ស្ត្រីរាប់ពាន់នាក់បានចូលរួមនៅក្នុងការដើរក្បួនតវ៉ារបស់ស្ត្រីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងផ្សេងៗទៀតនៅទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីលើកទឹកចិត្តពលរដ្ឋអាមេរិកាំងកុំឲ្យបោះឆ្នោតឲ្យលោកប្រធានាធិបតី Donald Trump នៅអាណត្តិទីពីរ និងដើម្បីតវ៉ាប្រឆាំងនឹងការតែងតាំងអ្នកស្រី Amy Coney Barrett ជាចៅក្រមតុលាការកំពូល។
អ្នកស្រី Rachel O'Learyនាយកប្រតិបត្តិនៃចលនាតវ៉ារបស់ស្ត្រី (Women's March) បាននិយាយនៅមុនការជួបជុំតវ៉ានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា៖ «វាមិនទាន់គ្រប់គ្រាន់នោះទេ ដោយគ្រាន់តែនិយាយថា ពួកយើងនឹងបញ្ឈប់លោក Trump នោះ។ ពួកយើងត្រូវនិយាយថា ពួកយើងត្រូវតែបំពេញតាមការសន្យាដែលប្រទេសនេះមានចំពោះយើងទាំងអស់គ្នា។ វាអាស្រ័យលើខ្លួនយើងម្នាក់ៗនៅក្នុងការចាប់ផ្ដើមអនុវត្តដើម្បីសម្រេចឲ្យបាននៅពេលអនាគត។ ចូរធ្វើឲ្យវាកើតឡើង!»
ស្ត្រីដែលសុំមិនបញ្ចេញឈ្មោះម្នាក់ដែលបានចូលរួមនៅក្នុងការដើរក្បួនតវ៉ានេះ បានប្រាប់ VOA ថា៖ «ពួកយើងមកទីនេះ ដោយសារតែពួកយើងជឿថា លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកកំពុងប្រឈមនឹងហានិភ័យ ហើយពួកយើងដឹងថា អំណាចរបស់ស្ត្រីអាចនាំឲ្យមានការផ្លាស់ប្ដូរបាននៅក្នុងប្រទេសនេះ»។
ស្ត្រីរូបនេះបានបន្ថែមថា៖ «យើងក៏ទទួលស្គាល់ផងដែរនូវបុព្វសិទ្ធិរបស់យើង ដែលថា យើងអាចមកទីនេះគឺជាភស្ដុតាងបង្ហាញថា នេះគឺជាបុព្វសិទ្ធិដែលយើងមាន ហើយដោយសារតែបុព្វសិទ្ធិនេះហើយបានជាធ្វើឲ្យយើងមានការទទួលខុសត្រូវនៅក្នុងការហ៊ាននិយាយ ហ៊ានងើបតវ៉ា»។
ការដើរក្បួនតវ៉ារបស់ស្ត្រីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ចប់ទៅឲ្យមានសារផ្សព្វផ្សាយដែលរៀបចំឡើងដើម្បីផ្ញើសារចំនួន ៥ លានតាមទូរស័ព្ទ ដើម្បីលើកទឹកចិត្តពលរដ្ឋឲ្យទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។
ព្រឹត្តិការណ៍ស្រដៀងគ្នានេះដែរចំនួនរាប់រយផ្សេងទៀត បានធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ដោយព្រឹត្តិការណ៍ខ្លះធ្វើឡើងតាមអនឡាញ ឬក៏តាមការតវ៉ាជាក្បួនរថយន្ត ដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩៕