ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​ស្នើ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ដល់​ជាង​២០០​ដុល្លារ


រូបឯកសារ៖ ក្រុម​សហជីព​ និង​សមាគម​ប្រមាណជាង​២០ ក្រុម​ និង​កម្មករ​​រោងចក្រ​កាត់ដេរ​ សំណង់​ ក្រុម​អ្នក​បររ៉ឺម៉​កង់បី​ និង ក្រុម​យុវជន​ជាង ១០០០ នាក់ប្រារព្ធ​​ទិវា​ពលកម្ម​អន្តរជាតិខួប​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/VOA)
រូបឯកសារ៖ ក្រុម​សហជីព​ និង​សមាគម​ប្រមាណជាង​២០ ក្រុម​ និង​កម្មករ​​រោងចក្រ​កាត់ដេរ​ សំណង់​ ក្រុម​អ្នក​បររ៉ឺម៉​កង់បី​ និង ក្រុម​យុវជន​ជាង ១០០០ នាក់ប្រារព្ធ​​ទិវា​ពលកម្ម​អន្តរជាតិខួប​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/VOA)

កិច្ច​ប្រជុំនេះ​ ​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃទី​១០ ខែកញ្ញា​ វេលាម៉ោង​៩ព្រឹក ​នា​ទីស្តីការ​ក្រសួង​ការងារ​ក្នុង​ទីក្រុង​ភ្នំពេញ។ ក្នុងការ​ប្រជុំ​ដដែល​នេះ​ នឹង​មាន​ភាគី​និយោជក​ចំនួន​១៦រូប​ និង​ភាគី​រដ្ឋាភិបាល​ចំនួន​១៦រូប​ផង​ដែរ។

ក្រុម​មេ​ដឹក​នាំ​សហជីព​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា​ បាន​ឱ្យ​ដឹង​នៅ​សប្តាហ៍​នេះ​ថា ​ខ្លួន​បាន​កំណត់​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់ដេរឆ្នាំ​២០១៩​ ​ចំនួន​ជាង​២០០​ដុល្លារ ដើម្បី​ចរចា​ជាមួយ​ភាគី​និយោជក​ ​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ខាងមុខ។

អ្នកស្រី​ ​យ៉ាង សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ​បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ​ក្រុម​សហជីព​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ បាន​ឯកភាព​គ្នា​យក​តួលេខ​ប្រាក់​ឈ្នួល​ចំនួន​២១១.៩៤ដុល្លារ​ ដើម្បី​ចរចា​ជាមួយ​ភាគី​និយោជក។​ ​អ្នកស្រី​បាន​បន្ថែម​ថា​ ​ចំនួន​តួលេខ​នេះ​ ​នឹង​នៅតែ​មិន​អាច​ធ្វើ​ឲ្យ​កម្មករ​ទទួល​បាន​ជីវភាព​សមរម្យ​នោះ​ទេ​ ហើយ​ថា​ ​កម្មករ​គួរតែ​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​នេះ​ ​ទើប​អាច​ទប់ទល់​នឹង​ការ​ចាយ​វាយ​ប្រចាំ​ខែ​បាន។​

«តាម​ការ​សិក្សា​ស្រាវជ្រាវ​ដែល​យើ​ង​រក​ឃើញ​ ប្រាក់​ឈ្នួល​របស់​កម្មករ​ គឺ​២៨០​ជាង​ ជា​តួលេខ​ចុងក្រោយ​នៃ​ជម្រើស​ចុងក្រោយ​ ដែល​យើង​ដាក់​ជម្រើស​ចុង​ក្រោយ​ ប៉ុន្តែ​ដោយសារ​តែ​យើង​មិន​បាន​ឯកភាព​គ្នា​ទៅលើតួលេខ​មួយ​ហ្នឹង​ទេ។ តួលេខ​ហ្នឹង​មាន​ការ​បោះឆ្នោត​គាំទ្រ​តិចតួច​បំផុត។ អីចឹង​តួលេខ​ ដែល​យើង​ដាក់​ទៅ​ ២១១.៩៤​ហ្នឹង​ ជា​តួលេខ​ដែល​មាន​ការ​គាំទ្រ​ជាង​គេ។ ចឹង​សម្រាប់​ពួកខ្ញុំ​ខ្លួន​ឯង​ មក​គាំទ្រ​តួលេខ​មួយ​ហ្នឹង​ ប៉ុន្តែ​បើ​ខ្ញុំ​ជ្រើសរើស​ ខ្ញុំអត់​ស្រឡាញ់​នូវ​តួលេខ​មួយ​ហ្នឹង​ទេ​ ព្រោះ​តួលេខ​ហ្នឹង​ វា​តួលេខ​មាន​កម្រិត​ទាប»។​

កាល​ពី​ពាក់​កណ្តាល​ខែសីហា​កន្លងទៅ​ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​លិខិត​ អញ្ជើញ​មេដឹកនាំ​ និង​តំណាង​សហជីព​តូចធំ​ចំនួន​១៦ ឲ្យ​ចូលរួម​ជា​សមាជិក​ និង​ប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ ត្រីភាគី​ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​ កាត់ដេរ​ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៩។​

កិច្ច​ប្រជុំនេះ​ ​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃទី​១០ ខែកញ្ញា​ វេលាម៉ោង​៩ព្រឹក ​នា​ទីស្តីការ​ក្រសួង​ការងារ​ក្នុង​ទីក្រុង​ភ្នំពេញ។ ក្នុងការ​ប្រជុំ​ដដែល​នេះ​ នឹង​មាន​ភាគី​និយោជក​ចំនួន​១៦រូប​ និង​ភាគី​រដ្ឋាភិបាល​ចំនួន​១៦រូប​ផង​ដែរ។​

លោក​ ​អាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ក្រុម​សហជីព​តូចធំ​ជា​ច្រើន​មក​ពី​គ្រប់​និន្នាការបាន​សិក្សា​លើ​តួលេខ​បួន​ផ្សេងៗ​ ​គឺ​ចាប់​ពី​ជាង​ ​១៩០ដុល្លារ​ ​រហូតដល់​២៨៦ដុល្លារ​ ​តែ​ក្រោយ​មក​ពួកគេ​បានយល់​ព្រម​លើ​ចំនួន​២១១.៩៤ដុល្លារ​ ​ដែល​ជា​ចំនួន​ត្រូវ​បាន​ធ្វើ​ឡើង​ ​ក្រោយ​ការ​ពិនិត្យ​លើ​ស្ថានភាព​សេដ្ឋកិច្ច​នយោបាយ​ ​អតិផរណា​ និង​កំណើន​ផលិត​ភាព​ ក៏ដូច​ជា​កត្តា​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ក្នុង​ឧស្សាហកម្ម​កាត់ដេរ។

មេដឹកនាំ​សហជីព​រូប​នេះ​ ​មិនទាន់​ប្រាកដ​នៅ​ឡើយ​ថា​ ខាង​និយោជក​ ក៏ដូចជា​ខាង​រដ្ឋាភិបាល​នឹង​ពិចារណា​ទៅលើតួលេខ​ថ្មីនេះ​ទេ ក៏ប៉ុន្តែ​លទ្ធផល​វិជ្ជមាន​អាច​មាន​ច្រើន​ ​ព្រោះ​បញ្ហា​កម្មករ​នៅតែ​ស្ថិត​ក្នុង​ការ​យក​ចិត្តទុកដាក់​ខ្លាំង​ពី​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​នេះ។

លោក​មាន​ប្រសាសន៍​ថា៖​ «នាយក​រដ្ឋ​មន្ត្រី​ គាត់​បាន​ប្រកាស​ថា​ ទោះ​បី​ជា​មុន​បោះឆ្នោត​ ក្រោយ​បោះឆ្នោត​ ក៏​គាត់​នៅតែ​ជួយ​កម្មករ​ ហើយ​យើង​ឃើញ​ក្រោយ​បោះឆ្នោត​ ក៏គាត់​នៅ​ចុះ​ជួយ​ចឹង។ យើង​គិត​ថា ​អាហ្នឹង​វា​ជា​សញ្ញាណ​ល្អ​ដែរ​ អាហ្នឹង​ទី​មួយ។ ទីពីរ​សហគមន៍​អឺរ៉ុប​ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​លោក​ខាងលិច​ហ្នឹង​គឺ​ នៅតែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​ លក្ខខណ្ឌ​ការងារ​ សិទ្ធិ​កម្មករ​ហ្នឹង។ អីចឹង​ ខ្ញុំ​គិត​ថា​ ពេល​បច្ចុប្បន្ន​ហ្នឹង​ រដ្ឋាភិបាល​កំពុង​តែ​ដើម្បី​ដោះស្រាយ​ការ​ សំណូមពរ​របស់​ខាង​សហគមន៍​អឺរ៉ុប​រឿង​ពាក់​ព័ន្ធ​ ទំនាក់​ទំនង​ពាណិជ្ជកម្ម​ហ្នឹង​ផង​ ប្រហែល​ជា​អាច​ហ្នឹង​គាត់​នឹង​អាច​ដំឡើង​ប្រាក់​ឈ្នួលអី​ដល់​កម្មករ»។​

លោក​ ​ខេន លូ (Ken Loo)​ ​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ មិន​ធ្វើការ​អធិប្បាយ​លើ​តួលេខ​ ដែល​ក្រុមសហជីព​បាន​លើកឡើង​នោះ​ទេ​ ដោយ​ត្រូវ​ចាំ​ពេល​ចរចា​មក​ដល់។​
«អាហ្នឹង​ចាំយើង​ប្រជុំ​សិន​ទៅ​ ព្រោះ​យើង​អត់​ទាន់​ប្រជុំ​ចឹង​ ចាំ​យើង​ប្រជុំ​ថ្ងៃច័ន្ទ​ ចាំ​មើល​យ៉ាង​ម៉េច​សិន»។​

នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​២០១៨ ដែល​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​ប្រទេស​នៅបស្ចិម​លោក​នោះ​ មេដឹកនាំ​កម្ពុជា​លោក​ហ៊ុន​ សែន​ បាន​បង្ហាញ​ការ​យក​ចិត្តទុកដាក់​លើ​សុខទុក្ខ​របស់​កម្មករ​ ​ដោយ​លោក​តែងតែ​បាន​អន្តរាគមន៍​ ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជា​បន្តបន្ទាប់ ​តាំង​ពីឆ្នាំ​២០១៤មក។​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​សម្រេច​ផ្តល់​ការ​ជួយ​ទំនុក​បម្រុង​ជាច្រើន ទាំង​ខាង​សង្គម​ ​និង​សេដ្ឋកិច្ច​ដល់​កម្មករ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ។

ក៏ប៉ុន្តែ​ បើទោះបី​ជា​រដ្ឋាភិបាល​បាន​បង្ហាញ​ការ​យក​ចិត្តទុក​ដាក់​លើ​ជីវិត​របស់​កម្មករ​ក្នុង​ឧស្សាហកម្ម​នេះ​ក្តី​ ក៏​គេ​នៅ​សង្កេត​ឃើញ​ថា​ កម្មករ​នៅតែ​ទទួល​រងគ្រោះ​ ក្នុង​ពេល​បំពេញ​ការងារ​ ឬ​ក្នុង​ពេល​ធ្វើ​ដំណើរ ដោយ​ក្នុង​នោះ​មាន​ការ​ដួល​សន្លប់​ក្នុង​រោងចក្រ​ និង​គ្រោះថ្នាក់​តាម​ផ្លូវ​ដែល​បន្ត​កើត​មាន​នៅឡើយ។​ ក្រុម​កម្មករ​ក៏​នៅតែ​ត្រូវ​គេ​មើល​ឃើញ​ថា​ ​មានការ​រឹតត្បិត​លើ​ការ​ហូបចុក​អាហារ​ ដែល​មាន​ជីវជាតិ​មិន​គ្រប់​គ្រាន់​ដើម្បី​ទ្រទ្រង់​សុខភាព​ផង​ដែរ។​

អ្នកស្រី​ ​យ៉ាង សោភ័ណ្ឌ​ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​អះអាង​ថា​ ​ក្រោយ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ម្តងៗ​ កម្មករ​បាន​ទទួល​រង​សម្ពាធពីខាង​ភាគី​និយោជក​ ​ដែល​បាន​ជំរុញ​ឲ្យ​កម្មករ​បង្កើន​បិរមាណ​នៃ​ការ​ផលិត។​

អ្នកស្រី​និយាយ​ថា៖​

«ឧទាហរណ៍​ថា​ ឆ្នាំ​២០១៨​ កម្មករ​ម្នាក់​ហ្នឹង​ផលិត​បាន​សម្លៀក​បំពាក់​ហ្នឹង​ឧទារណ៍ថា​ ១០០០ខោ​ ក្នុង​មួយឆ្នាំ​ហ្នឹង​ អីចឹង​បើសិន​ណា​ឡើង​ប្រាក់​ឈ្នួល​នៅក្នុង​ឆ្នាំ​២០១៩​ហ្នឹង​ កម្មករ​ហ្នឹង​មិន​ត្រូវ​ផលិត​បាន​១០០០ហ្នឹង​ទៀត​ទេ​ ត្រូវ​ផលិត​យ៉ាង​ហោចណាស់​ ក៏បាន​១២០០​ ឬក៏​១៣០០​ ១៣០០​សម្លៀក​បំពាក់​អីចឹង​។ អានេះ​ហើយ​ជា​ចំណុច​ដែលកម្មករ​ទាំងអស់​គ្នា​នាំ​គ្នា​ត្អូញត្អែ​ថា​ ប្រាក់​ឈ្នួល​កើន​ឡើង​មែន​ ប៉ុន្តែ​ការ​ធ្វើ​ការងារ​របស់​គាត់​ ក៏ត្រូវ​ធ្វើ​ការងារ​ឲ្យកើន​ជាង​មុន​ដែរ។ បើ​មិន​ធ្វើ​កើន​ជាង​មុន​ទេ​ ត្រូវ​បាន​គេ​ជេរ​ ត្រូវបាន​គេ​បណ្តេញ​ចេញ​ ត្រូវបាន​គេ​បញ្ឈប់​ ត្រូវបាន​គេ​គំរាមកំហែង​ គេ​បង្ខំ​តាម​អំពើ​ចិត្ត​របស់​គេ​ចឹង។​ ​យើង​ឃើញ​ចំណុច​នេះ​កើតឡើង​រហូត​មក​ តាំងពី​យើង​ចរចា​ប្រាក់​ឈ្នួល​រហូត​មក​ដល់​ពេល​ឥឡូវនេះ»។​

លោក​ ​ហេង សួ​ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ស្នើ​ឲ្យ​មានការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​អធិការ​កិច្ច​របស់​ក្រសួង​ ប្រសិន​បើ​មាន​ករណី​ ដែល​និយោជក​បន្ថែម​ការងារ​យ៉ាង​ដូច្នេះ​មែន​ ​ក្រោយ​ការ​ដំឡើង​ប្រាក់​ឈ្នួល​នោះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើសិន​ជា​មាន​ គឺ​សុំ​ប្តឹង​មក​អធិការ​ការងារ​យើង​ គឺ​យើង​នឹង​ចុះ​ចាត់​ការ​ភ្លាម​តែ​ម្តង​បាទ​ បើសិន​ជា​មាន។ ហើយ​បើសិន​ជា​ដឹង​ហើយ​លាក់​ នោះ​អ្នក​ដែល​ដឹង​ហ្នឹង​គឺ​ឃុប​ឃិត​ ហើយ​រួមផ្សំ​ជាមួយ​និយោជក​ ធ្វើ​អំពើខុស​ទៅវិញ​ទេ។ អីចឹង​បើសិន​ជា​អ្នក​ដែល​ដឹង​ សុំ​ប្តឹង​មក​អធិការ​យើង​តែ​ម្តង​មក​បាទ»។​

ពាក់​ព័ន្ធ​នឹង​ការ​ចរចា​ប្រាក់​ឈ្នួល​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃច័ន្ទ​ខាងមុខ​នេះ​ លោក​ ​ហេង សួ​ ​មិនទាន់​មាន​ការ​អធិប្បាយ​យ៉ាង​ណា ទៅ​លើ​តួលេខ​ប្រាក់​ឈ្នួល​ថ្មី​ដែល​ស្នើឡើង​ដោយ​ខាង​ភាគី​សហជីព​នោះ​ទេ។​

ឧស្សាហកម្ម​កាត់ដេរ​ ​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​៧០ម៉ឺន​នាក់​ ​ដែល​ភាគច្រើន​ជាស្ត្រី​ដែល​មក​ពី​បណ្តា​ខេត្ត​នានា​នៅក្នុង​ប្រទេស។​ ​កាលពី​ឆ្នាំ​២០១៧​ ​ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវ​បាន​ដំឡើង​ដល់​១៧០ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ ដោយ​មាន​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន៕

XS
SM
MD
LG