ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ព្យាបាល និង​ការ​បង្ការ​ជំងឺ COVID-19


ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញ​ឯកសារក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​សេតវិមាន​ រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ២០២០។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៦ នាក់​បាន​ស្លាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដោយសារ​មេរោគ​កូរ៉ូណា​ថ្មី ឬ COVID-19 និង​ជាង ១០០ នាក់ បាន​ឆ្លង​មេរោគ​នេះ។

កាល​ពី​ថ្ងៃ​ច័ន្ទ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ជួប​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ឱសថសាស្ត្រ​នានា និង​បាន​ស្នើ​ពួកគេ​ឲ្យ​បង្កើន​ល្បឿន​ផលិត​វ៉ាក់សាំង និង​ស្វែង​រក​វិធី​ព្យាបាល​ដើម្បី​ព្យាបាល​អ្នក​ជំងឺ COVID-19។

លោក Trump ថ្លែង​ដូច្នេះ​ថា៖ «វា​អាច​ទៅ​រួច​ដែល​ថា​វិធី​ព្យាបាល​មេរោគ​នេះ​នឹង​អាច​រក​ឃើញ​មុន​ពេល​ផលិត​វ៉ាក់សាំង ហើយ​យើង​នឹង​ចែកចាយ​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​ទាំង​នោះ​ទៅ​កាន់​ទីផ្សារ​កាន់តែ​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន‍»។

ការ​ពិសោធន៍​ប្រើ​វិធី​ព្យាបាល​លើ​អ្នក​ជំងឺ​អាច​នឹង​ចាប់ផ្ដើម​នៅ​ដើម​ខែ​មេសា​ខាង​មុខ ប៉ុន្តែ​វា​អាច​ចំណាយ​ពេល​យ៉ាង​តិច​មួយ​ឆ្នាំ និង​ថវិកា​ជា​ច្រើន ដើម្បី​ផលិត​បាន​នូវ​វ៉ាក់សាំង​ដ៏​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​បាន។

លោក William Schaffner សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​បង្ការ​រោគ នៃ​សាកល​វិទ្យាល័យ Vanderbilt នៅ​រដ្ឋ Tennessee និយាយ​ថា៖ «មើល​ទៅ​រដ្ឋាភិបាល​ត្រូវតែ​តាំង​ចិត្ត​ទិញ​វ៉ាក់សាំង​នោះ​ក្នុង​កម្រិត​មួយ​ចំនួន​ជា​មុន មុន​ពេល​ដែល​វា​ចាប់ផ្ដើម​មាន​តម្លៃ​សមរម្យ​សម្រាប់​ក្រុមហ៊ុន​បន្ត​ទិញ និង​បង្កើត​នូវ​ដំណើរការ​ផលិត‍»។

លោក Trump បាន​សន្យា​ថា​នឹង​កាត់​បន្ថយ​នីតិវិធី​ស្មុគស្មាញ​បែប​ការិយាធិបតេ្យ​សម្រាប់​ក្រុមហ៊ុន​នានា​ដែល​ប្រឹងប្រែង​ស្វែង​រក​វិធី​ព្យាបាល​ជំងឺ COVID-19 នេះ ប៉ុន្តែ​លោក​មិន​បាន​សន្យា​ថា រដ្ឋាភិបាល​សហព័ន្ធ​នឹង​ជួយ​ជា​ថវិកា​ណា​មួយ​ទេ។

លោក Trump បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​ស្គាល់​ក្រុមហ៊ុន​ទាំង​នោះ​ច្បាស់​ណាស់។ ក្រុមហ៊ុន​មួយ​ចំនួន​មាន​ថវិកា​ច្រើន​ណាស់។ ខ្ញុំ​គិត​ថា ពួកគេ​អាច​ផ្ដល់​កម្ចី​ដល់​រដ្ឋាភិបាល​សហព័ន្ធ​បាន‍»។

លោក Trump ក៏​កំពុង​ពិចារណា​ផង​ដែរ​នូវ​ការ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​លើ​ប្រទេស​មួយ​ចំនួន​បន្ថែម​ទៀត ក៏​ដូចជា​បិទ​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក។ ដោយសារតែ​ការ​ឆ្លង​មេរោគ​នេះ​ភាគ​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មិន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ អ្នក​ជំនាញ​នានា​ហាក់​មិន​គាំទ្រ​វិធានការ​ដែល​លោក Trump កំពុង​ពិចារណា​ទាំង​នេះ និង​ជំនួស​មក​វិញ គាំទ្រ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​បន្ថែម​ទៀត​ដើម្បី​រក​អ្នក​ឆ្លង​មេរោគ​នេះ។

អ្នកស្រី​សាស្ត្រាចារ្យ Jennifer Nuzzo ដែល​ជា​អ្នក​ជំនាញ​ផ្នែក​រោគ​រាតត្បាត​នៃ​មជ្ឈមណ្ឌល​សុវត្ថិភាព​ផ្នែក​សុខភាព​នៃ​សាកល​វិទ្យាល័យ Johns Hopkins បញ្ជាក់​ដូច្នេះ​ថា៖ «តាម​ពិត អ្នក​ខ្លះ​មិន​មាន​រោគ​សញ្ញា​អ្វី​ទេ ប៉ុន្តែ​ធ្វើ​តេស្ត​ទៅ​ឃើញ​មាន​ឆ្លង​មេរោគ​នេះ។ គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​អ្នក​ទាំង​នោះ​នឹង​ចេញ​រោគ​សញ្ញា​នៅ​ពេល​បន្ទាប់​ទៀត ឬ​ក៏​នឹង​ចម្លង​មេរោគ​នេះ​ដល់​អ្នក​ដទៃ​នោះ‍»។

កន្លង​មក​មាន​ការ​រិះគន់​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ប្រើ​ឧបករណ៍​ធ្វើ​តេស្ត​រក​មេរោគ​នេះ​មិន​ត្រឹមត្រូវ និង​កាល​ពី​ដំបូង​បាន​កម្រិត​ចំនួន​អ្នក​ដែល​ត្រូវ​ធ្វើ​តេស្ត។

មេរោគ COVID-19 នេះ បាន​ឆ្លង​ដល់​មនុស្ស​ជាង ៩ ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក និង​បាន​សម្លាប់​មនុស្ស​ជាង ៣ ពាន់​នាក់៕

ប្រែ​សម្រួល​ដោយលោក ភី សុភាដា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG