ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហ៊ូទី​យល់ព្រម​បញ្ឈប់​ការ​វាយប្រហារ​តាម​អាកាស​ និង​ដោយ​កាំជ្រួចម៉ីស៊ីល​ប្រឆាំង​នឹង​កម្លាំង​ចម្រុះ​អារ៉ាប៊ីសាអូឌីត


ក្មេងៗ​លេង​នៅ​ក្នុង​គំនរ​ផ្ទះ​បែកបាក់​ ក្នុង​ក្រុង Sana'a ប្រទេស​យេម៉ែន កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥។

ក្រុម​ឧទ្ទាម​ហ៊ូទី​ក្នុង​ប្រទេស​យេម៉ែន​បាន​យល់ព្រម​បញ្ឈប់​ការ​វាយប្រហារ​តាម​អាកាស និង​ការ​វាយប្រហារ​ដោយ​កាំជ្រួច​ម៉ីស៊ីល​ទៅ​លើ​កងកម្លាំង​ប្រទេស​អារ៉ាប៊ីសាអូឌីត ​ឬ​សហព័ន្ធ​អារ៉ាប់រួម​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អារ៉ាប៊ីសាអូឌីត​ អនុលោម​តាម​ការ​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នៅ​ក្នុង​តំបន់​ដោយ​អង្គការ​សហប្រជាជាតិ។

ពួក​ឧទ្ទាម​ហ៊ូទី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​ឲ្យ​ដឹង​ថា ​ពួកគេ​នឹង​អនុវត្ត​តាម​ការ​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ​ប្រសិន​បើ​អារ៉ាប៊ីសាអូឌីត​ចង់​បាន​សន្តិភាព​ដែរ​នោះ។

លោក Mohammed Ali al-Houthi មេដឹកនាំ​របស់​ក្រុម​ឧទ្ទាម​បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការ​មួយ​ថា​ពួកគេ​បាន​បញ្ឈប់​ការ​វាយប្រហារ​តបតាម​សំណើ​របស់​លោក Martin Griffiths ដែល​ជា​បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ។

ស្តេច Salman របស់​អារ៉ាប៊ីសាអូឌីត​បាន​មាន​ព្រះបន្ទូល​ថា​ ព្រះអង្គ​ប្តេជ្ញា​ថា​នឹង​អនុវត្ត​តាម​កិច្ចប្រឹងប្រែង​របស់​អន្តរជាតិ​ដើម្បី​ធ្វើ​ឲ្យ​មាន​បទ​ឈប់បាញ់​គ្នា​នៅក្នុង​ប្រទេស​យេម៉ែន។ ក៏ប៉ុន្តែ​បណ្តាញ​ផ្សព្វផ្សាយ​អារ៉ាប់​នៅតែ​រាយការណ៍​អំពី​ការ​វាយប្រយុទ្ធ​គ្នា​នៅ​ជុំវិញ​ក្រុង Hodeida ​ក្នុង​ប្រទេស​យេម៉ែន​កាល​ពី​ថ្ងៃចន្ទ។

កងកម្លាំង​ចម្រុះ​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ បាន​ធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​ឧទ្ទាម​ហ៊ូទី​ចាប់តាំង​ពី​ពួកគេ​បាន​រឹបអូស​យក​រដ្ឋធានី Sana កាលពី​ឆ្នាំ២០១៤​ ដែល​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​យេម៉ែន​ភៀសខ្លួន​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ជា​បណ្តោះអាសន្ន​ និង​បន្ទាប់​មក​បាន​ផ្លាស់​ទៅ​ទីក្រុង Aden។

អង្គការ​សហប្រជាជាតិ​សង្ឃឹម​ថា​នឹង​រៀបចំ​ឲ្យ​មាន​កិច្ចចរចា​សន្តិភាព​ក្នុងប្រទេសយេម៉ែន​ដែល​ជា​ប្រទេស​ក្រីក្រ​ជាងគេ​បំផុត​ក្នុង​ពិភព​អារ៉ាប់​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ៕

XS
SM
MD
LG