ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ដាញ​យុវជន​និង​សហគមន៍​បន្ដ​រក​ឃើញ​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅតំបន់​ព្រៃឡង់


រូបឯកសារ៖ ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃចន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)
រូបឯកសារ៖ ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃចន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)

បណ្ដាញ​សហគមន៍​ព្រៃឡង់ និង​ក្រុម​យុវជន​បាន​ឱ្យ​ដឹង​ថា​ ពួកគេ​បន្ដ​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ចំនួន​ជាង​១០០​ករណី ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភបន្ថែម​សម្រាប់​អ្នក​ធ្វើ​ការ​លើ​វិស័យ​នេះ។ ពួក​គេជំរុញ​ឱ្យ​អាជ្ញាធរយក​ចិត្ត​ទុក​ដាក់​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ។

ក្នុង​រយៈ​ពេល​៥​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​១៧ ​ដល់​ថ្ងៃ​ទី​២១​ ខែ​មេសា ឆ្នាំ​២០២៣ ក្រុម​យុវជន​ល្បាត​ស្ម័គ្រ​ចិត្ត​ជាមួយ​បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​រក​ឃើញ​បទ​ល្មើស​១២៩​ករណី សកម្មភាព​ចល័ត​គោយន្ត​ចំនួន​៥​គ្រឿង​ចូល​ទៅ​ក្នុង​តំបន់​ព្រៃឡង់ដើម្បី​កាប់​ឈើ ហើយ​ប្រទះ​ឃើញ​ទីតាំង​ទន្ទ្រាន​យក​ដី​ចំនួន​៣​កន្លែង នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ ព្រៃឡង់​ ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ឫស្សី​ស្រុក ឃុំ​រួសរាន់ ស្រុក​រវៀង ខេត្ត​ព្រះវិហារ។ នេះ​បើ​តាម​របាយ​ការណ៍​របស់​ពួកគេ​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

បើ​តាម​របាយការណ៍ ដើម​ឈើ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ការ​កាប់​បំផ្លាញ​នោះ ភាគ​ច្រើន​គឺជា​ដើម​ឈ្លីក សុក្រម ស្រឡៅ និង​ឈើទាល។ បន្ថែម​ពី​នេះ​ ក៏​នៅ​មាន​ដើម​ឈើ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​ផង​ដែរ ដូច​ជា​ត្រសេក ខ្វាវ និង​ដើម​ប្រាំដំឡឹង។

លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្ម​វិធី​ស្រាវ​ជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា លើក​ឡើង​ថា ​ការ​រក​ឃើញ​ទាំង​នេះ​បង្ហាញ​ថា​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តែ​បន្ដ​មាន​ឥត​ស្រាក​ស្រាន្ត។ លោក​រិះគន់​ថា​ នេះ​ជា​កម្សោយ​របស់​អាជ្ញាធរ ក្រសួង​ និង​មន្ដ្រី​ពាក់​ព័ន្ធ​ដែល​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ចាត់​វិធាន​ការ​តឹងរ៉ឹងក្នុង​ការ​ទប់​ស្កាត់។

លោក​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​យល់​ថា​បើ​ប្រៀប​នឹង​រក​ឃើញ​ការ​បង្រ្កាប​របស់​អាជ្ញាធរ​ជាតិ​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដែលរក​ឃើញ​ជាង​៣០០​ម៉ែត្រ​គុប​នេះ​ បាន​ថា​ជា​ភស្តុតាង​ជាក់​លាក់​ដែល​យើង​អាច​មើល​ឃើញ​ថា​បទ​ល្មើស​ព្រៃឈើ​នេះ​ នៅ​តែ​កើត​មាន​ឡើង ដោយសារ​តែ​ភាព​ធ្វេស​ប្រហែស​ការ​មិន​យក​ចិត្ត​ទុក​ដាក់ កង្វះ​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​តាម​មូល​ដ្ឋាន​ជំនាញ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត​តាម​មូល​ដ្ឋាន ដែល​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​ការ​បំផ្លាញ​ព្រៃឈើ​នេះ ហើយ​វា​ជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​និរន្ដរ​ភាព​ធន​ធាន​ធម្មជាតិ​នៅ​កម្ពុជា មាន​ភាព​ផុយ​ស្រួយ»។

លោក​បន្ថែម​ថា ​រដ្ឋា​ភិបាល​ត្រូវ​កំណត់​អត្ត​សញ្ញាណ និង​ដាក់​ទណ្ឌ​កម្ម​ជន​ទាំង​ឡាយ​ណា​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ ជា​ពិសេស​ក្រុម​ហ៊ុន​ធំៗ។

លោក​បន្ថែម​ថា៖ «ក្នុង​នាម​ជាអ្នក​ជំនាញ​ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​ជាតិ​ឱ្យ​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ល្អ​បំផុត ហើយ​ជា​ពិសេស​ស្វែង​រក​ជន​ទាំង​ឡាយ​ណា​ដែល​កាប់​បំផ្លាញ​ព្រៃឈើ អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ហើយ​អ្នក​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់​ឱ្យ​ខាន​តែ​បាន»។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក​ នេត្រ​ ភក្ត្រា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ក្រសួង​បាន​ខិតខំ​ប្រឹង​ប្រែង​ដាក់​ចេញ​នូវ​វិធាន​ការ​នានា ដើម្បី​ការពារ​ធនធាន​ធម្មជាតិ។

លោក​ថ្លែង​ថា​៖ «ក្រសួង​ ឧទ្យានុរក្ស ​បន្ដ​កិច្ច​ខំ​ប្រឹង​ប្រែង​ការពារ និង​អភិរក្ស​ធន​ធាន​ធម្មជាតិ ក្រោម​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​វិជ្ជា​ជីវៈ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា​ព្រៃឡង់​មាន​ផ្ទៃដី​ប្រមាណ​៥០ម៉ឺន​ហិកតា ​គ្រប​ដណ្ដប់​ខេត្ត​ចំនួន​៤ ​គឺខេត្តព្រះ​វិហារ ​កំពង់ធំ ​ក្រចេះ ​និង​ស្ទឹងត្រែង។ ព្រៃឡង់​ ជា​ព្រៃ​ធំ​ជាង​គេ​នៅ​កម្ពុជា​ ហើយ​ត្រូវ​បាន​រដ្ឋា​ភិបាល​កំណត់​ជា​តំបន់​ការពារ​នៅ​ក្នុង​ឆ្នាំ២០១៦៕

XS
SM
MD
LG