មួយឆ្នាំ បន្ទាប់ពីអង្គការសុខភាពពិភពលោកប្រកាសការរាតត្បាតនៃជំងឺកូវីដ១៩ ការសិក្សាថ្មីមួយបានរកឃើញថា សណ្តានវីរុសមួយប្រភេទដែលត្រូវបានរកឃើញជាលើកដំបូងនៅប្រទេសអង់គ្លេស បង្កគ្រោះថ្នាក់ជាងសណ្តានវីរុសដំបូងៗ។
ការសិក្សាមួយ ដែលចេញផ្សាយកាលពីថ្ងៃពុធក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស បាននិយាយថា អ្នកដែលឆ្លងវីរុសសណ្តាន B.1.1.7 អាចនាំឲ្យស្លាប់ចន្លោះរវាងពី ៣០% ទៅ ១០០% ច្រើនជាងអ្នកដែលឆ្លងវីរុសសណ្តានផ្សេងទៀត ដោយមានអត្រាជាមធ្យមប្រហែល ៦៤%។
វីរុសសណ្តាន B.1.1.7 ត្រូវបានគេរកឃើញនៅក្នុងប្រទេសជាង ១០០ ចាប់តាំងពីវាត្រូវបានរកឃើញដំបូង កាលពីខែកញ្ញា នៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស។ ការសិក្សាមុនៗបង្ហាញថា វីរុសសណ្តាននេះឆ្លងខ្លាំងជាងវីរុសសណ្តានដំបូង។
ប្រទេសប្រេស៊ីលបានប្រកាសអំពីការស្លាប់ ដែលទាក់ទងទៅនឹងកូវីដ១៩ ចំនួន ២២៨៦នាក់ កាលពីថ្ងៃពុធ ដែលជាចំនួនកំណត់ត្រាមួយទៀតនៃចំនួនមនុស្សស្លាប់ក្នុងមួយថ្ងៃ។
ប្រទេសអាមេរិកខាងត្បូងនេះកំពុងទប់ទល់ការកើនឡើងខ្លាំងនៃករណីឆ្លងវីរុសសណ្តាន P.1 ថ្មី ដែលត្រូវបានគេរកឃើញ កាលពីខែវិច្ឆិកាក្នុងទីក្រុង Manaus តំបន់ Amazonia។
ក្រុមអ្នកស្រាវជ្រាវនិយាយថា វីរុសសណ្តាន P.1 មានល្បឿនចម្លងពី ១,៤ ទៅ ២,៤ ដងច្រើន ជាងប្រភេទវីរុសកូរ៉ូណាដំបូង ហើយវាក៏អាចឆ្លងជាថ្មីទៅមនុស្សដែលបានជាសះស្បើយពីជំងឺកូវីដ១៩ ផងដែរ៕