​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃ​ពុធ ដោយ​ការ​ថ្លែង​សុន្ទរកថា​ពោរពេញ​ដោយ​ការ​រំជួល​ចិត្ត​នៅ​ពី​មុខ​សភា​ទាំង​ពីរ​ថ្នាក់​របស់​សហរដ្ឋ​អាមេរិក ដោយ​លោក​បាន​និយាយ​ថា ការ​តស៊ូ​របស់​ប្រទេស​អ៊ុយក្រែន «នឹង​កំណត់​អំពី​ពិភពលោក​មួយ​ដែល​កូនៗ​និង​ចៅៗ​របស់​យើង​នឹង​រស់នៅ»។

លោក Zelenskyy បាន​បញ្ជាក់​ថា៖ «ទោះបីជា​មើល​ទៅ​ហាក់​មិន​អាច​ទៅ​រួច​និង​ស្ថិត​ក្នុង​ស្ថានភាព​អស់​សង្ឃឹម​ក៏ដោយ ក៏​ប្រទេស​អ៊ុយក្រែន​មិន​បាន​ដួល​នោះ​ទេ។ អ៊ុយក្រែន​គឺ​នៅ​រស់​និង​មាន​ភាព​រស់​រវើក»។

លោក Zelenskyy ដែល​ថ្លែង​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​សុន្ទរកថា​របស់​លោក បាន​អរគុណ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ផ្គត់ផ្គង់​សព្វាវុធ​និង​ហិរញ្ញវត្ថុ។

លោក​បាន​ធានា​ចំពោះ​សភា​អាមេរិក​ថា៖ «ថវិកា​របស់​អ្នក​មិន​មែន​ជា​ការ​ធ្វើ​ទាន​ទេ។ វា​គឺ​ជា​ការ​វិនិយោគ​លើ​ផ្នែក​សន្តិសុខ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក ដែល​យើង​ធ្វើ​ឡើង​តាម​វិធី​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត»។


លោក Zelenskyy បាន​និយាយ​ថា បើ​ទោះបីជា​ប្រទេស​រុស្ស៊ី​មាន​ប្រៀប​ផ្នែក​កាំភ្លើង​ធំ គ្រាប់​រំសេវ មីស៊ីល និង​យន្តហោះ​ចម្បាំង​ក៏ដោយ ក៏ «កង​កម្លាំង​ការពារ​របស់​យើង​នៅតែ​ឈរ​រឹងមាំ» ដដែល។

លោក​បាន​បន្ថែម​ថា៖ «អ៊ុយក្រែន​នៅ​រក្សា​គោល​ជំហរ​របស់​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​ហើយ​នឹង​មិន​ចុះចាញ់​នោះ​ឡើយ»។

លោក Zelenskyy បាន​បញ្ចប់​សុន្ទរកថា​របស់​លោក​ដោយ​បង្ហាញ​ជូន​សភា​អាមេរិក​នូវ​ទង់ជាតិ​អ៊ុយក្រែន​មួយ​នៅ​ក្នុង​សង្គ្រាម​ដែល​លោក​ទទួល​បាន​ពី​កងកម្លាំង​ការពារ​អ៊ុយក្រែន​នៃ​ទីក្រុង Bakhmut នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន។ តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន​នេះ​គឺ​ជា​កន្លែង​ដែល​កងទ័ព​អ៊ុយក្រែន​បាន​ប្រឡូក​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​ជា​ច្រើន​ខែ​ជាមួយ​នឹង​កងទ័ព​រុស្ស៊ី។


ជា​ការ​តប​ត្រឡប់​មក​វិញ ប្រធាន​រដ្ឋសភា​អាមេរិក​អ្នកស្រី Nancy Pelosi បាន​ប្រគល់​ជូន​លោក​នូវ​ទង់​ជាតិ​សហរដ្ឋ​អាមេរិក​ដែល​បាន​បង្ហោះ​ពី​លើ​សភា​អាមេរិក​កាលពី​ថ្ងៃ​ពុធ។

កាលពី​ព្រឹក​ថ្ងៃ​ពុធ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ស្វាគមន៍​លោក Zelenskyy មក​កាន់​សេតវិមាន។ ដំណើរ​ទស្សនកិច្ច​របស់​លោក Zelenskyy នេះ​គឺ​ជា​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​លោក​ទៅ​ក្រៅ​ប្រទេស​តាំង​ពី​ពេល​ដែល​រុស្ស៊ី​បាន​បើក​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ​មក។

លោក Biden បាន​និយាយ​ថា ប្រជាពលរដ្ឋ​អាមេរិកាំង «បាន​ឈរ​យ៉ាង​មាន​មោទនភាព» ជាមួយ​នឹង​ប្រជាពលរដ្ឋ​អ៊ុយក្រែន។

លោក Biden បាន​បន្ថែម​ថា៖ «គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​រួម​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​យើង​នៅ​ទ្វីប​អឺរ៉ុប​និង​ប្រទេស​ជប៉ុន​និង​កន្លែង​ផ្សេងៗ​ទៀត​ធ្វើ​យ៉ាង​ណា​ធានា​ថា​អ្នក​ទទួល​បាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ មនុស្សធម៌ និង​សន្តិសុខ​ដែល​ត្រូវការ» ដោយ​លោក​បាន​កត់​សម្គាល់​ថា វា​មាន​រយៈពេល ៣០០ ថ្ងៃ​ហើយ​តាំងពី​ពេល​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បើក «ការ​វាយ​ប្រហារ​ដ៏​ឃោរឃៅ​លើ​សិទ្ធិ​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​រស់រាន​ជា​ជាតិ​មួយ»។


លោក Zelenskyy បាន​ថ្លែង​អំណរគុណ​លោក Biden «អស់​ពី​ដួង​ចិត្ត» របស់​លោក​និង​របស់ «ពលរដ្ឋ​អ៊ុយក្រែន​ទាំង​អស់» សម្រាប់​ការ​គាំទ្រ​របស់​គណបក្ស​ទាំង​ពីរ​របស់​សហរដ្ឋ​អាមេរិក។

លោក Zelenskyy ក៏​បាន​ប្រគល់​ជូន​លោក Biden នូវ​មេដាយ Cross for Military Merit ដែល​ជា​កម្មសិទ្ធិ​របស់​ទាហាន​អ៊ុយក្រែន​ម្នាក់​ដែល​ជា​មេដឹកនាំ​ក្រុម​កងកម្លាំង​ប្រព័ន្ធ​បាញ់​រ៉ុក្កែត HIMARS ដែល​ផ្ដល់​ជូន​ដោយ​សហរដ្ឋ​អាមេរិក។ ទាហាន​រូប​នោះ​បាន​ស្នើ​ឱ្យ​លោក Zelenskyy ប្រគល់​មេដាយ​នេះ​ជូន​លោក Biden ដែល​ទាហាន​រូប​នោះ​ហៅ​ថា​ជា «ប្រធានាធិបតី​ដ៏​អង់អាច​ក្លាហាន»។

នៅ​ពេល​ទទួល​យក​មេដាយ​នោះ លោក Biden បាន​និយាយ​ថា លោក «មិន​សម​នឹង​ទទួល​បាន​មេដាយ​នេះ​ទេ» ប៉ុន្តែ​លោក «សូម​សម្ដែង​ការ​ដឹង​គុណ​យ៉ាង​ខ្លាំង» ចំពោះ​ការ​ទទួល​បាន​មេដាយ​នេះ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG