ប្រទេសអង់គ្លេសបានបើកសាលារៀនឡើងវិញហើយនៅថ្ងៃចន្ទម្សិលមិញនេះ។ ការបើកសាលារៀនឡើងវិញនេះកើតមានឡើងក្រោយប្រទេសអង់គ្លេសបានរកឃើញថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានការធ្លាក់ចុះទាបបំផុត ចាប់តាំងខែតុលា ឆ្នាំ២០២០មក។
ដោយឡែកក្នុងប្រទេសវៀតណាមឯនោះវិញ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានចាប់ផ្ដើមកាលពីថ្ងៃចន្ទម្សិលមិញនេះសម្រាប់បុគ្គលិកសុខាភិបាលជួរមុខរបស់ខ្លួន។
ចំណែកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងប្រទេសជប៉ុន មានការយឺតយ៉ាវ ដោយសារតែខ្វះខាតវ៉ាក់សាំង និងម្ជុលចាក់ថ្នាំ។ ក្នុងរយៈពេល៣សប្តាហ៍កន្លងមក មានតែបុគ្គលិកសុខាភិបាលជួរមុខរបស់ខ្លួនចំនួន ៤៦.៥០០ នាក់ប៉ុណ្ណោះ បានទទួលវ៉ាក់សាំងបង្ការ ហើយមនុស្សចាស់ជាអ្នកដល់វេនត្រូវចាក់វ៉ាក់សាំងបន្ទាប់។ ទោះបីជាយ៉ាងនេះក្តី ប្រទេសជប៉ុនមានបំណងនឹងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។
នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានសន្យាថា នឹងរកវ៉ាក់សាំងឲ្យបានសម្រាប់ពលរដ្ឋជប៉ុនទាំងអស់ មុនពេលការចាប់ផ្តើមកីឡាអូឡាំពិកនារដូវក្តៅក្នុងប្រទេសជប៉ុននៅខែកក្កដាខាងមុខនេះ។
រីឯសហភាពអឺរ៉ុបវិញបានព្រមានប្រទេសជាសមាជិករបស់ខ្លួនទៅលើការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយប្រទេសរុស្សី ដោយសារសហភាពអឺរ៉ុបនៅមិនទាន់បញ្ចប់ការត្រួតពិនិត្យវ៉ាក់សាំង Sputnik V របស់ប្រទេសនេះនៅឡើយទេ។ ទោះបីជាមានការព្រមានយ៉ាងនេះក្តី ក៏ប្រទេសជាសមាជិកសភាពអឺរ៉ុបមួយចំនួនបានចាត់វិធានការបញ្ជាទិញវ៉ាក់សាំងរបស់រុស្សីរួចហើយ។
សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ១៩ចំនួនជិត ៣០ លានករណី ដែលច្រើនជាងប្រទេសណាៗទាំងអស់លើពិភពលោក។ ប្រទេសឥណ្ឌាមានករណីឆ្លងច្រើនលំដាប់ទីពីរចំនួន ១១ លាន ២ សែនករណី និងប្រេស៊ីលស្ថិតនៅលំដាប់ទីបីមានចំនួន ១១ លានករណី។
តាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក គិតត្រឹមព្រឹកថ្ងៃចន្ទម្សិលមិញនេះ មានមនុស្សប្រមាណជិត ១១៧ លាននាក់នៅលើពិភពលោកបានឆ្លងជំងឺកូវីដ១៩៕