ការស្លាប់ដោយសារតែគ្រឿងស្រវឹងកំពុងកើនឡើងនៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍មួយចេញក្នុងខែតុលា ដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺរបស់អាមេរិក (CDC)។
ការសិក្សានោះបានរកឃើញថា ខណៈដែលចំនួនបុរសស្លាប់ច្រើនជាងស្ត្រីដោយសារតែមូលហេតុទាក់ទិននឹងគ្រឿងស្រវឹង អត្រានៃការស្លាប់របស់ស្ត្រីដោយសារគ្រឿងស្រវឹងកើនឡើង។
ហើយក្នុងពេលឥឡូវនេះ យើងឃើញថា មានស្ត្រីច្រើនជាងមុនកំពុងងាកទៅទទួលទានគ្រឿងស្រវឹង ក្នុងអំឡុងពេលបិទសកម្មភាពសេដ្ឋកិច្ច និងសង្គមតាមបណ្ដាប្រទេសនានា ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ ពួកគេជាច្រើនទទួលបន្ទុកកិច្ចការផ្ទះភាគច្រើន រួមទាំងការមើលថែទាំកូន បន្ថែមពីលើការទទួលខុសត្រូវទៅលើការងាររបស់ពួកគេនៅក្រៅផ្ទះផងដែរ ដែលពួកគេភាគច្រើនឥឡូវកំពុងធ្វើការងារពីផ្ទះ។
អ្នកស្រី Lindsey Rodriguez ថ្លែងប្រាប់ទូរទស្សន៍ NBC កាលពីពេលថ្មីៗនេះថា៖«មានកូននៅផ្ទះពាក់ព័ន្ធនឹងការទទួលទានគ្រឿងស្រវឹងកាន់តែច្រើនជាងមុន»។
អ្នកស្រី Rodriguez ដែលជាអ្នកសិក្សាទៅលើទំនាក់ទំនងរវាងជំងឺរាតត្បាតនិងការទទួលទានគ្រឿងស្រវឹងលើសលុប ដែលបានចេញផ្សាយរបាយការណ៍មួយក្រោមចំណងជើងថា «អាកប្បកិរិយាញៀន» ឬ «Addictive Behaviors» បានថ្លែងថា ស្ត្រីទទួលទានគ្រឿងស្រវឹងច្រើនបំផុតក្នុងអំឡុងខែមីនា និងមេសា ឆ្នាំ២០២០នេះ នៅពេលដែលរដ្ឋាភិបាលបិទសកម្មភាពសង្គមនៅក្នុងប្រទេស។
ការសិក្សាមួយផ្សេងទៀតដែលចេញផ្សាយនាពេលថ្មីៗនេះដោយទស្សនាវដ្ដី JAMA Network Open បានបង្ហាញថា ខណៈដែលពលរដ្ឋអាមេរិកាំងបង្កើនការទទួលទានគ្រឿងស្រវឹង១៤ភាគរយពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ស្ត្រីបង្កើនការទទួលទានគ្រឿងស្រវឹងរហូតដល់ ៤១% គឺពួកគេទទួលទានលើសពី ៤ កែវរាល់ពេលទទួលទានម្ដងៗ។
អ្នកស្រី Natalie Crawford សាស្ត្រាចារ្យផ្នែកអប់រំពីអាកប្បកិរិយា សង្គម និងសុខភាពនៅសាលាសុខភាពសាធារណៈ Rollins នៃសាកលវិទ្យាល័យ Emory ថ្លែងប្រាប់សារព័ត៌មាន NBC News ក្នុងពេលថ្មីៗនេះថា គ្រឿងស្រវឹងគឺជា«យុទ្ធសាស្ត្រងាយបំផុតដើម្បីជួយទប់ទល់បញ្ហាស្ត្រេស។ ក្នុងរយៈពេលខ្លី ការទទួលទានគ្រឿងស្រវឹងអាចជួយទប់ទល់បញ្ហាស្ត្រេសបានល្អ ប៉ុន្តែការទទួលទានគ្រឿងស្រវឹងយូរទៅនឹងធ្វើឲ្យញៀន»។
ក្រុមហ៊ុនមួយចំនួនកំពុងផ្សាយពាណិជ្ជកម្មដោយយកស្ត្រីជាគោលដៅអតិថិជនរបស់ពួកគេ ដោយមានប្រើដបពណ៌ផ្កាឈូក និងផ្សព្វផ្សាយថា ការទទួលទានគ្រឿងស្រវឹងជាផ្នែកមួយក្នុងការបង្កើនអនុភាពរបស់ស្ត្រី។
ការទទួលទានគ្រឿងស្រវឹងលើសលប់អាចបង្កជាបញ្ហាសុខភាពផ្សេងៗ ដូចជាជំងឺគ្រិនថ្លើម និងការពុលគ្រឿងស្រវឹងជាដើម៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា