ការវិភាគជាសកលមួយបានសន្និដ្ឋានថា ទន្លេទាំងឡាយ ដែលជាប្រភពទឹក និងការចិញ្ចឹមជីវិតយ៉ាងសំខាន់របស់មនុស្សរាប់ពាន់លាននាក់នៅទូទាំងពិភពលោក ស្ថិតនៅក្នុងស្ថានភាពមានវិបត្តិ ដោយសារតែសកម្មភាពរបស់មនុស្ស ដូចជាការកសាងទំនប់កាត់ សារជាតិពុលកសិកម្ម និងការបំពុលដោយប្រើសារជាតិគីមី។
បើយោងតាមការសិក្សាមួយបង្ហាញថា ប្រជាជនរបស់ពិភពលោកជិត៨០ភាគរយ រស់នៅតាមតំបន់ ដែលទន្លេនិងប្រព័ន្ធផ្លូវទឹក ត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារការបំពុល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងការនាំចូលដោយឥតព្រាងទុកនូវរុក្ខជាតិ និងសត្វ ដែលបំផ្លាញប្រភេទសត្វនិងរុក្ខជាតិដើមនៅតាមសមុទ្រ។
ទន្លេជាប្រភពទឹកសាបដែលអាចកែច្នៃឡើងវិញធំបំផុតតែមួយគត់សម្រាប់មនុស្ស ហើយមនុស្សប្រើប្រាស់ទន្លេដើម្បីយកទឹកបរិភោគ នេសាទ មុជជម្រះកាយ និងសកម្មភាពកម្សាន្តផ្សេងៗ។
ប៉ុន្តែសហអ្នកនិពន្ធនៃការសិក្សានេះ លោកភិតធឺ ម៉ាកឃីនថាយ៍ (Peter McIntyre) ជាអ្នកសត្វសាស្ត្រ និងអ្នកជំនាញខាងទន្លេ នៅឯសាកលវិទ្យាល័យវីស្កន់សិន (University of Wisconsin) មានប្រសាសន៍ថា ទន្លេរបស់ពិភពលោកកំពុងជួបបញ្ហាក្នុងការងើបចេញពីឥទិ្ធពលដ៏អាក្រក់នៃការអភិវឌ្ឍសេដ្ឋកិច្ចសាកលលោក។
ជាការគួរឲ្យភ្ញាក់ផ្អើល របាយការណ៍នេះបានរកឃើញថា ប្រព័ន្ធផ្លូវទឹកនៅសហរដ្ឋអាមេរិក អឺរ៉ុបខាងលិច និងប្រទេសមានឧស្សាហកម្មជឿនលឿនដទៃទៀត ស្ថិតក្នុងភាពមានគ្រោះថ្នាក់បំផុត បើទោះជាមានកិច្ចប្រឹងប្រែងគ្រប់គ្រងលើការបំពុល និងមធ្យោបាយបច្ចេកទេសអស់រយៈពេលជាច្រើនទសវត្សរ៍ ដើម្បីការពារនិងស្តារឡើងវិញនូវប្រព័ន្ធបរិស្ថានរបស់ទន្លេក៏ដោយ។
របាយការណ៍នេះបានព្រមានថា ស្ថានភាពធ្ងន់ធ្ងរស្រដៀងគ្នានេះដែរ កំពុងកើតមាននៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដែលគ្មានធនធានដើម្បីវិនិយោគខាងបច្ចេកវិជ្ជាសម្អាតទន្លេ និងជាកន្លែងដែលចំនួនប្រជាជនមានការកើនឡើងយ៉ាងឆាប់រហ័ស។
ការសិក្សាបានរកឃើញថា ទន្លេដែលស្ថិតក្នុងស្ថានភាពល្អបំផុត គឺទន្លេនៅតាមតំបន់ដែលមានចំនួនមនុស្សរស់នៅតិចបំផុត។ លោក McIntyre មានប្រសាសន៍ថា៖
«មនុស្សជាច្រើនពាន់លាននាក់រស់នៅតាមតំបន់ ដែលបរិមាណនិងគុណភាពជាមូលដ្ឋានរបស់ទឹក ដែលពួកគេអាចប្រើប្រាស់បាន ត្រូវទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង។ ការណ៍នោះបង្ហាញថា មានបញ្ហាពិតប្រាកដកើតឡើងនាបច្ចុប្បន្ននេះ ហើយយើងរំពឹងទុកថា ទន្លេកាន់តែមានសភាពធ្ងន់ធ្ងរឡើងថែមទៀត នៅពេលដែលចំនួនមនុស្សកើនឡើង និងស្របពេលបរិមាណនៃការប្រើប្រាស់ធនធានរបស់មនុស្សម្នាក់ៗបន្តកើនឡើងនាពេលអនាគត។ ហើយបើយើងបញ្ចូលកត្តាការប្រែប្រួលធាតុអាកាសទៀត នោះអ្វីៗទាំងអស់នេះកាន់តែគួរឲ្យភ័យខ្លាច»។
ខណៈដែលគុណភាពរបស់ទន្លេនៅក្នុងពិភពលោកបានធ្លាក់ចុះ លោកម៉ាកឃីនថាយ៍បានថ្លែងថា ការព្រួយបារម្ភជាចម្បងនោះ គឺស្ថានភាពជលផល ដែលនេះជាប្រភពត្រីនិងមុខរបរចិញ្ចឹមជីវិតរបស់មនុស្សរាប់រយលាននាក់។
«ភាគច្រើននៃកន្លែងនេសាទត្រីទឹកសាបសំខាន់ៗបំផុតរបស់ពិភពលោកស្ថិតនៅតាមទន្លេធំៗរបស់ពិភពលោក រួមមានទន្លេមេគង្គ ទន្លេអាម៉ាហ្សូនច (Amazon) និងទន្លេជាច្រើនទៀតនៅទ្វីបអាហ្វ្រិកដែលមានអាកាសធាតុត្រូពិក។ ដូច្នេះ វិស័យជលផលនៅក្នុងតំបន់ទាំងនេះ ផ្តល់ការងារ និងអាហារដល់ដល់ប្រជាជនមួយចំនួនធំនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ។ ហើយ ទន្លេទាំងនោះពិតជាងាយរងគ្រោះថ្នាក់ពីពូជសត្វដែលនាំមកពីក្រៅ ការនេសាទជ្រុលហួសហេតុ និងការមានជាតិពុលនៅក្នុងត្រី។ ពេលយើងបូកបញ្ហាទាំងនោះបញ្ចូលគ្នា យើងនឹងឃើញថា រឿងនេះធ្វើឲ្យមានការព្រួយបារម្ភដ៏ពិតប្រាកដ»។
លោកម៉ាកឃីនថាយ៍ និយាយថា ប្រទេសកំពុងអភិវឌ្ឍ ដោយមានជំនួយពីប្រទេសអ្នកមានផងនោះ គួរតែទទួលយកបទពិសោធន៍របស់ប្រទេសមានការអភិវឌ្ឍនានា មកធ្វើជាមេរៀន។ពួកគេគួរតែជៀសវាងការវិនិយោគដែលចំណាយសោហ៊ុយច្រើនទៅលើបច្ចេកទេសសម្អាតទឹក ហើយបែរមករកយុទ្ធសាស្រ្តអភិរក្សបរិស្ថានដែលនៅល្អរបស់ទន្លេរបស់ពួកគេវិញ។
យុទ្ធសាស្រ្តបែបនេះរាប់បញ្ចូលទាំងការការពារប្រភពទឹកពីមជ្ឈដ្ឋានបំពុល ដើម្បីធ្វើឲ្យទឹកសម្រាប់បរិភោគមានតម្លៃថោក ហើយថែរក្សាតំបន់លិចទឹក សម្រាប់ការការពារទឹកជំនន់។
ការវាយតម្លៃ ដែលធ្វើឡើងដោយលោកម៉ាកឃីនថាយ៍ និងសហការី ទៅលើស្ថានភាពទន្លេរបស់ពិភពលោក ត្រូវបានចុះផ្សាយនៅសប្តាហ៍នេះ នៅក្នុងទស្សនាវដ្តីមួយដែលមានឈ្មោះថា«ធម្មជាតិ» (Nature)៕
ប្រែសម្រួលដោយ លី សុខឃាង