ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​កម្មករ​ស្នើ​ក្រសួង​ការងារ​ជំរុញ​ថៅកែ​ឲ្យ​បន្ត​បើក​ប្រាក់​ដំណាច់​អតីត​ភាព​ការងារ​ឲ្យ​កម្មករ


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​ដេរ​​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​ដេរ​​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

សហជីព​សហភាព​និង​សហព័ន្ធ​ការងារ​ជាង​១០​ដែល​តំណាង​ឲ្យ​កម្មករ​នយោជិត​ដែល​ធ្វើ​ការ​ងារ​ក្នុង​រោងចក្រ​កាត់​ដេរ​ និង​វិស័យ​ការងារ​ផ្សេង​ទៀត ​បាន​ទាមទារ​ឲ្យ​ក្រសួង​ការងារ​ជំរុញ​ឲ្យថៅកែ​រោងចក្រ​និង​ក្រុមហ៊ុន​ បើក​ប្រាក់​អតីត​ភាព​ការងារ​មុន​ឆ្នាំ​២០១៩​ និង​ប្រាក់​ដំណាច់​អតីត​ភាព​ការងារ​ថ្មី​ឆ្នាំ​២០២០​ដល់​កម្មករ ដោយ​ពួកគេ​លើក​ឡើង​ថា កម្មករ​ត្រូវ​ការ​ប្រាក់​នេះ​ជាចាំ​បាច់ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​អំឡុង​ពេល​នៃ​ជំងឺ​កូវីដ​១៩។​

លិខិត​រួម​គ្នា​របស់​ក្រុម​សហជីព​ទាំង​នេះ​ ដែលផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង នៅថ្ងៃ​ទី​២២​ ខែ​មិថុនា​នេះ បាន​រៀបរាប់​ថា​ ​កម្មករនយោជិត​ត្រូវ​បាត់​បង់​ការងារ​ និង​ប្រាក់​ចំណូល​ប្រចាំ​ខែ​ជា​បន្តបន្ទាប់​ដោយសារ​ជំងឺ​កូវីដ១៩ ដែល​ធ្វើ​ឲ្យពួកគេ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ជា​ត្រូវ​សង​កម្ចី​ប្រចាំ​ខែ​ និង​ត្រូវ​ចំណាយ​លើ​សេវា​ព្យាបាល​ជំងឺ​សមាជិក​គ្រួសារ​ជាដើម។​

លោក​អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​ស្ថិត​ក្នុង​ក្រុម​សហជីព​ទាំង​នេះ បាន​ថ្លែងប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖​ «ពួក​គាត់​ត្រូវ​ការ​លុយ​ពេល​ហ្នឹង​ ក្នុង​ពេល​លំបាក​ហ្នឹង ​និង​ទី​២​គាត់​បារម្ភ​ខ្លាច​អត់​បាន​ប្រាក់​ហ្នឹង​ បើ​គាត់​ធ្វើ​ការ​ទៅ​មាន​កំហុស​ធ្ងន់​អី​ក្នុង​អំឡុង​ពេល​ហ្នឹង»។​

វីអូអេ​មិន​អាច​ទាក់ទង​លោក​ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ទេ​នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ គិត​ត្រឹម​ម៉ោង​ផ្សាយ។​

យ៉ាង​តិច​មាន​កម្មករ​ជាង​១៤​ម៉ឺន​នាក់​ត្រូវ​បាន​និយោជក​ព្យួរ​ការងារ ​និង​រាប់​ពាន់​នាក់​ទៀត​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយសារ​ផល​ប៉ះពាល់​នៃ​ការ​រីករាលដាល​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។ នេះ​បើ​យោង​តាម​សហជីព​ការងារ៕

XS
SM
MD
LG