ក្រុមហ៊ុនវីដេអូតាមអ៊ីនធឺណិត YouTube និយាយកាលពីសប្តាហ៍មុន (២៨ តុលា) ថា ប្រទេសវៀតណាមបានបង្ហាញកម្លាំងលើសពីមាឌរបស់ខ្លួនក្នុងពិភពលោក នៅពេលដែលប្រទេសនេះចំណាយពេលវេលាយ៉ាងច្រើននៅលើបណ្តាញ YouTube ជាងប្រទេសណាៗទាំងអស់។ ការប្រើប្រាស់បណ្តាញ YouTube យ៉ាងខ្លាំងរបស់ប្រទេសនេះ បានជួយធ្វើឲ្យអាស៊ីក្លាយជាទីតាំងសាកល្បងរបស់ក្រុមហ៊ុន YouTube ដែលជាឧទាហរណ៍ ក្រុមហ៊ុននេះបានបង្កើតកម្មវិធី Offline ក្រៅបណ្ដាញអ៊ីនធឺណិត ក្នុងទីផ្សារមួយចំនួន ដែលទីផ្សារទាំងនោះគឺសុទ្ធតែនៅទ្វីបអាស៊ីទាំងអស់។
ចំនួនប្រជាជនសរុបរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី១៤ នៅលើពិភពលោក ប៉ុន្តែប្រទេសនេះគឺស្ថិតក្នុងចំណោមទីផ្សារធំជាងគេទាំង១០របស់ YouTube សម្រាប់ការចំណាយពេលមើលវីដេអូ។ ក្រុមហ៊ុននេះបានប្រកាសពីតួលេខនេះនៅឯព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងហូជីមិញដើម្បីប្រារព្ធខួបលើកទីមួយនៃគេហទំព័រ YouTube.vn ដែលជា គេហទំព័រ YouTube ក្នុងស្រុករបស់វៀតណាម។
អ្នកស្រី Phoung Anh Nguyen ប្រធានទីផ្សារសម្រាប់វៀតណាមរបស់ក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនមេរបស់គេហទំព័រ YouTube បានឱ្យដឹងថា៖ «ក្នុងរយៈពេលតែមួយឆ្នាំ មានការកើនឡើង១២០ ភាគរយ ក្នុងមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងការចំណាយពេលមើលវីដេអូ»។ នេះបើប្រៀបធៀបជាមួយនឹងកំណើន ៥០ ភាគរយនៅទូទាំងពិភពលោក។
«នេះត្រូវបានចូលរួមចំណែកភាគច្រើនដោយការចាប់ផ្តើមនៃគេហទំព័រ .vn ដែលអនុញ្ញាតឱ្យមនុស្សជាច្រើននៅក្នុងប្រទេសវៀតណាម ស្វែងរកវីដេអូទាក់ទងនឹងវៀតណាមកាន់តែច្រើន សម្រាប់អ្នកប្រើប្រាស់របស់វៀតណាម ដើម្បីបង្ហោះវីដេអូវៀតណាមនិងទទួលកម្រៃផងដែរ។»
ខណៈពេលដែលគេហទំព័រ YouTube បានបង្កើតគេហទំព័រក្នុងស្រុកសម្រាប់ប្រទេសចំនួន ៧៣ វៀតណាមក៏ជាទីតាំងសាកល្បងមួយ ដែលក្រុមហ៊ុននេះ អាចសាកល្បងសេវាកម្មសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន។ ជម្រើសក្រៅបណ្ដាញនេះ (offline option) ត្រូវបានដាក់ឲ្យប្រើនៅក្នុងប្រទេសវៀតណាម ក្នុងខែមេសាដែលធ្វើឱ្យប្រទេសនេះ ជាប្រទេសមួយក្នុងចំណោម ប្រទេសប្រាំបី ដែលជាកន្លែង ដែលអ្នកប្រើប្រាស់អាចរក្សាទុកវីដេអូដើម្បីមើលនៅពេលក្រោយ ដោយមិនបាច់ប្រើអ៊ីនធឺណិត។
អ៊ីនធឺណិតមានតម្លៃថោក ប៉ុន្តែវាមានកំណត់ ដូច្នេះជនជាតិវៀតណាមជាធម្មតា ប្រើទូរស័ព្ទទំនើបរបស់ខ្លួន ដើម្បីភ្ជាប់អ៊ីនធឺណិតតាមហាងកាហ្វេភ្លាមៗ នៅពេលពួកគេទៅដល់ទីនោះ។ ប្រព័ន្ធ WiFi គឺជាការរំពឹងទុករបស់អតិថិជន ព្រោះវាមាននៅគ្រប់ទីកន្លែង ដូច្នេះវាត្រូវបានផ្តល់ជូនដោយអ្នកលក់ សូម្បីអ្នកលក់ក្នុងតូបលក់តាមចិញ្ចើមផ្លូវ។ នោះហើយជាមូលហេតុដែលគេបានសម្ពោធកម្មវិធី YouTube Offline នៅទីនេះ និងនៅបណ្ដាប្រទេសនៅក្នុងទ្វីបអាស៊ី ដូចជាប្រទេសឡាវ ឥណ្ឌា និងហ្វីលីពីន។ ពលរដ្ឋប្រទេសទាំងនេះចូលចិត្តប្រើបណ្ដាញអ៊ីនធឺណិត ប៉ុន្តែជាញឹកញាប់គេប្រើប្រាស់វាជារយៈពេលខ្លីតាមរយៈទូរស័ព្ទទំនើបដែលធ្វើឱ្យកម្មវិធីប្រើប្រាស់ក្រៅបណ្ដាញអ៊ីនធឺណិតមានប្រយោជន៍។
នាង Lisa Nguyen ប្រធានអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រុមហ៊ុនលក់រាយបណ្ដាញអ៊ីនធឺណិត Cho Tot បាននិយាយថា «អ៊ីនធឺណិត ជាពិសេសអ៊ីនធឺណិតទូរស័ព្ទដៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសវៀតណាម»។ «ទោះបីជាយើងបានចាប់ផ្ដើមយឺតជាងបណ្តាប្រទេសផ្សេងមួយចំនួននៅក្នុងតំបន់ ដូចជា សិង្ហបុរី កូរ៉េ និង ប្រទេសជប៉ុនក៏ដោយ ក៏ប៉ុន្តែវាបានធ្វើឱ្យយើងរីកលូតលាស់លឿន ដោយសារតែបច្ចេកវិទ្យាមាននៅទីនោះរួចទៅហើយ។ ដូច្នេះវាមានភាពងាយស្រួលក្នុងការសម្របខ្លួនចូលទៅក្នុងប្រទេសនេះ»។
ដូចប្រទេសដទៃដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដែរ មនុស្សជាច្រើននៅក្នុងប្រទេសវៀតណាម ទំនងជាមានទូរស័ព្ទទំនើបច្រើនជាងកុំព្យូទ័រយួរដៃ។ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារអាល្លឺម៉ង់ GfK ដែលបានចេញផ្សាយការស្ទង់មតិមួយនៅថ្ងៃទី៣១ ខែសីហា បាននិយាយថា ទីផ្សារទូរស័ព្ទទំនើបក្នុងប្រទេសវៀតណាមលូតលាស់លឿនបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍។
កត្តានេះ ព្រមទាំងកត្តាចំនួនប្រជាជនវ័យក្មេងដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងនឹងបច្ចេកវិទ្យា ហើយវាបានធ្វើឱ្យ YouTube មានការចាប់អារម្មណ៍ចំពោះប្រទេសនេះ។ អ្នកស្រី Phuonh Anh Nguyen បាននិយាយថា ខណៈពេលដែលបណ្ដាញចែករំលែកវីដេអូនេះ បានចាប់ផ្តើមផ្សាយវីដេអូសម្រាប់តែវៀតណាម តាំងពីឆ្នាំ២០១៤មក គេអាចបើកមើលទំព័រទូទៅរបស់ YouTube នៅប្រទេសវៀតណាមជាច្រើនឆ្នាំមុននោះ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ប្រយោជន៍នៃការចូលទីផ្សារមុនគេ (first-mover advantage) បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់រកឃើញបណ្ណាល័យវីដេអូ ដែលពុំមានរកអ្នកអាចប្រកួតប្រជែងបាន។ YouTube បាននិយាយថា អ្នកប្រើប្រាស់បានបង្ហោះវីដេអូ ប្រវែង ៤០០ ម៉ោង ក្នុងមួយនាទី បើប្រៀបធៀបទៅនឹង ៧០ម៉ោង កាលពី៥ឆ្នាំមុន។
នៅក្នុងទីផ្សារប្រទេសផ្សេងទៀត អតិថិជនអាចជ្រើសរើសយកគេហទំព័រវីដេអូ Vimeo ដែលមានលក្ខណៈច្នៃប្រឌិត ឬសេវាមើលវីដេអូបង់ប្រាក់ក្រុមហ៊ុន Hulu និងក្រុមហ៊ុន Netflix។ ប៉ុន្តែនៅក្នុងប្រទេសវៀតណាម មិនដូច្នេះទេ។
លោក Nguyen Hoang Long អ្នកគ្រប់គ្រងជាន់ខ្ពស់ខាងផ្លាកពាណិជ្ជកម្មរបស់ទឹកត្រី Nam Ngu ដែលបានទទួលពានរង្វាន់គេហទំព័រ YouTube សម្រាប់ពាណិជ្ជកម្មរបស់ខ្លួន បាននិយាយថា «ប្រទេសយើងមិនមានជម្រើសសម្រាប់អតិថិជនច្រើនទេ។ មានតែមួយចំនួនតូចប៉ុណ្ណោះ ដែលជាគេហទំព័រវីដេអូផ្សេងទាំងនោះ មិនធំបែបនេះទេ»។
អ្នកស្រី Phuonh Anh Nguyen ជឿជាក់ថា ហេតុផលមួយផ្សេងទៀត ដែលគេហទំព័រ YouTube បានបើកនៅក្នុងប្រទេសវៀតណាមនោះ ដោយសារតែពលរដ្ឋមានភាពជាសហគ្រិន និងងប់ងុលនឹងការសិក្សាអប់រំ ដូច្នេះពួកគេចូលចិត្តវីដេអូដែលបង្រៀនពីវីធីសាស្ត្រអ្វីមួយ (how-to videos)។ ពួកគេបានមើលវីដេអូដែលដាក់ស្លាក «ការអប់រំ» ជាងមនុស្សភាគច្រើននៅក្នុងប្រទេស ដែលនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។ ហើយប្រទេសវៀតណាមបានបញ្ជូនសិស្សទៅកាន់សហរដ្ឋអាមេរិកច្រើនជាងប្រទេសជិតខាងរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
អ្នកស្រី Phuonh Anh Nguyen បានថ្លែងថា៖ «ខ្ញុំឃើញមនុស្សវ័យក្មេងជាច្រើន ស្រេកឃ្លានការរៀនសូត្រ ការស្វែងរក និងការរកឃើញអ្វីដែលថ្មី»។ «ដូច្នេះ គេហទំព័រ YouTube គឺជាបរិបទដែលល្អឥតខ្ចោះសម្រាប់ពួកគេក្នុងការចូលរួមជាមួយសហគមន៍សាកលលោកដើម្បីរៀនអំពីអ្វី ដែលពួកគេប្រហែលជាមិនអាចទទួលបាន»៕
ប្រែសម្រួលដោយ មាន ឥស្សរាយស