បេក្ខជនប្រធានាធិបតីអាមេរិកខាងបក្សសាធារណរដ្ឋលោក Donald Trump បានឈ្នះបេក្ខជនប្រធានាធិបតីអាមេរិកខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ នេះ។
នៅក្នុងការបោះឆ្នោតដ៏ប្រកៀកប្រកិតនេះ លោក Trump ទទួលបានសំឡេងឆ្នោតរបស់អង្គបោះឆ្នោតយ៉ាងតិច ២៧៧ សំឡេងនៃសំឡេងឆ្នោតរបស់អង្គបោះឆ្នោតសរុបចំនួន ៥៣៨ សំឡេងនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ ដោយធ្វើឱ្យលោកទទួលបានសំឡេងឆ្នោតភាគច្រើនចាំបាច់ដើម្បីបានក្លាយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកដំបូងគេ ដែលឈ្នះតំណែងម្ដងទៀតក្នុងអាណត្តិមិនជាប់គ្នា ចាប់តាំងពីទសវត្សរ៍១៨៩០ មក។
អ្នកស្រី Harris ដែលបានចូលប្រជែងយកតំណែងប្រធានាធិបតីនេះបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានដកខ្លួនចេញពីការប្រកួតកាលពីខែកក្កដា បានព្យាយាមដើម្បីឱ្យបានក្លាយជាប្រធានាធិបតីអាមេរិកជាស្ត្រីដំបូងគេបង្អស់។
លោក Trump បានអះអាងកាលពីព្រឹកថ្ងៃពុធថាលោកជាអ្នកឈ្នះ នៅពេលដែលលោកថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្ររបស់លោកក្នុងពិធីជួបជុំមួយនៅរដ្ឋ Florida។
លោក Trump បាននិយាយថា៖ «នេះជាចលនាដែលយើងមិនធ្លាប់ឃើញពីមុនមក ហើយបើនិយាយឱ្យស្មោះត្រង់ទៅ ខ្ញុំជឿថានេះគឺជាចលនានយោបាយដ៏អស្ចារ្យបំផុតជាងពេលណាៗទាំងអស់»។
លោក Trump បានសន្យាដោះស្រាយបញ្ហា «ព្រំដែន» និងដោះស្រាយ «បញ្ហាទាំងអស់» នៅក្នុងសហរដ្ឋអាមេរិក។
លោក Trump ក៏បាននិយាយផងដែរថាលោកនឹងប្រឹងប្រែងដើម្បីធ្វើឱ្យ «សហរដ្ឋអាមេរិកខ្លាំងក្លា មានសុវត្ថិភាព និងរុងរឿង»។
មន្ត្រីយុទ្ធនាការឃោសនាបោះឆ្នោតរបស់អ្នកស្រី Harris បានប្រាប់ក្រុមអ្នកគាំទ្ររបស់អ្នកស្រីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា អ្នកស្រីនឹងថ្លែងនៅពេលក្រោយនៅថ្ងៃពុធនេះ។
នៅក្នុងប្រព័ន្ធរបស់សហរដ្ឋអាមេរិកដែលសំឡេងឆ្នោតនៃការបោះឆ្នោតប្រធានាធិបតីត្រូវបានរាប់នៅក្នុងការបោះឆ្នោតពីរដ្ឋមួយទៅរដ្ឋមួយ ទាំងអ្នកស្រី Harris និងលោក Trump សុទ្ធតែត្រូវបានប្រកាសភ្លាមៗថាជាអ្នកឈ្នះនៅក្នុងរដ្ឋដែលគណបក្សរបស់ខ្លួនទទួលបានការគាំទ្រភាគច្រើនយ៉ាងជាក់ច្បាស់ ខណៈដែលប្រទេសជាតិបានផ្ដោតលើរដ្ឋដែលមានការប្រជែងខ្លាំងចំនួន ៧ ដែលត្រូវបានគេរំពឹងថាជាអ្នកសម្រេចលើលទ្ធផលនៃការបោះឆ្នោតនេះ។
នៅទីបំផុត ជ័យជម្នះរបស់លោក Trump នៅក្នុងរដ្ឋ Pennsylvania រដ្ឋ Georgia រដ្ឋ North Carolina និងរដ្ឋ Wisconsin បានធ្វើឱ្យលោកមានប្រៀបឈ្នះការបោះឆ្នោតនេះ។
នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារនោះ គណបក្សសាធារណរដ្ឋក៏បានឈ្នះសំឡេងភាគច្រើននៅព្រឹទ្ធសភាផងដែរដោយទទួលបានអាសនៈយ៉ាងតិច ៥១ ក្នុងចំណោមអាសនៈសរុបចំនួន ១០០។ គិតត្រឹមព្រឹកថ្ងៃពុធនេះ គេមិនទាន់ដឹងថាតើគណបក្សណានឹងឈ្នះបានការគ្រប់គ្រងរដ្ឋសភានោះទេ ដោយនៅពេលបច្ចុប្បន្ននេះគណបក្សសាធារណរដ្ឋជាអ្នកគ្រប់គ្រង៕
ប្រែសម្រួលដោយលោក ភី សុភាដា
វេទិកាបញ្ចេញមតិ