ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប​សន្យា​គាំទ្រ​អ៊ុយក្រែន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីនោះ


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen ថត​រូប​ជាមួយ​គ្នា​នៅ​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៣។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen ថត​រូប​ជាមួយ​គ្នា​នៅ​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​បង្ហាញ​សារ​គាំទ្រ​ប្រជាពលរដ្ឋ​អ៊ុយក្រែន ស្រប​ពេល​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​ព្រមាន​អំពី​ការ​ជំរុញ​ទៅ​មុខ​របស់​កងទ័ព​រុស្ស៊ី​នៅ​មុន​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen បាន​សរសេរ​នៅ​លើ Twitter ថា៖ «យើង​មក​ទី​នេះ​ទាំង​អស់​គ្នា​ដើម្បី​បង្ហាញ​ថា សហភាព​អឺរ៉ុប​គាំទ្រ​ប្រទេស​អ៊ុយក្រែន​យ៉ាង​រឹងមាំ​បំផុត​ជាង​ពេល​ណាៗ​ទាំង​អស់ និង​ដើម្បី​ពង្រឹង​ការ​គាំទ្រ​និង​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត»។

ប្រធាន​ផ្នែក​គោល​នយោបាយ​ការបរទេស​នៃ​សហភាព​អឺរ៉ុប​លោក Joseph Borrell បាន​និយាយ​ថា គណៈប្រតិភូ​សហភាព​អឺរ៉ុប​បាន​ទៅ​រដ្ឋធានី​កៀវ​ដើម្បី​បង្ហាញ​នូវ «សារ​គាំទ្រ​ដ៏​ខ្លាំងក្លា​បំផុត» របស់​សហភាព​អឺរ៉ុប «ចំពោះ​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ទាំង​អស់​ដែល​ការពារ​ប្រទេស​របស់​ខ្លួន»។

លោក​បាន​បន្ថែម​ថា សហភាព​អឺរ៉ុប​បាន​ឈរ​ជាមួយ​នឹង​អ៊ុយក្រែន​តាំងពី​ពេល​ដែល​សង្គ្រាម​របស់​រុស្ស៊ី​បាន​ចាប់ផ្ដើម​មក ហើយ​សហភាព​អឺរ៉ុប «នឹង​នៅតែ​ឈរ​ជាមួយ​នឹង​អ្នក​ដើម្បី​ឱ្យ​បាន​ជ័យជម្នះ​និង​កសាង [ប្រទេស] ឡើង​វិញ»។

ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប​និង​ថ្នាក់​ដឹកនាំ​អ៊ុយក្រែន​មាន​គម្រោង​ជួប​ប្រជុំ​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​សុក្រ​ស្អែក​ដើម្បី​ពិភាក្សា​អំពី​ការ​ឆ្លើយតប​របស់​សហភាព​អឺរ៉ុប​ចំពោះ​សង្គ្រាម​នេះ ការ​កសាង​ឡើង​វិញ​និង​កិច្ច​ប្រឹងប្រែង​មនុស្សធម៌ សន្តិសុខ​ស្បៀង​អាហារ​ពិភពលោក និង​សំណើ​របស់​អ៊ុយក្រែន​ក្នុង​ការ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​កាលពី​យប់​ថ្ងៃ​ពុធ​ថា រុស្ស៊ី​កំពុង​ព្យាយាម​សម្រេច​ឱ្យ​បាន​នូវ​ជ័យជម្នះ​មួយ​ចំនួន​នៅ​សមរភូមិ​ដើម្បី​បង្ហាញ​ឡើង​នៅ​ខួប​ឆ្នាំ​ដំបូង​នៃ​សង្គ្រាម​នេះ​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​ខាង​មុខ។

លោក​បាន​កត់សម្គាល់​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ជា​ការ​បង្កើន​នូវ​សកម្មភាព​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ដោយ​លោក​បាន​និយាយ​ថា ស្ថានការណ៍​នៅ​ទីនោះ «មាន​សភាព​កាន់តែ​អាក្រក់​ឡើង​ជាង​មុន​ទៅ​ទៀត»៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន AFP។

XS
SM
MD
LG