លំហូរនៃការផ្ញើរប្រាក់សាកលលោកបានធ្លាក់ចុះនៅឆ្នាំ២០១៦ ដែលជាឆ្នាំទី២ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ដែលកាត់បន្ថយយ៉ាងខ្លាំងដល់ការថែទាំសុខភាព ការសិក្សាអប់រំ ហើយនិងម្ហូបអាហារសម្រាប់ក្រុមគ្រួសាររាប់លាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
របាយការណ៍កាលពីថ្ងៃសុក្រមកពីអ្នកជំនាញរបស់ធនាគារពិភពលោកបានប្រាប់ឲ្យដឹងថា ជនចំណាកស្រុកបានផ្ញើរប្រាក់៤២៩ពាន់លានដុល្លារពីប្រទេសអ្នកមានទៅប្រទេសរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំ។ការផ្ញើរប្រាក់នេះមានការធ្លាក់ចុះចំនួន៤២ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។
ការធ្លាក់ចុះតម្លៃប្រេងនៅក្នុងប្រទេសនាំចេញទំនិញប្រើប្រាស់ និងភាពកំសោយនៃការរីកលូតលាស់សេដ្ឋកិច្ចនៅក្នុងតំបន់អឺរ៉ុបបានធ្វើឲ្យមានការធ្លាក់ចុះនៃលំហូរប្រាក់នេះ។
ប្រទេសឥណ្ឌាជាប្រទេសដែលទទួលបានប្រាក់ផ្ញើរមកពីក្រៅប្រទេសដ៏ធំបង្អស់របស់ពិភពលោក ហើយបានឃើញប្រាក់ដែលកម្មករនៅក្រៅប្រទេសរបស់ខ្លួនបញ្ជូនទៅកាន់ប្រទេសវិញបានធ្លាក់ចុះជិត៦៣ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះជិត៩ភាគរយ។ ការធ្លាក់ចុះយ៉ាងខ្លាំងនូវការផ្ញើរប្រាក់មកពីបរទេសបានត្រូវគេរាយការណ៍នៅក្នុងប្រទេសបង់ក្លាដែស នីហ្សេរីយ៉ា និងប្រទេសអេហ្ស៊ីប។
របាយការណ៍នោះបានប្រាប់ឲ្យដឹងថា ការផ្ញើរប្រាក់នោះ បានចុះសោហ៊ុយប្រហែល១៥ដុល្លារជាមធ្យមដើម្បីផ្ញើរប្រាក់ចំនួន២រយដុល្លាទៅកាន់ផ្ទះរបស់ខ្លួន ដោយមានសោហ៊ុយកាន់តែខ្ពស់ឡើងសម្រាប់ការផ្ញើរប្រាក់ទៅកាន់តំបន់វាលខ្សាច់សាហារ៉ាភាគខាងត្បូងនៃទ្វីបអាហ្វ្រិក។
ពួកមន្រ្តីធនាគារពិភពលោក ចង់កាត់បន្ថយតម្លៃឈ្នួលនេះមកនៅពាក់កណ្តាល ក៏ប៉ុន្តែ ការខំប្រឹងប្រែងនេះមានការស្មុគ្រស្មាញដោយសារច្បាប់ថ្មីដែលមានគោលបំណងធ្វើឲ្យមានការលំបាកកាន់តែខ្លាំងឡើងសម្រាប់ការលាងលុយកខ្វក់ហើយនិងការធ្វើសកម្មភាពខុសច្បាប់៕