ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ជំទាស់​មិន​ឱ្យ​លោក Guterres មក​អ៊ុយក្រែន ក្រោយពី​លោក Guterres ទៅ​រុស្ស៊ី


រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (ស្តាំ) និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ផ្តល់សេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅទីក្រុង Kyiv នៅថ្ងៃទី៨ ខែមីនាឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (ស្តាំ) និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ផ្តល់សេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅទីក្រុង Kyiv នៅថ្ងៃទី៨ ខែមីនាឆ្នាំ២០២៣។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zenenskyy បាន​ជំទាស់​មិន​ឱ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​របស់​លោក ដោយសារតែ​លោក Guterres បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​មួយ​ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​ប្រភព​ជាន់ខ្ពស់​មួយ​រូប​នៅក្នុង​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​កាលពី​ថ្ងៃ​សុក្រ។

នៅក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស BRICS ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​រុស្ស៊ី​នៅក្នុង​ទីក្រុង Kazan លោក Guterres បាន​តាំងចិត្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ធ្វើ​យ៉ាងណា​ឱ្យ​មាន «សន្តិភាព​ដ៏​យុត្តិធម៌» នៅក្នុង​ប្រទេស​អ៊ុយក្រែន ដោយ​លោក​អំពាវនាវ​នៅក្នុង​សុន្ទរកថា​នៅ​ពី​មុខ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ឱ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​រយៈពេល​ជាង​ពីរ​ឆ្នាំ​កន្លង​មក​នេះ​នៅក្នុង​ប្រទេស​អ៊ុយក្រែន។

ប៉ុន្តែ ការ​ចូលរួម​របស់​លោក​នៅ​ក្នុង​កិច្ចប្រជុំ​របស់​មេដឹកនាំ​ចំនួន ២០ រូប​មកពី​ជុំវិញ​ពិភពលោក​ដែល​រួម​មាន​ទាំង​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ផងដែរ​នេះ បាន​ធ្វើ​ឱ្យ​អ៊ុយក្រែន​មិន​សប្បាយ​ចិត្ត។

ប្រភព​នៃ​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​នោះ​បាន​បញ្ជាក់​ថា៖ «បន្ទាប់ពី [ទៅ] តំបន់ Kazan លោក [Guterres] ចង់​មក​អ៊ុយក្រែន ប៉ុន្តែ​លោក​ប្រធានាធិបតី [Zelenskyy] មិន​បាន​បញ្ជាក់​អំពី​ទស្សនកិច្ច​របស់​លោក Guterres នេះទេ។ ដូច្នេះ​លោក Guterres នឹង​មិន​មក​អ៊ុយក្រែន​ទេ ជាពិសេស​ដោយសារតែ​សេចក្ដី​អាម៉ាស់​នៃ​ភាព​ត្រឹមត្រូវ​និង​ច្បាប់​អន្តរជាតិ​នៅក្នុង​តំបន់ Kazan»។

ក្រសួង​ការបរទេស​អ៊ុយក្រែន​បាន​រិះគន់​លើ​ការ​សម្រេចចិត្ត​របស់​លោក Guterres ក្នុង​ការ​ទៅ​តំបន់ Kazan ថា៖ «នេះ​គឺ​ជា​ជម្រើស​ដ៏​ខុសឆ្គង​ដែល​មិន​ជួយ​ដល់​បុព្វហេតុ​សន្តិភាព​នោះទេ។ វា​មាន​តែ​បំផ្លាញកិត្តិនាម​របស់​អង្គការ​សហប្រជាជាតិ​តែ​ប៉ុណ្ណោះ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG