កំណត់និពន្ធ៖ ទិវារំលឹកគុណឪពុកនៅឆ្នាំ ២០២៣ នេះ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា។ នេះជា ថ្ងៃមួយដែលមនុស្សម្នានៅសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក នាំគ្នាផ្ញើសារ ឬទិញឥវ៉ាន់ជូនឪពុករបស់ពួកគេ។ សម្រាប់លោក ប៉ូច រាសី នៃវីអូអេ ថ្ងៃនេះ ជាថ្ងៃស្រគត់ស្រគុំមួយ ដែលនាំឱ្យលោកនឹកឃើញដល់ថ្ងៃ ដែលលោកបានឃើញមុខឪពុករបស់លោកជាលើកចុងក្រោយ។ លោក ប៉ូច រាសី បានសរសេរកំណត់ត្រារបស់លោក ជូនលោកអ្នកជាទីសណ្តាប់ដូចតទៅ៖
វ៉ាស៊ីនតោន — ថ្ងៃទី ១៨ ខែមិថុនានេះ ជាទិវារំលឹកគុណឪពុក។ ជារៀងរាល់ឆ្នាំនៅថ្ងៃនេះ ខ្ញុំតែងអង្គុយសម្លឹងមើលរូបថតឪពុកខ្ញុំមួយសន្លឹកដែលមានពណ៌សខ្មៅ ហើយព្យាយាមចងចាំឡើងវិញនូវរាល់រឿងរ៉ាវ ដែលបានកើតឡើងនៅថ្ងៃដែលខ្ញុំបានឃើញមុនឪពុកខ្ញុំ ជាលើកចុងក្រោយ។
ខ្ញុំមិនបានចាំថាថ្ងៃទីប៉ុន្មានទេ ព្រោះយើងគ្មានប្រក្រតីទិនមើលទេ។ តែខ្ញុំនៅចាំបានថាជាខែកញ្ញា ឆ្នាំ ១៩៧៧។ ពេលនោះខ្ញុំរស់នៅក្រោមរបបខ្មែរក្រហម ជាមួយជីដូនជីតា ម៉ាក់ប៉ានិងបងប្អូន ៣ នាក់ នៅភូមិត្រពាំងបី ស្រុកឈូក ខេត្តកំពត។
ខ្ញុំមានអាយុ ៩ ឆ្នាំ។ យប់នោះភ្លៀងធ្លាក់យ៉ាងជោគជាំ។ ហើយខ្ញុំបានស្ថិតនៅក្នុងខ្ទមប្រក់ស្បូវមួយខ្នងតូចតែម្នាក់ឯង។ ខ្ញុំមិនចាំថាពេលនោះក្រុមគ្រួសាររបស់ខ្ញុំស្ថិតនៅទីណាទេ។ ប៉ុន្តែពេលខ្ញុំភ្ញាក់ពីដំណេក ស្រាប់តែឃើញមនុស្សម្នាក់ដែលខ្ញុំមិនបាននឹកស្មានថាបានឃើញ។ លោកគឺជាឪពុករបស់ខ្ញុំដែលមានរៀងកាយស្គមស្គាំង ហេវហត់។ លោកមានអាយុប្រហែលជាងសែសិប។
របបខ្មែរក្រហមជារបបកុម្មុយនិស្តដែលទទួលខុសត្រូវលើការស្លាប់របស់មនុស្សប្រមាណជាងមួយលានប្រាំពីរសែននាក់ ដោយសារការអត់ឃ្លាន ជំងឺដម្កាត់ ការបង្ខំឱ្យធ្វើការងារទាំងយប់ទាំងថ្ងៃ និងការយកទៅសម្លាប់ដោយគ្មានការកាត់ទោស។
ឪពុកខ្ញុំពេលនោះកំពុងធ្វើការនៅក្នុងកងបុរសនៅកន្លែងមួយដែលខ្ញុំមិនបានចាំឈ្មោះ។ លោកនិងបុរសទាំងអស់អាចវិលត្រឡប់មកផ្ទះជួបក្រុមគ្រួសារតែ ២ ឬ ៣ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ឧទាហរណ៍ដូចជានៅពេលចូលឆ្នាំខ្មែរជាដើម។ ប៉ុន្តែពេលនោះជាខែកញ្ញា។ ខ្ញុំមិនចាំថាមានបុណ្យទានអ្វីក្នុងខែនេះទេ។
«យប់មិញប៉ាមកផ្ទះវិញពេលយប់ជ្រៅ។ កូនឯងកំពុងគេងលក់ ហើយប៉ាមិនចង់ដាស់កូនឱ្យភ្ញាក់»។ ឪពុកខ្ញុំនិយាយជាមួយខ្ញុំ តែភ្នែករបស់គាត់សម្លឹងមើលដំបូលខ្ទមហាក់ដូចជាចង់រកអ្វីមួយ។
ការពិតក្រុមចល័តរបស់ឪពុកខ្ញុំត្រូវអង្គការហៅឱ្យទៅជួយជួសជុលស្ពានមួយដែលអង្គការថាបានបាក់ ដោយសារមានភ្លៀងធ្លាក់ខ្លាំង។ ហេតុដូច្នេះទើបឪពុកខ្ញុំអាចត្រឡប់មកផ្ទះ ដើម្បីគេងប៉ុន្មានម៉ោងសិន មុននឹងធ្វើដំណើរ។
ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញមុខលោកឪពុកនៅព្រឹកនោះ ទោះបីជាឃើញគាត់ស្គមស្គាំងក៏ដោយ។ ប៉ុន្តែខ្ញុំមិនបាននិយាយប្រាប់គាត់ថា ខ្ញុំសប្បាយចិត្តទេ។ ខ្ញុំថែមទាំងមិនបានឱបគាត់ផង។ តាំងពីតូចមក ខ្ញុំមិនដែលឱបថើបគាត់សោះ។ និយាយទៅខ្ញុំមិនចាំថា ខ្ញុំហ៊ានទៅជិតគាត់ ឬសម្តែងការស្និទ្ធស្នាលជាមួយគាត់ផង។
បន្ទាប់មកឪពុកខ្ញុំក៏បានទាញរបស់អ្វីមួយចេញពីដំបូលស្បូវដែលចាស់ហើយពុកជាច្រើនកន្លែង។ វាជាថង់ប៉្លាស្ទីកតូចមួយ។ ហើយក្នុងថង់ពណ៌លឿងដែលបានហាលថ្ងៃហាលភ្លៀងអស់ពេលជាយូរមកហើយនោះ គឺជារូបថតសខ្មៅតូចមួយ ដែលមានជាប់កាវនៅពីក្រោយ។ វាជារូបថតដែលឪពុកខ្ញុំបានហែកចេញពីកាតរបស់គាត់ ហើយបានលាក់ទុកអស់ជាង ២ ឆ្នាំមកហើយ។
ឪពុកខ្ញុំបានប្រាប់ខ្ញុំថា៖ «លាក់រូបនេះទុកកុំឱ្យបាត់ណា។ ហើយពេលណាដែលកូនឯងជួប ចិន្តា ប្រគល់ឱ្យគាត់ទុកម្តងណា!» ។
ខ្ញុំក៏បានហុចដៃទៅទទួលពីគាត់ ហើយគ្រាន់តែងក់ក្បាលតែប៉ុណ្ណោះ។ ខ្ញុំឆ្ងល់ក្នុងចិត្តថាតើហេតុអ្វីបានជាគាត់យកវាចេញមក ហើយប្រគល់ឱ្យខ្ញុំ ហើយផ្តាំឱ្យខ្ញុំប្រគល់ទៅឱ្យបងស្រីខ្ញុំយ៉ាងដូច្នេះ? ក៏ប៉ុន្តែខ្ញុំមិនហ៊ានសួរគាត់។
«ប៉ាត្រូវទៅប្រជុំនៅរោងបាយដើម្បីដឹងថាត្រូវចេញដំណើរនៅពេលណា។ បន្តិចទៀតប៉ានឹងមកវិញ»។ គាត់ថាហើយ ក៏ចេញទៅរោងបាយដែលស្ថិតនៅចម្ងាយប្រហែល ១០០ ម៉ែត្រពីខ្ទមយើង។
ប្រហែលមួយម៉ោងក្រោយមក ឪពុកខ្ញុំត្រឡប់មកវិញ។
«ប៉ាត្រូវចេញដំណើរហើយ។ ប៉ុន្តែប៉ាចង់ឱ្យកូនឯងតាមពីក្រោយប៉ា។ កុំតាមជិតពេក។ កុំឱ្យអ្នកណាដឹង ហើយកុំឱ្យអ្នកណាឃើញកូនតាមប៉ាឱ្យសោះ។ បើសិនជាកូនឃើញគេចងស្លាប សេកប៉ា មានន័យថា កូននឹងលែងឃើញមុខប៉ាទៀតហើយ»។
ឪពុកខ្ញុំនិយាយដោយមិនបង្ហាញនូវមនោសញ្ចេតនាអ្វីបន្តិចទាល់តែសោះ។
«បាទ ប៉ា» ខ្ញុំឆ្លើយទៅគាត់វិញ ដោយទឹកមុខស្មើ។ ក្នុងពេល២ឆ្នាំកន្លងទៅនេះ គេយក មនុស្សទៅជាហូរហែរ។ គេគ្រាន់តែប្រាប់ថា «អង្គការស្នើឱ្យទៅ» តែប៉ុណ្ណោះ។ គ្មាននណារហ៊ានប្រកែក ឬហ៊ានសួររកមូលហេតុអ្វីទេ។ តែកាលណាគេមកហៅឱ្យទៅ គឺត្រូវតែទៅភ្លាមៗ។ ជួនកាលគេមកហៅទាំងយប់ក៏មាន។ ហើយអ្នកដែលគេហៅទៅ មិនដែលឃើញអ្នកណាម្នាក់ត្រឡប់មកវិញទេ។
ប៉ុន្តែនេះជារឿងដែលកើតឡើងចំពោះបុគ្គល។ ឪពុកខ្ញុំទៅជាមួយកងបុរសរបស់គាត់ ដែលមានគ្នាដល់ទៅប្រមាណ ៤០ នាក់ឯណោះ។ ដូច្នេះខ្ញុំគិតថា គួរតែមិនអីទេ។ អង្គការត្រូវការពួកគាត់ឱ្យទៅជួយជួសជុលស្ពាន។ ជួសជុលហើយ ពួកគាត់ប្រាកដជាមកវិញហើយ។ ដូច្នេះឪពុកខ្ញុំគ្មានអ្វីគួរឱ្យបារម្ភទាល់តែសោះ តាមការគិតរបស់ខ្ញុំ។
«ប៉ាទៅហើយណា។ កូនឯងនៅផ្ទះ កុំឈ្លោះគ្នាជាមួយបងប្អូនណា។ បងប្អូនត្រូវចេះស្រឡាញ់គ្នា។ កុំឈ្លោះគ្នា ហើយកុំធ្វើឱ្យម៉ាក់កូនឯងពិបាកចិត្តណា»។ ជាថ្មីម្តងទៀត ខ្ញុំគ្រាន់តែងក់ក្បាល ហើយឆ្លើយថា «បាទ បាទ» តែប៉ុណ្ណោះ។
នៅពេលឪពុកខ្ញុំចេញទៅជាមួយអ្នកជិតខាងពីរបីនាក់ ខ្ញុំក៏បានដើរតាមពួកគាត់យ៉ាងស្ងៀមស្ងាត់។ ខ្ញុំបានដើរក្រោយពួកគាត់ឆ្ងាយល្មម កុំឱ្យពួកគាត់ឃើញ តែជិតល្មមដើម្បីកុំឱ្យបាត់ពួកគាត់។ ដោយសារផ្លូវនោះមានដើមឈើ និងរុក្ខជាតិពាសពេញទាំងសងខាង ខ្ញុំអាចដើរតាមឪពុកខ្ញុំយ៉ាងស្រួល។
ប្រហែល ១៥ នាទីក្រោយមក ឱពុកខ្ញុំក៏បានដើរចូលផ្ទះកងឈ្លបដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ ៣ ដែលភ្ជាប់ទីក្រុងភ្នំពេញនិងទីរួមខេត្តកំពត។
ខ្ញុំក៏បានដើរត្រឡប់ក្រោយបន្តិច ហើយដើរកាត់សំដៅទៅផ្លូវជាតិ។ ខ្ញុំឡើងដើមស្វាយមួយដើមនៅលើផ្លូវជាតិ ដើម្បីឃ្លាំមើលឪពុកខ្ញុំ។ ដើមស្វាយនោះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្ទះកងឈ្លប ដូច្នេះខ្ញុំអាចមើលឃើញសកម្មភាពទាំងឡាយ។ ហើយបើសិនជាគេឃើញខ្ញុំ គេនឹងមិនសង្ស័យថា ខ្ញុំកំពុងលបមើលទេ។ ហើយបើគេឃើញហើយសួរខ្ញុំ ខ្ញុំបំរុងនឹងឆ្លើយថា ខ្ញុំគ្រាន់តែឡើងដើមស្វាយលេងតែប៉ុណ្ណោះ។
មួយសន្ទុះក្រោយមក ប្រហែលជា ១៥ នាទីទៅចុះ ស្រាប់តែមនុស្សចាប់ផ្តើមចេញពីផ្ទះកងឈ្លប។
ពួកគេចេញមកម្នាក់ម្តងៗ។ ឈ្លបខ្មែរក្រហមក្នុងសម្លៀកបំពាក់ពណ៌ខ្មៅពីរនាក់ ដែលកាន់កាំភ្លើង AK-47 បានយកកាំភ្លើងចង្អុលឱ្យឡើងឡានទាហាន GMC របស់អាមេរិក ដែលនៅសេសសល់ពីជំនាន់សាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ដែលថយគូថមកនៅកៀកនឹងផ្ទះកងឈ្លប។
បេះដូងខ្ញុំលោតបុកដើមទ្រូងរបស់ខ្ញុំយ៉ាងខ្លាំង ហាក់ដូចជាវាចង់ចេញមក។ ខ្ញុំក៏បានចាប់ផ្តើមយំទប់មិនឈ្នះ។ ឪពុកខ្ញុំបានទស្សន៍ទាយជាស្រេចទៅហើយ។ ហេតុដូច្នេះហើយបានជាគាត់ប្រគល់រូបថតដែលគាត់បានលាក់ទុកក្នុងដំបូលស្បូវរបស់ខ្ទមយើង អស់ជាង២ឆ្នាំមកហើយនោះ។ ហេតុដូច្នេះហើយបានជាគាត់បានប្រាប់ឱ្យខ្ញុំដើរតាមគាត់។ ហេតុដូច្នេះហើយបានជាគាត់បានប្រាប់ខ្ញុំថា បើសិនជាគេចងស្លាបសេកគាត់ ខ្ញុំនឹងលែងបានឃើញមុខគាត់ទៀតហើយ។ ហេតុដូច្នេះហើយបានជាគាត់ផ្តាំឱ្យខ្ញុំស្រឡាញ់បងប្អូនហើយកុំឈ្លោះគ្នា។ ហេតុដូច្នេះហើយបានជាគាត់ប្រាប់ខ្ញុំឱ្យស្តាប់ម៉ាក់ខ្ញុំ។
រថយន្តទាហាននោះនៅទីបំផុតក៏បានបើកកាត់ខ្ញុំឆ្ពោះទៅទីរួមខេត្តកំពត។ ខ្ញុំបានព្យាយាមរកមើលឪពុកខ្ញុំ ក៏ប៉ុន្តែខ្ញុំមិនអាចសម្គាល់គាត់បានឡើយ ពីព្រោះកងឈ្លបពីរនាក់ដែលអង្គុយនៅខាងក្រោយ បានបញ្ជាឱ្យពួកគាត់អង្គុយចោងហោង ហើយឱនក្បាលចុះ។ ម្យ៉ាងទៀតរថយន្តនោះបានបើកក្នុងល្បឿនយ៉ាងលឿន។
ក្រោយពីរថយន្តបានបើកទៅបាត់ ខ្ញុំអង្គុយនៅលើដើមស្វាយ ហើយសម្រក់ទឹកភ្នែកមិនព្រមឈប់។ ខ្ញុំទន់ជង្គង់ នឿយហត់ អស់កម្លាំង ហើយថែមទាំងដកដង្ហើមមិនចង់រួច។ ក៏ប៉ុន្តែខ្ញុំនៅមានក្តីសង្ឃឹម។ ខ្ញុំបានប្រាប់ខ្លួនឯងថា ឪពុកខ្ញុំគិតខុសហើយ ទោះជាខ្ញុំបានឃើញហេតុការណ៍ទាំងអម្បាលមាណក៏ដោយ។ ខ្ញុំនៅតែសង្ឃឹមថា ខ្មែរក្រហមនឹងដាក់គាត់ក្នុងគុក ជាមួយនឹងអ្នកឯទៀត ឬមួយក៏យកគាត់ទៅធ្វើការនៅកន្លែងផ្សេង ហើយទុកជីវិតឱ្យគាត់។ ខ្ញុំនៅតែសង្ឃឹមថា ថ្ងៃមួយ ខ្ញុំនឹងបានជួបគាត់ឡើងវិញ។
ខ្ញុំមិនចាំថា តើខ្ញុំប្រាប់ម៉ាក់ខ្ញុំយ៉ាងដូចម្តេចទេ នៅពេលដែលខ្ញុំជួបគាត់ក្រោយមក។ ខ្ញុំមិនចាំថា តើគាត់មានប្រតិកម្មយ៉ាងដូចម្តេចទេនៅពេលនោះ។ ខ្ញុំមិនអាចយល់ដឹងថាតើម៉ាក់ខ្ញុំមានអារម្មណ៍ដូចម្តេចទេ ក្រោយពីបានបាត់បង់កូនពីរនាក់ដែលឈឺស្លាប់ ហើយឥឡូវបាត់ទាំងស្វាមីទៀត។ ខ្ញុំមិនបានប្រាប់បងស្រីនិងប្អូនស្រីខ្ញុំទាល់តែសោះ ព្រោះខ្ញុំឈឺចាប់ពេក។
លោកយាយខ្ញុំបានដេរកូនហោប៉ៅមួយក្នុងភួយខ្ញុំ ហើយដាក់រូបថតឪពុកខ្ញុំទុកក្នុងនោះ រហូតដល់ពេលខ្ញុំបានជួបបងស្រីខ្ញុំ។ ខ្ញុំក៏បានប្រគល់ឱ្យគាត់ទុកតាមបណ្តំារបស់ឪពុកខ្ញុំ។ ។ សព្វថ្ងៃខ្ញុំនិងបងស្រី ព្រមទាំងប្អូនស្រី ម្នាក់ៗបានពង្រីករូបថតលោកឪពុកយើងដើម្បីទុកឱ្យកូនៗបានស្គាល់មុខជីតារបស់ពួកគេ។
នៅពេលខ្ញុំចាប់ផ្តើមចូលធ្វើការនៅវីអូអសំឡេងសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៩៣ ខ្ញុំលួចសង្ឃឹមថា ឪពុកខ្ញុំនៅរស់ ហើយអាចឮឈ្មោះខ្ញុំ ព្រមទាំងសំឡេងខ្ញុំតាមវិទ្យុ ហើយរកវិធីដើម្បីទាក់ទងជាមួយខ្ញុំ ហើយនៅទីបញ្ចប់ ខ្ញុំនឹងបានជួបគាត់វិញ។ មួយឆ្នាំកន្លងផុត។ ពីរឆ្នាំកន្លងផុត។ សុបិនជួបឪពុកខ្ញុំឡើងវិញ រលត់បន្តិចម្តងៗ ដូចភ្លើងទៀនដែលឆេះកាន់តែអស់ទៅៗ។ ចូលដល់ឆ្នាំទី ៣ ខ្ញុំក៏ចាប់ផ្តើមយល់ថា ខ្ញុំត្រូវទទួលស្គាល់ថា ឪពុកខ្ញុំបានចែកឋានហើយ។
ពួកខ្មែរក្រហមបានយកឪពុកខ្ញុំទៅអស់ ៤៦ ឆ្នាំហើយ ក៏ប៉ុន្តែអ្វីៗហាក់ដូចជាបានកើតឡើងកាលពីម្សិលមិញ។ ខ្ញុំនៅចងចាំទាំងអស់នូវអ្វីដែលលោកឪពុកខ្ញុំបាននិយាយប្រាប់ខ្ញុំនៅថ្ងៃចុងក្រោយនោះ។ ប៉ុន្តែពាក្យពេចន៍របស់គាត់ប្រៀបដូចជាសំណេរនៅលើក្រដាស។ ខ្ញុំមិនអាចចាំសំឡេងរបស់គាត់បានទេ។ ខ្ញុំនៅឃើញរូបថតរបស់គាត់រាល់ថ្ងៃ តែខ្ញុំមិនអាចឃើញកាយវិការរបស់គាត់ទេ។ ខ្ញុំមិនដឹងអំពីវាសនារបស់ឪពុកខ្ញុំនៅក្រោមដៃរបស់ពួកទាហានខ្មែរក្រហមទេ។ ខ្ញុំមិនដឹងថា តើគេយកគាត់ទៅដាក់គុក ដូចដែលខ្ញុំបានសង្ឃឹមទុក ឬមួយក៏គេសម្លាប់គាត់ចោលទេ។
បើសិនជាគេសម្លាប់គាត់ ខ្ញុំមិនដឹងថា តើគេប្រើវិធីអ្វីទេ។ តើគេយកកាំភ្លើងទៅបាញ់ចំក្បាលឬ? តើគេយកគាត់ទៅតម្រង់ជួរហើយបាញ់សម្លាប់ឬ? ឬមួយក៏គេយកដំបងវាយគាត់ពីក្រោយខ្នង? តើឪពុកខ្ញុំមានកំហុសអ្វី? តើគាត់បានប្រព្រឹត្តអំពើឧក្រិដ្ឋអ្វីទៅ? តើគេបានកាត់ទោសគាត់នៅទីណា និងនៅពេលណា? តើភស្តុតាងនៅឯណា? តើនណារជាអ្នករកឃើញថាគាត់មានទោស? ហើយបើមានទោស តើវាជាទោសអ្វីដល់ថ្នាក់យកគាត់ទៅសម្លាប់ចោលនោះ?
បើសិនជាគេសម្លាប់គាត់មែននៅថ្ងៃមួយកាលពីខែកញ្ញា ឆ្នាំ ១៩៧៧ ដូចដែលខ្ញុំមន្ទិលសង្ស័យនៅពេលនេះនោះ ខ្ញុំសង្ឃឹមថា ទោះជាគេបានប្រើវិធីអ្វីក៏ដោយ ក៏លោកឪពុករបស់ខ្ញុំមិនបានរងការឈឺចាប់យូរទេ៕