ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​ប្រធានាធិបតី​ប្រទេស​យេម៉ែន​ លោក Saleh ត្រូវ​បាន​សម្លាប់


លោក Ali Abdullah Saleh អតីត​ប្រធានាធិបតី​យេម៉ែន​ថ្លែង​ក្នុង​ពេល​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ​មួយ​នៅ​ក្នុង​ក្រុង Sanaa កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១១។

អតីត​ប្រធានាធិបតី​ប្រទេស​យេម៉ែន​ លោក Ali Abdullah Saleh ត្រូវ​បាន​សម្លាប់​នេះ​បើ​តាម​ការ​អះអាង​ពី​គណបក្ស​របស់​លោក​កាល​ពី​ថ្ងៃចន្ទ​ម្សិលមិញ​នេះ​ ដោយ​មាន​វីដេអូ​បង្ហាញ​សាកសព​របស់​លោក​ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ពាសពេញ​បណ្តាញ​សង្គម។

លោក Faiqa al-Sayyid មេ​ដឹក​នាំ​គណបក្ស​សមាជ​មហាជន ​ឬ General People's Congressបាន​ស្តី​បន្ទោស​ក្រុម​ឧទ្ទាមHouthi លើ​ករណី​ការ​ស្លាប់​របស់​លោកSaleh ដែល​បាន​កើតឡើង​នៅ​ភាគ​ខាងត្បូង​រដ្ឋធានី Sana'a។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «លោក Saleh ទទួល​រង​គ្រោះថ្នាក់​នៅ​ក្នុង​បុព្វហេតុ​ការពារ​ប្រទេស»។

លោក Saleh វ័យ​៧៥​ឆ្នាំ​បាន​ដឹកនាំ​ប្រទេស​យេម៉ែន​អស់​រយៈពេល​ជាងបី​ទសវត្សរ៍​ មុន​នឹង​លោក​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ក្រោម​សម្ពាធ​នយោបាយ​ដ៏​ខ្លាំងក្លា​ក្នុង​ឆ្នាំ២០១២ ប៉ុន្តែ​លោក​នៅ​តែ​បន្ត​ប្រើប្រាស់​អំណាច​របស់​លោក​នៅ​ពី​ក្រោយ​ ដោយ​បាន​បង្កើត​ឧបសម្ព័ន្ធ​មួយ​ជាមួយ​ក្រុម Houthis ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់។

ការ​ស្លាប់​របស់​លោក​កើតឡើង​ពីរ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​បែកបាក់​ក្នុង​សម្ព័ន្ធ​នេះ។ កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ​ លោក Saleh បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ក្រុម​ឧទ្ទាម Houthi និង​បាន​ស្នើ​ឲ្យ​មាន​ការស្តារ​ឡើងវិញ​នូវ​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​អារ៉ាប៊ី​សាអូឌីត។

ក្រុម​ឧទ្ទាម​នេះ​កាល​ពី​ព្រឹក​ថ្ងៃចន្ទ​ បាន​ប្រកាស​ពី​ការ​ស្លាប់​របស់​លោក​ ដោយ​បាន​អះអាង​ថា​លោកSaleh ត្រូវ​បាន​គេ​សម្លាប់​នៅ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ ដែល​ក្រុម​នេះ​ហៅ​ការ​ស្លាប់​របស់​លោកSaleh ថា​ជា​ការ​បរាជ័យ​នូវ​អ្វី​ដែល​ពួកគេ​ហៅ​ថាជា​ការ​ប៉ុន​ប៉ង​ធ្វើ «រដ្ឋប្រហារ» របស់​លោក Saleh ប្រឆាំង​នឹង «សម្ព័ន្ធមិត្ត​ដែល​លោក​មិន​ដែល​មាន​ភាពជឿ​ជាក់​នោះ»។

ភាគី​ទាំងពីរ​បាន​ចងសម្ព័ន្ធភាព​ជាមួយ​គ្នា​កាល​ពី​បីឆ្នាំ​កន្លង​ទៅ​ និង​បាន​ធ្វើ​ការបោស​សម្អាត​នៅ​ទូទាំង​រដ្ឋធានី Sana'a និង​បាន​បង្ខំ​ឲ្យ​លោកប្រធានាធិបតី Abdu Rabu Mansour Hadi ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នោះ​ ចាកចេញ​ពី​ប្រទេស និង​ស្វែង​រក​អន្តរគមន៍​ផ្នែក​យោធា​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត៕

XS
SM
MD
LG