បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ បានរិះគន់អ្វីដែលលោកបានហៅថា ការឆ្លើយតបដោយ «ភាពស្លន់ស្លោ» របស់លោកប្រធានាធិបតី Donald Trump ចំពោះការរាតត្បាតនៃវីរុសកូរ៉ូណា ខណៈដែលលោក Trump បានការពារចំណាត់ការវិបត្តិនោះ ដែលបានសម្លាប់ពលរដ្ឋអាមេរិកាំងជាង ២១៧.០០០ នាក់។
បេក្ខជនប្រធានាធិបតីទាំងពីរ បានថ្លែងនៅវេទិកាសាធារណៈក្នុងពេលតែមួយ ដែលបានផ្សាយតាមបណ្តាញទូរទស្សន៍ដាច់ពីគ្នា បន្ទាប់ពីការជជែកដេញដោលដែលកាលពីដំបូងបានគ្រោងធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ បានត្រូវលុបចោល បន្ទាប់ពីលោកប្រធានាធិបតី Trump បានឆ្លងជំងឺកូវីដ១៩។
វេទិកាពិភាក្សាតាមកញ្ចក់ទូរទស្សន៍បានរំលឹកពីវិធីជាច្រើនថា រដូវយុទ្ធនាការឃោសនាបោះឆ្នោតដែលបានផ្លាស់ប្តូរដោយការរាតត្បាតនៃជំងឺកូវីដ១៩ បានបណ្តាលឲ្យមនុស្សជាង ១៨ លាននាក់បោះឆ្នោតជាង ២ សប្តាហ៍ មុនថ្ងៃបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៣ ខែវិច្ឆិកា។
លោក Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលបានថ្លែងទៅកាន់អ្នកបោះឆ្នោតនៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania តាមបណ្តាញទូរទស្សន៍ ABC បានស្តីបន្ទោសប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ចំពោះការលាក់បាំងព័ត៌មានអំពីវីរុសដ៏ប្រល័យមួយនេះ ដែលមនុស្សជិត ៨ លាននាក់នៅក្នុងសហរដ្ឋអាមេរិក បានឆ្លង។
លោក Biden បាននិយាយថា៖ «លោកប្រធានាធិបតី Trump បាននិយាយថា លោកមិនបានប្រាប់នរណាទេ ពីព្រោះ លោកខ្លាចពលរដ្ឋអាមេរិកាំងស្លន់ស្លោ។ ពលរដ្ឋអាមេរិកាំង មិនស្លន់ស្លោទេ គឺលោកប្រធានាធិបតីទេ ស្លន់ស្លោ»។
លោកប្រធានាធិបតី Trump បានការពារការឆ្លើយតបរបស់លោកចំពោះការរាតត្បាតជំងឺ និងការអនុវត្តផ្ទាល់ខ្លួនរបស់លោក ដែលរួមមានការរៀបចំពិធីនៅឧទ្យានផ្កាកុលាប នៅឯសេតវិមានដែលមនុស្សតិចតួចបានពាក់ម៉ាស់ ឬអនុវត្តគម្លាតពីគ្នា ដែលបណ្តាលឲ្យអ្នកចូលរួមឆ្លងជំងឺនោះ៕