ទីក្រុងធំៗនៅជុំវិញពិភពលោកកំពុងតែផ្តោតទៅលើការការពារសន្តិសុខរបស់អ្នកដែលចូលរួមក្នុងការប្រារព្ធពិធីឆ្លងឆ្នាំសាកលចូលឆ្នាំ ២០១៧។
ការរឹតបន្តឹងសន្តិសុខនៅក្នុងទីក្រុងជាច្រើននេះ គឺដោយសារតែការវាយប្រហារដោយរថយន្តធុនធ្ងន់នៅក្នុងផ្សារលក់គ្រឿងតុបតែងបុណ្យណូអែល នៅក្នុងទីក្រុងប៊ែកឡាំង កាលពីថ្ងៃទី១៩ ខែធ្នូ ដែលបានសម្លាប់មនុស្ស១២នាក់ ហើយនិងដោយសារតែការវាយប្រហារជាច្រើនផ្សេងទៀតក្នុងអំឡុងឆ្នាំ២០១៦នេះ។
រដ្ឋធានីនៃប្រទេសអាល្លឺម៉ង់បានបន្ថែមរនាំងស៊ីម៉ង់ត៍ និងរថពាសដែកនៅកន្លែងប្រារព្ធពិធីឆ្លងឆ្នាំនៅច្រកចូលក្រុងឈ្មោះថា Brandenburg Gate ដើម្បីការពារមនុស្សពីយានយន្តនានា។
បារាំងបានលុបចោលការបាញ់កាំជ្រួចនៅឯ Tour Eiffel ទៀតហើយនៅឆ្នាំនេះ ប៉ុន្តែនឹងមានការតាំងបង្ហាញនៅតាមរុក្ខវិថី Champs-Elysees ដែលមានការពង្រឹងសន្តិសុខដោយទាហានប្រដាប់អាវុធនិងរបាំងចរាចរណ៍។
នៅកណ្តាលទីក្រុងឡុងដ៍ នឹងមានការពង្រាយប៉ូលិសប្រដាប់អាវុធនៅក្នុងរថភ្លើងក្រោមដីជាលើកទីមួយ។ ក្រុមមន្ត្រីប្រដាប់អាវុធមួយចំនួនការពារនៅតាមចំណតរថភ្លើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែនេះគឺជាលើកទីមួយហើយដែលមន្ត្រីប៉ូលិសប្រដាប់ដោយកាំភ្លើងនឹងជិះរថភ្លើងជាមួយនឹងអ្នកដំណើរពីចំណតរថភ្លើង Trafalgar Square ដល់តំបន់ទន្លេ Thames ដើម្បីប្រារព្ធពិធីឆ្លងឆ្នាំ។
នៅសហរដ្ឋអាមេរិក ក្រុមមន្ត្រីនៅទីក្រុងញូវយ៉ក បានដាក់ពង្រាយរថយន្តដឹកខ្សាច់ធុនធ្ងន់ជាច្រើននៅក្បែរទីលាន Time Square នៃសង្កាត់ Manhattan។ រថយន្តធុនធ្ងន់ទាំងនោះគឺដើម្បីការពារមនុស្សរាប់លាននាក់ដែលត្រូវបានរំពឹងធ្វើនឹងចូលរួមរង់ចាំឆ្នាំថ្មី២០១៧។
កន្លែងដ៏ពេញនិយមមួយទៀតគឺនៅប្រទេសអូស្ត្រាលី។ អូស្ត្រាលីបានបន្ថែមក្រុមមន្ត្រីប៉ូលិស២.០០០នាក់ និងរថយន្តក្រុងបន្ថែមទៀតដើម្បីការពារនៅតំបន់ Sydney Harbor ដែលជាកន្លែងដែលនឹងមានការបាញ់កាំជ្រួចស្វាគមន៍ឆ្នាំថ្មីដ៏ល្បីល្បាញពីស្ពាន Harbor៕