ធនាគារពិភពលោក (World Bank) នៅព្រឹកថ្ងៃពុធនេះបានបញ្ជាក់ទៅរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាថា កម្ពុជាគួរពង្រឹងបន្ថែមនូវការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសាធារណៈ ស្របពេលដែលកំណើននៃការនាំចេញសម្លៀកបំពាក់បានធ្លាក់ចុះក្នុងឆ្នាំ២០១៦។
តាមរបាយការណ៍ស្រាវជ្រាវរបស់ធនាគារពិភពលោកសិក្សាអំពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆមាស១ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មសាធារណៈ» ឲ្យដឹងថា «ការវិនិយោគដែលផ្តល់ផលិតភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធ មានសារៈសំខាន់យ៉ាងខ្លាំង ខណៈដែលកង្វះហេដ្ឋារចនាសម្ព័ន្ធគឺជាឧបសគ្គ និងជាបញ្ហារាំងស្ទះចម្បងអស់រយៈកាលជាយូរមកហើយរបស់កម្ពុជា»។
ថ្លែងនៅក្នុងពិធីសម្ពោធរបាយការណ៍ស្តីអំពី «បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា» នាព្រឹកថ្ងៃពុធនេះ លោក Miguel Sanchez សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកថ្លែងថា កន្លងមកការនាំចេញសម្លៀកបំពាក់ ដែលជាវិស័យអាទិភាពមួយរបស់កម្ពុជា មានការថមថយ ដោយសារតែវិនិយោគិនបរទេសមើលឃើញថា ការប្រកួតប្រជែងវិស័យនេះកាន់តែមានលក្ខណៈចង្អៀត។ ហើយវិនិយោគិនមួយចំនួនបានជ្រើសប្រទេសផ្សេងទៀតក្នុងតំបន់ក្នុងការវិនិយោគដោយសារតែប្រាក់ឈ្នួលនិងការនាំចេញជាដើម។
លោក Miguel Sanchez ថ្លែងថា៖
«ថ្មីៗនេះ រូបិយប័ណ្ណដុល្លារសហរដ្ឋអាមេរិកឡើងចុះមិនទៀងទាត់។ ការនាំចេញសម្លៀកបំពាក់កាន់តែថ្លៃ។ វិស័យទេសចរណ៍ឡើងតម្លៃដូចគ្នា។ វិស័យផ្សេងៗដែលមិនពាក់ព័ន្ធធ្វើពាណិជ្ជកម្មចាប់ផ្តើមទាក់ទាញវិនិយោគិនជាង។ អញ្ចឹងហើយបានអ្នកឃើញថា មានការកើនឡើងនូវភាគហ៊ុនវិនិយោគក្នុងវិស័យសំណង់។»
ក្រៅពីការដំឡើងប្រាក់ខែអប្បបរិមាដល់ក្រុមកម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដល់ ១៥៣ដុល្លារក្នុងមួយខែ កត្តាផ្សេងៗទៀតដែលធ្វើឲ្យការនាំចេញថមថយ និងមានភាពប្រកួតប្រជែងនោះគឺការរងហានិភ័យមួយចំនួនពីសេដ្ឋកិច្ចសាកល ដូចជាភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មពិភពលោក ភាពយឺតយ៉ាវនៃការងើបឡើងវិញនៃសេដ្ឋកិច្ចអឺរ៉ុប និងការឡើងថ្លៃនៃអត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិកជាដើម។
លោក Miguelបន្ថែមថា ប្រសិនបើកម្ពុជាចង់ឲ្យវិស័យកាត់ដេរនិងវិស័យផ្សេងៗទៀតបន្តកំណើនជានិរន្តរភាពកម្ពុជាគួរតែគិតគូរអំពីការបង្កើនផលិតភាពការងារក្នុងវិស័យទាំងនោះ។
ស្រដៀងគ្នានឹងលោក Miguel លោក Stephen Higgins នៃក្រុមហ៊ុនប្រឹក្សាយោបល់ Mekong Strategic Partners បានប្រាប់ VOA តាមសារអេឡិចត្រូនិក ឬ អ៊ីមែល ថាការបង្កើនផលិតភាពការងារគឺជាកត្តាចម្បងបំផុតដែលត្រូវជំរុញដើម្បីទប់ស្កាត់ការបាត់បង់ការងារនៅពេលខាងមុខ។
លោកសរសេរក្នុងន័យដើមថា ៖
«ការលើកកម្ពស់ផលិតភាពការងារសំខាន់ខ្លាំងណាស់ ក្រោយការបង្កើនប្រាក់មួយចំនួនធំដែលយើងអង្កេតមើលថ្មីៗនេះនៅកម្ពុជា។ ពេលដែលកម្ពុជាប្រឹងប្រែងលើកកម្ពស់ជីវភាពកម្មករទាំងនោះ គេពិតជារងឥទ្ធិពលអវិជ្ជមានក្នុងប្រកួតប្រជែងដែលវាអាចបង្កជាការប្រថុយប្រថានខ្ពស់ទៅលើស្ថិរភាពការងាររបស់កម្មករ»។
តាមរបាយការណ៍ស្តីអំពី «បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា» របស់ធនាគារពិភពលោក ដែលចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ កំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ស្ថិតក្នុងកម្រិត៦,៩% ថេរក្នុងឆ្នាំ២០១៧ និង២០១៨ ក៏ប៉ុន្តែវាអាចនឹងធ្លាក់មកត្រឹម៦,៧% ក្នុងឆ្នាំ២០១៩។
ចំណែកឯវិស័យផ្សេងទៀត ធនាគារពិភពលោកបានឲ្យដឹងដែរថា សកម្មភាពក្នុងវិស័យទេសចរណ៍ មានការថមថយដោយដោយសារតែកង្វះភាពសម្បូរបែបក្នុងលើកស្ទួយវិស័យនេះ ក្រៅអំពីសក្តានុពលខេត្តសៀមរាប និងតំបន់ប្រាសាទអង្គរវត្តដែលមានស្រាប់។ ចំណែកឯសកម្មភាពក្នុងវិស័យសំណង់ និងវិស័យកសិកម្មមានសញ្ញាណវិជ្ជមាន តែនៅតែត្រូវការឲ្យមានការពង្រឹងផ្នែកផលិតភាពការងារ។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) បញ្ជាក់ថា ប្រធានបទនៅក្នុងការជជែកអំពីរបាយការណ៍ថ្ងៃនេះជាបញ្ហា «ដដែល»។
អ្នកជំនាញខាងសេដ្ឋកិច្ចរូបនេះថ្លែងទៅកាន់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖
«អ្វីដែលយើងព្រួយបារម្ភ គេព្រួយបារម្ភហ្នឹង យើងដឹងថាគ្មានអ្វីប្លែកទេ យើងដឹងយូរមកហើយ។ ធម្មតាទេ ដូចសព្វថ្ងៃហ្នឹង (វិស័យ)កាត់ដេរហ្នឹងអត់ប្រែប្រួលប៉ុន្មានទេ។ ប៉ុន្តែ បើយើងមិនវិនិយោគលើផលិតភាពការងារបន្ថែមទេ ផលិតភាពការងារមិនឡើងទេ»។
សេដ្ឋវិទូរូបនេះបន្តទៀតថា វិស័យផ្សេងៗទៀតដូចជាវិស័យកសិកម្មជាដើមចាំបាច់ការឲ្យមានការស្រាវជ្រាវដើម្បីអភិវឌ្ឍ (Research and Development) ដែលនៅកម្ពុជា ស្ថាប័នបែបនេះនៅមិនទាន់លូតលាស់នៅឡើយ។
លោក ម៉ី កល្យាណ ពន្យល់ថា៖
«ដូចខ្ញុំថាអញ្ចឹង បើយើងអត់ដាំពីឥឡូវទេ អត់ផ្លែផ្កាទេឆ្នាំក្រោយពីរបីឆ្នាំទៀតអត់មានហ្មងណា។ដល់អញ្ចឹងទៅយើងត្រូវការ Research and Development។ កុំឲ្យតែស្រាវជ្រាវៗ (Research Research) ស្រម៉ៃៗ ហើយអត់មាន Development។ ទាល់តែ Research ភ្ជាប់នឹងអ្វីដែលជាការពិតជាក់ស្តែង»។
ក្នុងកិច្ចពិភាក្សារយៈពេលជាង២ម៉ោង ទៅលើរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដៃគូអភិវឌ្ឍក្នុងវិស័យឯកជនមួយចំនួនបានផ្តល់យោបល់ទៅធនាគារពិភពលោកឲ្យបន្ថែមការយកចិត្តទុកដាក់ទៅលើបញ្ហាជាក់ស្តែង ដែលបង្អាក់ដំណើរអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
តួយ៉ាងលោក គួច ម៉េងលី ជាវិនិយោគិនដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យអប់រំ បានឲ្យយោបល់ទៅធនាគារពិភពលោកឲ្យយកចិត្តទុកដាក់បន្ថែមទៅលើការពង្រឹងភាពជាដៃគូអភិវឌ្ឍរវាងវិស័យឯកជន និងសាធារណៈ (Public-Private Partnership) ប្រសិនបើធនាគារពិភពលោក ពិតជាឲ្យតម្លៃលើការធ្វើឲ្យប្រសើរឡើងនូវផលិតភាពការងារ។ លោកបន្ថែមថា វិស័យឯកជនក៏ជាតួអង្គសំខាន់ ចូលរួមអភិវឌ្ឍជំនាញ និងផលិតភាពការងារ ក៏ប៉ុន្តែសមត្ថភាពក្នុងវិស័យឯកជនមួយនៅមានកម្រិត និងកំពុងត្រូវការជំនួយពី ដៃគូម្ចាស់ជំនួយ ជាពិសេសវិនិយោគក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលជំនាញ និងវិជ្ជាជីវៈ។
សហគ្រិនមួយរូបផ្សេងទៀតគឺ លោក លូ ម៉េង ប្រធានប្រធានក្រុមការងារនៃវិស័យឯកជន និងរដ្ឋាភិបាល ផ្នែកទេសចរណ៍ បង្ហាញចន្លោះខ្វះខាតមួយចំនួនដែលត្រូវការការពិភាក្សាអំពីកង្វះការអភិវឌ្ឍជំនាញក្នុងផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច និងកង្វះព័ត៌មានអំពីទីផ្សារ និងការអភិវឌ្ឍជំនាញក្នុងវិស័យកសិកម្មផងដែរ។ លោកបញ្ជាក់ថា ទាំងនេះគួរជាអនុសាសន៍សំខាន់ក្នុងការកំណត់ទិសដៅអភិវឌ្ឍរបស់កម្ពុជាផងដែរ។
យ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ២០១៧ នេះដែរ ធនាគារពិភពលោកផ្តល់អនុសាសន៍ឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលខ្លី គឺមើលទៅលើការបង្កើនផលិតភាពការងារជាថ្នូរនឹងការដំឡើងប្រាក់ឈ្នួល។ ឯការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ធនាគារពិភពលោកថា រាជរដ្ឋាភិបាលគួរបន្តដំឡើងប្រាក់បៀវត្សក្នុងវិស័យសាធារណៈដើម្បីកែលម្អសេវាសាធារណៈ និងសម្របសម្រួលជាមួយឯកជន និងជាចុងក្រោយលើកកម្ពស់ការគ្រប់គ្រងវិនិយោគសាធារណៈ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ៕