ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​វិស័យ​ទេសចរណ៍​និង​កសិកម្ម​ដាក់​ញត្តិ​ស្នើ​សុំ​ប្រាក់​ឈ្នួល​គោល​៣០០​ដុល្លារ


ក្រុមសហជីព និងកម្មករក្នុងវិស័យទេសចរណ៍ និងកសិកម្ម បានប្រមូលផ្តុំគ្នា ដាក់ញត្តិសុំកំណត់ប្រាក់ខែគោល នៅក្រសួងការងារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)
ក្រុមសហជីព និងកម្មករក្នុងវិស័យទេសចរណ៍ និងកសិកម្ម បានប្រមូលផ្តុំគ្នា ដាក់ញត្តិសុំកំណត់ប្រាក់ខែគោល នៅក្រសួងការងារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់​ វិច្ឆិកា/VOA)

ក្រុម​សហជីព និង​កម្មករ​ផ្នែក​ទេសចរណ៍ និង​កសិកម្ម បាន​ដាក់​ញត្តិ​ជា​លើក​ដំបូង​នៅ​ក្រសួង​ការងារ ស្នើ​ឲ្យ​មាន​ការ​កំណត់​​ប្រាក់​ឈ្នួល​គោល និង​អត្ថប្រយោជន៍​សម្រាប់​ការងារ​របស់​ពួកគេ។ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បញ្ជាក់​ថា ក្រសួង​នឹង​ពិនិត្យ​ដើម្បី​បញ្ជូន​សំណើ​របស់​កម្មករ​​បន្ត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ។

តំណាង​សហព័ន្ធសហជីព​វិស័យ​ទេសចរណ៍ និងកសិកម្ម ​រួម​ទាំង​កម្មករ​ជា​សមាជិក​ប្រមាណ​១០០​នាក់​ បាន​ប្រគល់​ញត្តិ​រួម​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះទៅ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដើម្បី​ស្នើ​សុំ​កំណត់ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​៣០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ។

តំណាង​សហជីព​និង​ក្រុម​កម្មករ​បាន​លើកឡើង​ថា​ ប្រាក់​ខែ​របស់​ពួកគេ​សព្វថ្ងៃ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ទេ។

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីព​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា លើក​ឡើង​ថា ការ​ដាក់​ញត្តិ​របស់​សហជីព​នៅ​ថ្ងៃ​នេះ ធ្វើ​ឡើង​ដោយសារ​កម្មករ​ក្នុង​វិស័យ​ទេសចរណ៍​ប្រឈម​នឹង​បញ្ហា​ខ្វះ​ខាត​ក្នុង​ជីវភាព ព្រមទាំង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម ដោយសារ​មិន​មាន​ប្រាក់​ឈ្នួល​គោល។

លោក ហេង ជឿន ប្រធានសហព័ន្ធសហជីពកម្មករវិស័យកសិកម្ម ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលប្រមូលផ្តុំដាក់ញត្តិសុំកំណត់ប្រាក់ខែគោលនៅក្រសួងការងារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
លោក ហេង ជឿន ប្រធានសហព័ន្ធសហជីពកម្មករវិស័យកសិកម្ម ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលប្រមូលផ្តុំដាក់ញត្តិសុំកំណត់ប្រាក់ខែគោលនៅក្រសួងការងារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

ចំណែក​លោក ហេង ជឿន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​វិស័យ​កសិកម្ម លើក​ឡើង​ថា និយោជក​ជួល​កម្មករ​ដោយ​ប្រើ​កិច្ច​សន្យា​រយៈពេល​ខ្លី។ ដូច្នេះ​លោក​បញ្ជាក់ថា កម្មករ​ដែល​កំពុង​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម តែង​រង​ការ​រំលោភ​សិទ្ធិ​ការងារ និង​ការ​ធ្វើ​ការងារ​នៅ​ទី​កន្លែង​គ្រោះថ្នាក់ តែ​ទទួល​បាន​ប្រាក់​ចំណូល​តិច។

«គាត់​ទៅ​ធ្វើការ​មួយ​ថ្ងៃ​ហ្នឹង​គាត់​បាន​ប្រាក់​ឈ្នួល ប៉ុន្តែ​បើ​គាត់​ឈឺ គឺ​អត់​បាន​ទៅ​ទេ ​គឺ​អត់​បាន​ប្រាក់​ឈ្នួល​ទេ។ ហើយ​មួយ​ទៀត​ បើ​និយោជក​គាត់​ចង់​បញ្ឈប់ គឺ​គាត់​បញ្ឈប់​តាម​អំពើ​ចិត្ត ហើយ​មិន​បាន​ទូទាត់​អ្វី​ទាំង​អស់។ ហើយ​និង​លុយ​អតីតភាព​ការងារ លុយ​អត្ថប្រយោជន៍​ផ្សេងៗ លុយ​សន្តិសុខ​សង្គម​អី​គឺ​អត់​ទទួល​បាន​ទាំង​អស់»។

ក្រុម​កម្មករក្នុងវិស័យ​ទេសចរណ៍​និង​សេវាកម្មបាន​ស្នើសុំ​ឲ្យ​ក្រសួង​ការងារ​កំណត់​ប្រាក់ឈ្នួល​តិច​បំផុត​ចំនួន​៣០០​ដុល្លារ​ក្នុង​មួយ​ខែ និង​កំណត់​ប្រាក់​ធានានុគ្រោះ ឬ​ថ្លៃ​សេវា​ឲ្យ​បាន​១០​ភាគរយ។

ចំណែក​ក្រុម​កម្មករ​ផ្នែក​កសិកម្ម​ស្នើ​កំណត់​ប្រាក់​ឈ្នួល​គោល​ឲ្យ​បាន​៣០០​ដុល្លារ​អាមេរិកក្នុង​មួយ​ខែ​ដូច​គ្នា ​និង​បាន​ស្នើ​សុំ​កែប្រែ​លក្ខខណ្ឌ​ការងារ រៀបចំ​ប្រព័ន្ធ​សុខភាព និង​សុវត្ថិភាព​រួម​ទាំង​ធ្វើ​វិសោធនកម្ម​ច្បាប់​នានា​ពាក់ព័ន្ធ​នឹង​កិច្ច​សន្យា​ការងារ​ និង​សេរី​ភាព​សហជីពជូន​កម្មករ​និយោជិត។

អ្នកស្រី ភួង វិជ្ជនី អ្នកធ្វើការផ្នែកចុងភៅនៅសណ្ឋាគារមួយឯខេត្តសៀមរាប ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលប្រមូលផ្តុំដាក់ញត្តិសុំកំណត់ប្រាក់ខែគោលនៅក្រសួងការងារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
អ្នកស្រី ភួង វិជ្ជនី អ្នកធ្វើការផ្នែកចុងភៅនៅសណ្ឋាគារមួយឯខេត្តសៀមរាប ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលប្រមូលផ្តុំដាក់ញត្តិសុំកំណត់ប្រាក់ខែគោលនៅក្រសួងការងារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

អ្នកស្រី ភួង វិជ្ជនី អ្នក​ធ្វើការ​ផ្នែក​ចុង​ភៅ​នៅ​សណ្ឋាគារ​មួយ​ឯ​ខេត្ត​សៀម​រាប ឲ្យ​ដឹង​ថា ​អ្នក​ស្រី​ទទួល​ប្រាក់​ខែ​បាន​ត្រឹម​តែ​ជាង​១០០​ដុល្លារ​ក្នុង​មួយ​ខែ​តែ​ប៉ុណ្ណោះ។ ​ហើយ​ប្រាក់​ខែ​នេះ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​បានទេ។

«១០០​ដុល្លារ​សម្រាប់​យើង​គឺ​ចាយ​អត់​គ្រប់​ទេ ព្រោះអី​យើង​មើល​ទៅ​ខាង​ម្ហូប​អាហារ ចំណី​អាហារ ហើយ​និង​វិស័យ​អីៗ​វា​ឡើង​ថ្លៃ​ទាំងអស់។ អញ្ចឹង​បាន​យើង​ទាមទារ​លុយ​ខែ៣០០​ដុល្លារ ​លុយ​ខែ​គោល និង Service Charge (គិត​ថ្លៃ​សេវា) ១០​ភាគរយ​ហ្នឹង»។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​កម្ម​ករ​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍ និង​កសិកម្ម ដាក់​ញត្តិ​ទាម​ទារ​ឲ្យ​មាន​ការ​កំណត់ប្រាក់​ឈ្នួល​គោល និង​អត្ថប្រយោជន៍​ក្នុង​សកម្មភាព​ការងារ​របស់​ពួកគេ។

ខណៈ​ក្រុម​សហជីព និង​កម្មករ​ថ្លែង​សារ​អំពី​មូលហេតុ​នៃ​ការ​ដាក់​ញត្តិ​ស្នើ​ឲ្យ​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នេះ គេ​ឃើញ​ក្រុម​មន្រ្តី​ក្រសួង​ការងារ​បាន​ចេញ​មក​ទទួល​យក​ញត្តិ​ពី​សហជីព និង​កម្មករ។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ប្រាប់ VOA ថា ក្រសួង​នឹង​សម្រប​សម្រួល​តាម​បែប​ត្រី​ភាគី​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​សហជីព និងកម្មករ​នេះ។

«ក្រសួង​នឹង​យក​សំណើ​ទាំង​អស់​នេះ​ទៅ​ជូន​ភាគី​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​ការ​ពិចារណា ហើយ​ក៏​នឹងស្នើសុំ​ជំនួយ​បច្ចេកទេស​ពី​ដៃគូ​ពាក់ព័ន្ធ​ ដើម្បី​ពិនិត្យ​មើល​ថា តើ​យើង​នឹង​មាន​យន្តការ​យ៉ាង​ដូច​ម្តេច ហើយ​វាមានផល​ប៉ះពាល់​យ៉ាង​ដូចម្តេច​នៅ​ក្នុង​ការ​កែ​សម្រួល​បទដ្ឋាន​ណាមួយ»។

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលប្រមូលផ្តុំដាក់ញត្តិសុំកំណត់ប្រាក់ខែគោលនៅក្រសួងការងារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលប្រមូលផ្តុំដាក់ញត្តិសុំកំណត់ប្រាក់ខែគោលនៅក្រសួងការងារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

កាលពីខែ​តុលា ឆ្នាំ​២០១៨ ​ក្រសួង​ការងារ​បាន​ចេញ​ប្រកាស​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែក​ជើង សម្រាប់​ឆ្នាំ​២០១៩ ចំនួន​១៧៧​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ខែ។ រដ្ឋាភិបាល​ក៏​បាន​សម្រេច​ចំណាយ​ថវិកា​ជាតិ​ចំនួន​ប្រាំ​ដុល្លារ​ ដើម្បី​បន្ថែម​លើ​ប្រាក់​ខែ​គោល​របស់​ក្រុម​កម្ម​ករ​ ដែល​ធ្វើ​ឲ្យ​ប្រាក់​ខែ​គោល​របស់​ពួកគេ​កើន​ដល់​១៨២​ដុល្លារ​អាមេរិក។

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីព​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជាលើក​ឡើង​ថា សំណើ​របស់​កម្មករ​ផ្នែក​សណ្ឋាគារ សេវាកម្ម​ និង​ផ្នែក​កសិកម្មអាច​នឹង​ត្រូវ​បានដោះស្រាយ​ ប្រសិន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ៕

XS
SM
MD
LG