អ្នកវិភាគនិយាយថា បទបញ្ជារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ក្នុងការធានាឱ្យបាននូវសង្វាក់ផ្គត់ផ្គង់នៃបន្ទះអេឡិចត្រូនិក Semiconductor សម្រាប់ការផលិតឧបករណ៍បច្ចេកវិទ្យាទំនើបៗធ្វើឱ្យតៃវ៉ាន់មានកំណើនពាណិជ្ជកម្ម និងមានអំណាចចរចាថ្មីមួយនៅក្នុងការចរចាកិច្ចព្រមព្រៀងសេរី។ តៃវ៉ាន់ជាប្រទេសផ្គត់ផ្គង់បន្ទះអេឡិចត្រូនិក Semiconductor ធំបំផុតមួយនៅក្នុងពិភពលោក។
លោកប្រធានាធិបតី Biden បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយកាលពីថ្ងៃទី២៤ ខែកុម្ភៈអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចាប់ផ្តើមដោះស្រាយបញ្ហាកង្វះខាតបន្ទះអេឡិចត្រូនិក Semiconductor ដែលធ្វើឱ្យរាំងស្ទះដល់ការផលិតយានយន្ត ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈបរិក្ខារពេទ្យ។ បទបញ្ជានេះនឹងធ្វើឱ្យមានដំណើរការត្រួតពិនិត្យមួយដែលនឹងនាំឱ្យមានការផ្តល់អនុសាសន៍ផ្នែកគោលនយោបាយទៅលើវិធីក្នុងការបង្កើនសង្វាក់ផ្គត់ផ្គង់នេះ។
តៃវ៉ាន់ទទួលបានប្រយោជន៍ដោយសារតៃវ៉ាន់ជាកន្លែងដែលរោងចក្ររបស់ក្រុមហ៊ុនTaiwan Semiconductor Manufacturing Co. ផ្គត់ផ្គង់ បន្ទះអេឡិចត្រូនិក Semiconductor ច្រើនជាងក្រុមហ៊ុនផលិតដែលទទួលបានកិច្ចសន្យាផ្សេងៗទៀតនៅក្នុងពិភពលោក និងមានដំណើរការផលិតកម្មទំនើបៗបំផុតមួយចំនួន។ រោងចក្រទាំងនោះបានផលិត បន្ទះអេឡិចត្រូនិក Semiconductorដែលដំណើរការដោយប្រើប្រាស់ថាមពលតិច និងមិនប៉ះពាល់ដល់ល្បឿនរបស់ឧបករណ៍នោះទេ។
ការសិក្សានិងធ្វើការពីចម្ងាយជានិន្នាការដែលបានផ្ទុះឡើងនៅក្នុងពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩នៅក្នុងឆ្នាំ២០២០ និងបានធ្វើឱ្យកើនឡើងនូវតម្រូវការបន្ទះអេឡិចត្រូនិក Semiconductorដែលប្រើប្រាស់ដើម្បីដំណើរការកុំព្យូទ័រ ក្នុងចំណោមឧបករណ៍ប្រភេទផ្សេងៗទៀតកាលពីឆ្នាំមុន ។ ក្រុមហ៊ុន Gartner ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារបាននិយាយថា តម្រូវការបន្ទះអេឡិចត្រូនិក Semiconductor ក្នុងពិភពលោកគួរតែកើនឡើងពី៤៥០ពាន់លានដុល្លារកាលពីឆ្នាំមុន ទៅដល់ប្រមាណ៦០០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤។
លោក Liu Yih-jiun សាស្ត្រាចារ្យផ្នែកកិច្ចការសាធារណៈនៅសាកលវិទ្យាល័យ Fo Guang នៅកោះតៃវ៉ាន់បាននិយាយថា៖
«នេះជាការល្អ ហើយខ្ញុំគិតថា នៅពេលនេះ តៃវ៉ាន់នៅទីបំផុតអាចផ្តល់អ្វីមួយជាក់ស្តែង និងជួយសហរដ្ឋអាមេរិកតាមវិធីមួយចំនួន»។
តៃវ៉ាន់បានព្យាយាមម្តងហើយម្តងទៀតចាប់តាំងពីឆ្នាំ១៩៩៤ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់តៃវ៉ាន់បន្ទាប់ពីចិន។ ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់មានទឹកប្រាក់សរុប៩០,៩ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០។ ក្នុងចំណោមទំនិញតៃវ៉ាន់ទាំងអស់ ក្រុមហ៊ុនសហរដ្ឋអាមេរិកទិញបន្ទះឈីប កុំព្យូទ័រ និងគ្រឿងម៉ាស៊ីន ដោយធ្វើឱ្យមានការផ្គត់ផ្គង់ពាណិជ្ជកម្មលើសពីតម្រូវការក្នុងទឹកប្រាក់២៩,៣ពាន់លានដុល្លារសម្រាប់ប្រទេសខ្លាំងផ្នែកផលិតកម្មនៅអាស៊ីមួយនេះកាលពីឆ្នាំមុន។
គិតចាប់ពីខែមករាមក តៃវ៉ាន់បានចាប់ផ្តើមអនុញ្ញាតឱ្យកប៉ាល់ដឹកសាច់ជ្រូករបស់សហរដ្ឋអាមេរិក ដែលចិញ្ចឹមដោយប្រើប្រាស់សារធាតុបន្ថែមក្នុងចំណីសត្វ ហើយក្រុមមន្ត្រីសហរដ្ឋអាមេរិកសរសើរចំណាត់ការនេះថាជា ការវិវត្តក្នុងទំនាក់ទំនងពាណិជ្ជកម្ម។
សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីខែមករាថា រដ្ឋបាលលោកប្រធានាធិបតី Biden បានស្នើសុំក្រុមមន្ត្រីតៃវ៉ាន់ឱ្យជំរុញក្រុមហ៊ុនផលិតបន្ទះឈីបរបស់ខ្លួន ដើម្បីបង្កើនការផលិតបន្ទះអេឡិចត្រូនិក Semiconductor នៅពេលមានកង្វះខាតបន្ទះឈីបសម្រាប់ការប្រើប្រាស់ក្នុងវិស័យយានយន្ត។
លោក John Brebeck ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុនQuantum International Corp. ដែលផ្តល់ការប្រឹក្សាយោបល់វិនិយោគនៅក្នុងទីក្រុងតៃប៉ិបាននិយាយថា តម្រូវការបន្ទះអេឡិចត្រូនិក Semiconductor របស់សហរដ្ឋអាមេរិកនឹងជួយបង្កើនជំហររបស់តៃវ៉ាន់ នៅពេលអ្នកចរចាជួបពិភាក្សាគ្នាម្តងទៀតសម្រាប់កិច្ចចរចាពាណិជ្ជកម្ម។
លោក Brebeck ថ្លែងថា៖«ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក និងដោយសារតែបន្ទះអេឡិចត្រូនិក Semiconductor និងដោយសារតែតៃវ៉ាន់គ្រប់គ្រងបញ្ហាកូវីដ១៩បានយ៉ាងល្អ ហើយពួកគេចង់គាំទ្រដល់លទ្ធិប្រជាធិបតេយ្យ ខ្ញុំគិតថា មានការវិវត្តទៅមុខ»។
លោក Liu បាននិយាយថា កិច្ចចរចាពាណិជ្ជកម្មនឹងធ្វើឡើង «ក្នុងវិធីដែលកាន់តែមានតុល្យភាពជាងមុន» ដោយសារតែអំណាចចរចារបស់តៃវ៉ាន់នៅក្នុងទីផ្សារសាកលលោកនៃបន្ទះអេឡិចត្រូនិក Semiconductor»។
ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៨នៅលើបរិវេណរោងចក្រដែលមានតម្លៃ១៥ពាន់លានដុល្លារនៅតៃវ៉ាន់ ហើយគេរំពឹងថារោងចក្រនេះនឹងមានសមត្ថភាពផលិតកម្មពេញលេញនៅឆ្នាំនេះ។ រោងចក្រនេះនឹងផលិតបន្ទះឈីបជាងមួយលានក្នុងមួយឆ្នាំ និងប្រើប្រាស់មនុស្សប្រហែលជាង៤.០០០នាក់។ កាលពីខែធ្នូ ឆ្នាំមុន ក្រុមហ៊ុនដែលមានអាយុកាល៣៤ឆ្នាំមួយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលតៃវ៉ាន់ដើម្បីសាងសង់រោងចក្រដែលមានទឹកប្រាក់១២ពាន់លានដុល្លារនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក។ រោងចក្រនេះនឹងផលិតបន្ទះឈីបរហូតដល់២០.០០០ក្នុងមួយខែ។
អ្នកនាំពាក្យមកពីទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននេះបាននិយាយថា គម្រោងនៅក្នុងរដ្ឋ Arizona និងគម្រោងថ្មីមួយនៅតៃវ៉ាន់ «កំពុងស្ថិតក្នុងដំណើរការល្អ»។
ក្រុមហ៊ុនPowerchip Semiconductor Manufacturing Corp. និងក្រុមហ៊ុនUnited Microelectronics Corp. ក៏ផលិតបន្ទះឈីបនៅតៃវ៉ាន់ផងដែរ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន United Microelectronics បាននិយាយកាលពីខែមករាថា ក្រុមហ៊ុនរបស់លោកកំពុងតែធ្វើអ្វីៗដែលគេអាចធ្វើបានដើម្បីបំពេញតម្រូវការនៃបន្ទះឈីបសម្រាប់យានយន្ត៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា