សមាជិកសហភាពវិទ្យុនិងទូរទស្សន៍អន្តរជាតិ មកពីប្រទេសប្រមាណ ៥០ បានបើកកិច្ចប្រជុំមួយកាលពីដើមខែកញ្ញានេះ នៅរដ្ឋធានីយុនដេ ប្រទេសកាមេរូន។ ពួកគេនិយាយថា កង្វះហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងហិរញ្ញវត្ថុ នៅតែជាឧបសគ្គចម្បងក្នុងការប្ដូរប្រព័ន្ធផ្សាយពីអាណាឡូក ទៅឌីជីថល សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ជាពិសេសនៅទ្វីបអាហ្វ្រិក។ ពួកគេកំពុងស្នើឲ្យរដ្ឋាភិបាល និង ទីភ្នាក់ងារផ្ដល់មូលនិធិនានា ជួយទៅលើការប្រែក្លាយទៅប្រព័ន្ធឌីជីថល ដែលជាប្រព័ន្ធចាំបាច់មួយនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយដែលកំពុងប្រែប្រួល។
រដ្ឋសមាជិកជាច្រើននៃសហភាពវិទ្យុនិងទូរទស្សន៍អន្តរជាតិ ហៅកាត់ថា URTIបានថ្លែងថា ដើមទុនផ្នែកថវិកា និងធនធានមនុស្ស ដែលជាចំណុចស្នួលនៃការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយពីអាណាឡូកទៅឌីជីថល នៅមានកម្រិតយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់ពួកគេ។ នៅក្នុងជំនួបកាលពីដើមខែកញ្ញានេះ នៅទីក្រុងយុនដេ ប្រទេសកាមេរូន អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសាធារណៈ បានលើកឡើងពីការឆ្លងរលកនៃការផ្សាយ ជាមួយនឹងសេវាផ្នែកទូរគមនាគមន៍ ដែលបណ្ដាលឲ្យមានពន្យារការផ្សាយដោយសារតែតម្រូវការប្ដូរប្រព័ន្ធ។
លោកសាស្ត្រាចារ្យ Amin Alhassan គឺជាអគ្គនាយកសាជីវកម្មផ្សាយនៅប្រទេសហ្គាណា។ លោកនិយាយថា ប្រព័ន្ធផ្សព្វផ្សាយភាគច្រើននៅទ្វីបអាហ្វ្រិកមិនបានបម្រើដល់អ្នកស្ដាប់របស់ពួកគេទេ ហើយក៏មិនមានភាពបត់បែនទៅតាមស្ថានភាពប្រព័ន្ធផ្សព្វផ្សាយដែលពួកគេគួរតែមាននោះដែរ ដោយសារតែភាពយឺតយ៉ាវនៃការប្តូរទៅកាន់ឌីជីថល។
លោកមានប្រសាសន៍ដូច្នេះថា៖ «ស្ថានីយផ្សាយសាធារណៈនៅលើពិភពលោកចាស់ខ្លាំងណាស់។ ពួកគេបានវិនិយោគយ៉ាងច្រើនទៅលើប្រព័ន្ធផ្សព្វផ្សាយតាមអាណាឡូក និងទៅលើឯកទេសប្រព័ន្ធផ្សព្វផ្សាយតាមអាណាឡូក។ បុគ្គលិករបស់យើងស៊ាំទៅនឹងការប្រើប្រាស់ប្រព័ន្ធអាណាឡូក បើយើងប្ដូរវាឲ្យទៅជាឌីជីថលវិញនោះ វាជាបញ្ហាប្រឈមសម្រាប់ពួកគេ។ ដូច្នេះ បញ្ហាប្រឈមមួយរបស់យើងគឺធ្វើយ៉ាងម៉ិចឲ្យបុគ្គលិករបស់យើងប្ដូរផ្នត់គំនិតងាកទៅយល់ដឹងអំពីប្រតិបត្តិការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល»។
សហភាពទូរគមនាគមន៍អន្តរជាតិ ឬ ITU (International Telecommunication Union) បានថ្លែងថា ការផ្សាយតាមប្រព័ន្ធឌីជីថល ធ្វើឲ្យស្ថានីយនានាអាចបញ្ចេញរូបភាពវីដេអូក្នុងកម្រិតច្បាស់ល្អ និងមានកម្រិតសំឡេងប្រសើរជាងតាមប្រព័ន្ធអាណាឡូក។ ការផ្សាយតាមឌីជីថល ក៏ផ្ដល់លទ្ធភាពឲ្យមានកម្មវិធីផ្សាយបានច្រើននៅលើហ្វ្រេកង់ឬរលកសំឡេងតែមួយ។
កាលពីឆ្នាំ ២០០៦ សហភាពITU បានកំណត់យកខែមិថុនា ឆ្នាំ២០១៥ ជាពេលកំណត់ចុងក្រោយសម្រាប់ឲ្យស្ថានីយផ្សាយទាំងអស់ប្រែក្លាយពីប្រព័ន្ធអាណាឡូកទៅឌីជីថល។ សម្រាប់ស្ថានីយប្រើប្រាស់ប្រព័ន្ធ VHF ពួកគេទទួលបានការពន្យាររយៈពេល ៥ឆ្នាំ ដើម្បីប្ដូរទៅឌីជីថល គឺរហូតដល់ខែមិថុនា ឆ្នាំ២០២០។ ប្រព័ន្ធ VHF ត្រូវបានប្រើប្រាស់ភាគច្រើននៅក្នុងការផ្សាយវិទ្យុ FM។
ប៉ុន្តែ សហភាព URTI ថ្លែងថា ប្រទេសនៅអាហ្វ្រិកភាគច្រើនមិនបានធ្វើតាមកាលកំណត់នេះទេ ដោយពួកគេមិនបានបិទរលកសញ្ញាទូរទស្សន៍អាណាឡូក ដែលការណ៍នេះធ្វើឲ្យបាត់បង់ឱកាសក្នុងការទទួលបានផលប្រយោជន៍ជាច្រើនពីការផ្សាយតាមប្រព័ន្ធឌីជីថល។
ប្រទេសម៉ូរីស កេនយ៉ា តង់សានី និង អ៊ូហ្កង់ដា គឺជាប្រទេសដំបូងនៅទ្វីបអាហ្វ្រិកដែលប្ដូរទៅប្រើប្រព័ន្ធឌីជីថលបានសម្រេចមុនគេ។
ប្រទេសអាហ្វ្រិកខាងត្បូង បានលើកឡើងកាលពីឆ្នាំ២០២២ ថា ខ្លួននឹងប្ដូរទៅប្រព័ន្ធឌីជីថលសម្រាប់ការផ្សាយទូរទស្សន៍ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
អ្នកស្រី Jacqueline Hlongwane អ្នកគ្រប់គ្រងស្ថានីយ SABC ដែលជាស្ថានីយផ្សាយសាធារណៈរបស់អាហ្វ្រិកខាងត្បូង បានចូលរួមក្នុងកិច្ចប្រជុំកាលពីដើមខែកញ្ញា។ អ្នកស្រីថ្លែងថា ដំណើរការប្ដូរប្រព័ន្ធនេះនៅតែកំពុងធ្វើឡើងបន្ទាប់ពីរយៈពេលកំណត់បានផុតទៅហើយ។
អ្នកស្រីថ្លែងថា៖ «នៅមុនដំណាច់ឆ្នាំ ២០២២ គឺក្នុងរយៈពេលដ៏ខ្លីមុនពេលការប្រកួតបាល់ទាត់ពិភពលោក យើងបានដាក់ដំណើរការប្រព័ន្ធOTT របស់យើងផ្ទាល់។ យើងពិតជារីករាយនឹងប្រព័ន្ធនេះខ្លាំងណាស់ ព្រោះវាជាអ្វីដែលយើងបានព្យាយាមបង្កើតឡើងអស់រយៈពេលជាយូរមកហើយ។ ឥឡូវនេះ ទស្សនិកជនរបស់យើងនៅអាហ្វ្រិកខាងត្បូង អាចទទួលបានមាតិការបស់យើង។ នេះមានន័យថា ពួកយើងជាប្រព័ន្ធផ្សព្វផ្សាយសាធារណៈក៏កំពុងធ្វើដំណើរឆ្ពោះទៅកាន់ការប្រើប្រាស់ឌីជីថលសម្រាប់មាតិការបស់យើងដែរ»។
អ្នកស្រី Hlongwane បញ្ជាក់ថា ប្រព័ន្ធ OTT ផ្សព្វផ្សាយមាតិកាទូរទស្សន៍តាមអ៊ីនធឺណិត ទៅតាមការស្នើសុំរបស់អ្នកប្រើប្រាស់ និងអ្នកចូលទស្សនា។
បណ្ដាញផ្សាយសាធារណៈជាច្រើនលើកឡើងថា រដ្ឋាភិបាល និងទីភ្នាក់ងារផ្ដល់មូលនិធិនានា គួរតែជួយពួកគេទៅលើហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និង ហិរញ្ញវត្ថុ ដើម្បីបង្កើនការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅទ្វីបនេះ ដែលការប្ដូរទៅប្រើប្រព័ន្ធឌីជីថលសម្រេចបានត្រឹមតែចន្លោះពី ៣០ ទៅ ៤៣ ភាគរយ គឺនៅទាបជាងកម្រិតមធ្យមភាគសកលដែលមានប្រមាណ ៧០ ភាគរយ៕
ប្រែសម្រួលដោយ នៀម ឆេង
បណ្ដាញផ្សាយសាធារណៈពិភពលោក៖ ការប្ដូរប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍ពីអាណាឡូកទៅឌីជីថលនៅយឺត
រដ្ឋធានីយុនដេ ប្រទេសកាមេរូន —