សហរដ្ឋអាមេរិកកំពុងដាក់គំនាបឱ្យអនុវត្តផែនការមួយ ដែលជាវិធីបង្ខំឱ្យប្រទេសរុស្ស៊ីលក់ប្រេងក្នុងតម្លៃថោកនៅលើទីផ្សារសាកលលោក ដើម្បីកាត់បន្ថយថវិការបស់រដ្ឋាភិបាលវិមានក្រឹមឡាំងដោយសារតែការធ្វើសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
ថ្លែងនៅឯសន្និសីទកាសែតនៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី មុនពេលចាប់ផ្តើមជំនួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ឬ G-20 លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបញ្ជាក់ឡើងវិញនូវការថ្កោលទោសរបស់រដ្ឋបាលលោក Biden ប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោកស្រីបានមានប្រសាសន៍ថា ការកាត់បន្ថយប្រាក់ចំណេញពីការលក់ប្រេងរបស់រុស្ស៊ីនេះ នឹងកាត់បន្ថយចំណូលចាំបាច់របស់លោកប្រធានាធិបតី Vladimir Putin សម្រាប់ក្បាលម៉ាស៊ីនសង្គ្រាមរបស់លោក។
លោកស្រីក៏បានលើកហេតុផលថា ការទប់តម្លៃប្រេងរុស្ស៊ីនឹងជួយគោលបំណងក្នុងប្រទេសដ៏សំខាន់មួយរបស់រដ្ឋបាលលោក Biden គឺកាត់បន្ថយអតិផរណា។
លោកស្រីបានថ្លែងថា៖ «ការទប់តម្លៃប្រេងរុស្ស៊ីជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតរបស់យើង ដើម្បីដោះស្រាយការឈឺចាប់របស់ពលរដ្ឋអាមេរិកាំងនិងក្រុមគ្រួសារនៅទូទាំងពិភពលោក នៅពេលពួកគេទៅចាក់ស្ថានីយប្រេងឥន្ធនៈដល់រថយន្តរបស់ពួកគេ និងទិញទំនិញហាងលក់គ្រឿងទេសនៅពេលឥឡូវនេះ»។
ទោះជាយ៉ាងណាក៏ដោយ ក៏ផែនការទប់តម្លៃប្រេងនេះពឹងផ្អែកលើយន្តការដ៏ស្មុគ្រស្មាញ ដែលមិនត្រូវបានព្យាយាមធ្វើកាលពីពេលមុន ហើយអ្នកជំនាញខ្លះក្នុងទីផ្សារថាមពលពិភពលោក បាននិយាយថា ពួកគេជឿថា ផែនការនេះនឹងមិនបានផលទេ។
ផែនការដែលលោកស្រី Yellen កំពុងស្នើនោះ គឺភ្ជាប់ទៅនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុថ្មីដែលសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក កំពុងប្រុងប្រៀបដាក់លើប្រទេសរុស្ស៊ី។
ដើម្បីនាំប្រេងឆៅរបស់ខ្លួនទៅកាន់ទីផ្សារ រុស្ស៊ីពឹងផ្អែកលើការផ្ទេរប្រាក់ផ្សេងៗជាមួយម្ចាស់កម្ចីអន្តរជាតិ ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនធានារ៉ាប់រង។ ផែនការនៅពេលបច្ចុប្បន្ននេះគឺកាត់ផ្តាច់រុស្ស៊ីចេញពីសេវាកម្មទាំងនេះ ដែលចាប់ផ្តើមនៅចុងឆ្នាំនេះ។
តាមទ្រឹស្តីនេះ រុស្ស៊ីនឹងមិនអាចនាំចេញប្រេងក្នុងពេលឆាប់ៗនេះទេ ហើយកាន់តែលំបាកនៅថ្ងៃអនាគត៕