មេដឹកនាំនានានៅលើពិភពលោកបានសម្តែងការអបអរសាទរចំពោះលោក Donald Trump ក្រោយពីការព្យាកររបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានាបានបង្ហាញថាលោកបានឈ្នះដាច់នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២៤ នេះ។
លោក Trump បានផ្ដួលគូប្រជែងរបស់លោកខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris ដោយធ្វើឲ្យរូបលោកក្លាយជាអតីតប្រធានាធិបតីខាងបក្សសាធារណរដ្ឋដែលវិលចូលកាន់តំណែងវិញក្រោយពីបាត់បង់តំណែងនេះអស់រយៈពេល ៤ ឆ្នាំមក។
កាលពីព្រឹកថ្ងៃពុធ មេដឹកនាំជាច្រើននៅជុំវិញពិភពលោកបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម X ដើម្បីអបអរសាទរលោក Trump។ ពេលលោក Trump កាន់អំណាចនៅអាណត្តិទីមួយ គោលនយោបាយការបរទេស «ផ្ដល់អាទិភាពដល់សហរដ្ឋអាមេរិកជាមុន» ដែលមិនអាចព្យាករបានរបស់លោក បានធ្វើឲ្យស្មុគស្មាញដល់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនក៏ដូចជាជាមួយនឹងសត្រូវរបស់ខ្លួនផងដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu គឺជាសម្ព័ន្ធមិត្តអាមេរិកដំបូងគេមួយដែលបានផ្ញើសារគាំទ្រ ដោយកោតសរសើរ «ការវិលត្រឡប់មកវិញជាប្រវត្តិសាស្ត្រ» របស់លោក Trump។ លោក Netanyahu ថា «ការវិលត្រឡប់មកវិញជាប្រវត្តិសាស្ត្រ» នេះផ្ដល់ «ការតាំងចិត្តដ៏មហិមាឡើងវិញចំពោះសម្ព័ន្ធភាពដ៏អស្ចារ្យរវាងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបានអំពាវនាវសុំការគាំទ្របន្ថែមពីសហរដ្ឋអាមេរិកនិងបស្ចិមប្រទេសដទៃទៀតដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី បានថ្លែងដោយវិជ្ជមានអំពីអ្វីដែលលោកថាជាការតាំងចិត្តរបស់លោក Trump ចំពោះ «សន្តិភាពតាមរយ:កម្លាំង» នៅក្នុងកិច្ចការពិភពលោក។
លោក Zelenskyy បាននិយាយថា៖ «នេះបានចំជាគោលការណ៍ដែលអាចធ្វើឲ្យអ៊ុយក្រែនកាន់តែឆាប់ទទួលបាននូវសន្តិភាពដ៏យុត្តិធម៌តាមលក្ខណៈប្រតិបត្តិជាក់ស្ដែង។ ខ្ញុំសង្ឃឹមថាយើងនឹងប្រែក្លាយវាទៅជាសកម្មភាពជាមួយគ្នា»។
ប្រមុខអង្គការអូតង់ (NATO) ក៏បានលើកឡើងស្រដៀងគ្នានេះដែរនៅក្នុងសារអបអរសាទរលោក Trump ទោះបីជាកន្លងមកលោក Trump បានរិះគន់សម្ព័ន្ធភាពយោធាបស្ចិមប្រទេសនេះជាយូរមកហើយថាមិនបានធ្វើកិច្ចការសមល្មមដើម្បីការពារអឺរ៉ុបក៏ដោយ។
អគ្គលេខាធិការអង្គការអូតង់លោក Mark Rutte ថា៖ «ភាពជាអ្នកដឹកនាំរបស់លោកTrump ជាថ្មីម្តងទៀតនឹងរក្សាសម្ព័ន្ធភាពរបស់យើងឲ្យនៅរឹងមាំ។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយលោកម្តងទៀតដើម្បីពន្លឿនសន្តិភាពតាមរយ:កម្លាំងតាមក្របខ័ណ្ឌអូតង់»។
ប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏បានសម្ដែងការអបអរសាទរផងដែរ ដោយនិយាយថា លោក «ត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការជាមួយគ្នា» ដូចដែលលោកនិងលោក Trump «បានធ្វើអស់រយៈពេល ៤ ឆ្នាំមកហើយ»។
ប្រធានគណ:កម្មការសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បាននិយាយថា អ្នកស្រី «អបអរសាទរយ៉ាងកក់ក្ដៅ» ចំពោះលោក Trump និងបានសរសើរ «ភាពជាដៃគូពិតប្រាកដ» រវាងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។
ក្នុងអំឡុងអាណត្តិទីមួយរបស់លោក Trump ភាពប្រេះឆាបានផ្ទុះឡើងរវាងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកដែលមួយផ្នែកគឺដោយសារការដាក់ពន្ធគយរបស់លោក Trump លើទំនិញនាំចូលពីអឺរ៉ុប។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបានបញ្ចេញមតិអ្វីលើលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិកទេ។ ប៉ុន្តែ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានចំអកនៅលើបណ្ដាញសង្គមអនឡាញ X ចំពោះបរាជ័យរបស់អ្នកស្រី Harris ដោយនិយាយថា «អ្នកស្រី Kamala ចប់ហើយ។ ...ឲ្យអ្នកស្រីសើចទៀតទៅ»។
លោក Medvedev បានបន្តថា៖ «គោលដៅនៃប្រតិបត្តិការយោធាពិសេស [របស់រុស្ស៊ី] នឹងមិនផ្លាស់ប្តូរទេ ហើយនឹងសម្រេចបាន»។
ចំណែកឯបណ្ដាមេដឹកនាំនៅទ្វីបអាស៊ីវិញក៏បានផ្ញើសារអបអរសាទរចំពោះជ័យជម្នះរបស់លោក Trump ផងដែរ។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានសម្តែង «ការអបអរសាទរដ៏ស្មោះស្ម័គ្របំផុត» ចំពោះលោក Trump ដែលលោកហៅថាជាមិត្តភក្ដិរបស់លោក។
នាយករដ្ឆមន្ត្រីជប៉ុនលោក Shigeru Ishiba បានសម្តែង «ការអបអរសាទរអស់ពីដួងចិត្ត» ចំពោះលោក Trump ដោយលោកនិយាយថាលោកសង្ឃឹមថានឹង «ជំរុញសម្ព័ន្ធភាពរវាងជប៉ុននិងសហរដ្ឋអាមេរិកបន្ថែមទៀត និងសហការលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឲ្យមានភាពសេរីនិងបើកចំហ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានសម្តែងក្តីសង្ឃឹមថា «សម្ព័ន្ធភាពដែលមិនអាចរង្គោះរង្គើបាន» រវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន «នឹងក្លាយជាកម្លាំងដ៏ត្រឹមត្រូវមួយដែលនឹងក្រាលផ្លូវឆ្ពោះទៅរកវិបុលភាពនិងចំណងមិត្តភាពនៅក្នុងតំបន់និងនៅសងខាងមហាសមុទ្រប៉ាស៊ីហ្វិក»។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ចិន «នឹងបន្តដោះស្រាយទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកផ្អែកលើគោលការណ៍គោរពគ្នាទៅវិញទៅមក សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»៕
ប្រែសម្រួលដោយលោក សាយ មុន្នី
វេទិកាបញ្ចេញមតិ