ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​បរិស្ថាន៖ ​កម្ពុជា​គ្មាន​ខ្យល់​កខ្វក់​ PM2.5 ​ដូច​បាងកក​ទេ


រូបឯកសារ៖ ទិដ្ឋភាពនៃទីក្រុងភ្នំពេញ ដែលពោរពេញដោយអគារ​ខ្ពស់ៗ កាលពីថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)
រូបឯកសារ៖ ទិដ្ឋភាពនៃទីក្រុងភ្នំពេញ ដែលពោរពេញដោយអគារ​ខ្ពស់ៗ កាលពីថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)

ខណៈ​​ដែល​​ប្រទេស​ថៃ​កំពុង​រងគ្រោះ​ដោយ​សារ​ខ្យល់​កខ្វក់​ដែល​មាន​ឈ្មោះថា​ ​PM2.5​ ​ ​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​បញ្ជាក់​ថា ​គុណភាព​​ខ្យល់​នៅ​កម្ពុជា​មាន​ស្ថានភាព​ល្អ​ មិនគួរ​ឲ្យ​បារម្ភ​នោះ​ទេ។

ក្រសួង​បរិស្ថាន​កម្ពុជា​ប្រកាស​ថា​ គុណភាព​ខ្យល់​នៅ​កម្ពុជា​មាន​ស្ថានភាព​ធម្មតា​ និង​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស​មួយ​នេះ​ ​កុំ​ព្រួយ​បារម្ភ​អំពី​ខ្យល់​កខ្វក់​ប្រភេទ​ ​PM2.5​ ​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ។​

បើតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​បរិស្ថាន​កម្ពុជា​ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ​បញ្ជាក់​ថា ផ្អែក​តាម​លទ្ធផល​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​ក្នុង​រាជធានី​ភ្នំពេញ​បង្ហាញ​ថា ​ស្ថានភាព​គុណភាព​ខ្យល់​នៅ​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃទី២៧ ​ខែមករា​ ដល់​ថ្ងៃទី០២ ​ខែកុម្ភៈ​ ឆ្នាំ២០១៩ ​មាន​កម្រិត​ល្អ​ប្រសើរ។​

ក្រសួង​បរិស្ថាន​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖​

«មន្ត្រី​ជំនាញ​ក្រសួង​បរិស្ថាន​បាន​ធ្វើការ​តាមដាន​ជា​ប្រចាំ ​និង​ធ្វើការ​វាយ​តម្លៃ​រៀងរាល់​២៤​ម៉ោង​ម្តង ដើម្បី​តាមដាន​គុណភាព​ខ្យល់។​ ​ក្រសួង​បរិស្ថាន​សូម​អំពាវនាវ​ដល់​បងប្អូន​កុំ​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ឡើយ​ ​ហើយ​ក្រសួង​នឹង​ផ្តល់​ព័ត៌មាន​ជា​ប្រចាំ​ ​ប្រសិនបើ​មាន​បញ្ហា​អ្វីមួយ​គួរ​កត់​សម្គាល់​ពាក់ព័ន្ធ​នឹង​គុណ​ភាព​ខ្យល់​នេះ»។​

ការ​ចេញ​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​បរិស្ថាន​ ​ធ្វើ​ឡើង​ខណៈ​ខ្យល់​កខ្វក់​ដែល​មាន​ឈ្មោះ​ថា​ PM2.5​ ​កំពុង​វាយ​ប្រហារ​ក្នុង​ទីក្រុង​បាងកក​ ​និង​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​ថៃ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន ​រហូត​ឈាន​ដល់​ការ​បិទ​គ្រឹះស្ថាន​សិក្សា​ជាច្រើន​កន្លែង។​

ស្រប​ពេល​ដែល​ក្នុង​ប្រទេស​ថៃ​កំពុង​រងគ្រោះ​ដោយ​សារ​ខ្យល់​កខ្វក់​នេះ​ ​គេ​ឃើញ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុកនៅ​កម្ពុជា ​ក៏​មាន​ការ​ចែក​រំលែក​តៗ​គ្នា​នូវ​សារ​ជា​សំឡេង​មួយ​ ​ដែល​បុរស​ម្នាក់​បាន​និយាយ​ថា ខ្លួន​បាន​ឮ​មន្រ្តី​ក្រសួង​សុខាភិបាល​លើកឡើង​អំពី​ខ្យល់​កខ្វក់​នេះ​ ថា​កំពុង​កើត​មាន​នៅ​រាជធានី​ភ្នំពេញ។

ពាក់ព័ន្ធ​នឹង​សារ​នេះ​ ​លោក​ ​នេត្រ ភក្រ្តា​ ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ ​ប្រាប់​ ​VOA​ ​កាល​ពី​យប់​ថ្ងៃសៅរ៍​ថា​ ​រាល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ខ្យល់​កខ្វក់​ទាំងឡាយ​ណា​ដែល​មិន​ចេញ​ដោយ​ក្រសួង​បរិស្ថាន​ គឺ​មិនមែន​ជា​ព័ត៌មាន​ផ្លូវការនោះ​ទេ។​ ​លោក​បន្ថែម​ថា ក្រសួង​បរិស្ថាន​នឹង​ធ្វើ​សេចក្តី​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ ប្រសិន​បើ​មាន​ករណី​មាន​ប៉ះពាល់​ពី​ខ្យល់​កខ្វក់​នោះ។​

លោក​បញ្ជាក់​ថា៖​

​«ចំពោះ​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​មិន​បាន​ចេញ​ពី​ក្រសួង​បរិស្ថាន​ ដែល​ធ្វើការ​ត្រួត​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​ខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ​គឺ​មិនមែន​ជា​ព័ត៌មាន​ផ្លូវការ​ទេ។​ អញ្ចឹង​គឺ​ក្រសួង​បរិស្ថាន​នឹង​ធ្វើ​ការ​ជូន​ដំណឹង​ នៅ​ពេល​ដែល​យើង​យល់​ថា​ វា​ដល់​ភាព ​ដល់​ពេល​ដែល​ ឬ​មួយ​ក៏​មាន​ការ​ប៉ះពាល់​ណា​មួយ​នោះ។​ ​ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ដូច​អ្វី​ដែល​ខ្ញុំ​បាន​បញ្ជាក់​អញ្ចឹង គឺ​មិន​ទាន់​មាន​បញ្ហា​នោះ​ឡើយ»។​

លោក​ នេត្រ ភក្រ្តា ​បន្ថែម​ថា៖​

«កម្រិត​របស់​វា​គឺ​រហូត​ទៅ​ដល់​គេ​មាន​សន្ទស្សន៍​របស់​គេ​ ​គេ​មាន​ឧបករណ៍​នៅក្នុង​ការ​ពិនិត្យ​មើល​ខ្យល់​ ​ទំហំ​ខ្យល់​ហ្នឹង​ ​ថា​តើ​វា​មាន​ភាគល្អិត​យ៉ាងម៉េច​ខ្លះ?​ ​ភាគ​ល្អិត​ហ្នឹង​ច្រើន​ ​ឬ​មួយ​ក៏​តិច?​ ​ហើយ​ឥឡូវ​នេះ​នៅក្នុងរាជធានី​ភ្នំពេញ​ ​ភាគល្អិត​របស់​វា​នៅ​ក្រោម​៥០​ទេ​ ​គឺ​ចន្លោះ​ពី​២០-៣០ទេ។​ ​ក៏​ប៉ុន្តែ​ចំណុច​ដែល​ត្រូវ​ប្រកាស​អាសន្ន​ហ្នឹង​ ​គឺ​កម្រិត​ពី​៣០០​ ​ទៅ​៤០០​អី​ឯ​ណោះ។​ ​អញ្ចឹង​សម្រាប់ប្រទេស​កម្ពុជា​យើង​គឺ​នៅ​ក្រោម​៥០​ ​គឺ​នៅ​ក្រោមស្តង់ដារ​នៅ​ឡើយ​ទេ»។​

VOA​ ​បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ​លី សូវ៉ាន់​ ​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ ​តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃចន្ទ​នេះ​ ​មិន​មាន​ការ​ឆ្លើយតប​នៅ​ឡើយ។​

PM2.5​ ​គឺ​ជា​ភាគល្អិត​និចល​តូចៗ​នៅ​ក្នុង​ខ្យល់​ ​ដែល​មាន​អង្កត់​ផ្ចិត​តូចជាង​២,៥​មីក្រុង។​ ​ភាគ​ល្អិត​នេះ​មាន​ប្រភព​មក​ពី​ការ​ដុត​ឥន្ធនៈ​ផូស៊ីល​ ​និង​កម្ទេច​ធូលី​ផ្សេងៗទៀត ហើយ​ភាគល្អិតនេះ​អាច​ស្រូប​ចូល​ទៅ​ដល់​សួត​ ​និង​ពេល​ខ្លះ​ដល់​សរសៃ​ឈាម​ ​ដែល​អាច​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ ​ប្រសិន​បើ​ការ​ស្រូប​ចូល​លើស​កម្រិត។​

កាល​ពី​សប្តាហ៍​មុន​ ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃក៏​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​ថៃ​ទាំងអស់​ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ​និង​ពាក់​ម៉ាស់​ប្រភេទ​ ​N95​ ​ដើម្បី​ការពារ​ខ្យល់​កខ្វក់​ប្រភេទ​ ​PM2.5​ ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ក្នុង​ប្រទេស​ក្បែរ​ខាង​មួយ​នេះ​ផង​ដែរ៕

XS
SM
MD
LG