ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តា​ប្រទេស​អឺរ៉ុប​ខាង​លិច​ខិតខំ​បញ្ចៀស​កុំឱ្យ​មាន​ការ​បិទ​សកម្មភាព​ទូទាំង​ប្រទេស


មន្ត្រីប៉ូលិសកំពុងសាកសួរស្ត្រីម្នាក់នៅតំបន់ទីប្រជុំជន Vallecas ក្នុងអំឡុងពេលមានការដាក់បទបញ្ជាបិទសកម្មភាពក្នុងប្រទេសដោយសារជំងឺកូវីដ១៩ នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
មន្ត្រីប៉ូលិសកំពុងសាកសួរស្ត្រីម្នាក់នៅតំបន់ទីប្រជុំជន Vallecas ក្នុងអំឡុងពេលមានការដាក់បទបញ្ជាបិទសកម្មភាពក្នុងប្រទេសដោយសារជំងឺកូវីដ១៩ នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

បណ្តា​ប្រទេស​អឺរ៉ុប​ខាង​លិចកំពុង​ព្យាយាម​ទប់ទល់​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ​ជាលើកទី២ ដោយដាក់​ឱ្យ​មាន​ជា​ថ្មី​វិញ​នូវការ​រឹតត្បិត​សកម្មភាព​ ដែល​បាន​ត្រូវលប់​ចោល​ កាលពី​ប៉ុន្មាន​ខែ​មុននេះ។​ ក៏ប៉ុន្តែ​ រដ្ឋាភិបាល​ប្រទេទាំងនេះ​និយាយថា ​ពួក​គេប្តេជ្ញា​ថា​នឹង​បញ្ចៀស​មិន​ឱ្យ​មាន​ការ​ខូចខាត​សេដ្ឋកិច្ច ​ដោយ​មិន​ដាក់​ឱ្យ​មាន​ការបិទទូទាំង​ប្រទេស​ជា​ថ្មី​ទេ។

សំណួរ​សំខាន់​គឺថា​ តើ​ការណ៍​នេះ​អាចធ្វើបាន​ឬទេ។

ចក្រភព​អង់គ្លេស​បាន​ហាមប្រាម​មិន​ឱ្យ​មនុស្ស​ជួប​ជុំ​គ្នា​លើសពី​ ៦ នាក់ ​ហើយ​គំរាម​កំហែង​ពិន័យ​អ្នក​បំពាន​បម្រាម​នេះ។ នៅ​ប្រទេស​អេស្ប៉ាញ​ ដែល​បច្ចុប្បន្ន​បាន​បិទ​សកម្មភាព​នៅ​ក្នុង​ក្រុង Madrid រួច​ស្រេច​ហើយនោះ ឥឡូវ​នេះ​អាជ្ញាធរ​កំពុង​ខិតខំ​ទប់ទល់​នឹង​ការរាតត្បាតលើក​ទី​ពីរ​នៃជំងឺ​កូវីដ១៩ ​នៅ​ពេល​បើក​សាលារៀន​និង​បន្ត​លើក​ទឹក​ចិត្ត​ប្រជារាស្ត្រ​ឱ្យ​ទៅ​ធ្វើការ។

ក្រុម​មន្ត្រី​ក្នុង​រដ្ឋធានី​អឺរ៉ុប​ទាំងឡាយ​ និយាយ​ថា ​សាធារណជន​ជា​អ្នក​សម្រេច​ថា​ តើ​ការបិទ​ប្រទេស​ជា​ការ​ចាំបាច់ ឬ​យ៉ាងណា។ ​ពួក​មន្ត្រី​ទាំង​នោះ​សង្ឃឹម​ថា​ ការ​រក្សា​គម្លាត​ពីគ្នា​ និង​ការពាក់ម៉ាស់​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ នឹង​ជួយ​បន្ថយ​ការ​រាតត្បាត​ជា​ថ្មី​នៃជំងឺ​នេះ ​ឬ​មួយយ៉ាង​ហោចណាស់ ​ក៏អាច​បន្ថយ​ល្បឿន​នៃការ​រាលដាល​ជំងឺ​នេះ​បាន​ដែរ។

លោក Matt Hancock រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​បាន​និយាយ​ថា៖ «ប្រសិនបើ​យើង​ចង់​បញ្ចៀស​វិធានការ​នៅ​ទូទាំង​ប្រទេស​ជាតិ​ និង​ការ​ចាត់​វិធានការ​ថែម​ទៀត យើង​អាច​បញ្ចៀស​បាន​តែ​យើង​អាច​ធ្វើបាន​ បើ​មនុស្ស​គ្រប់​គ្នា​ធ្វើ​តាម​បទបញ្ញត្តិ»។​

ការបិទ​ប្រទេស​ជាតិ​អាច​ត្រូវ​បញ្ចៀស​បាន​ ប្រសិន​បើអ្នក​មិនធ្វើតាមបទបញ្ញត្តិ ដែល​ជា «ក្រុម​មនុស្ស​ភាគ​តិច»​ កែប្រែ​អាកប្បកិរិយារបស់ខ្លួន។ លោក Matt Hancock បាន​សុំ​ឱ្យ​ប្រជារាស្ត្រ​រាយការណ៍​ប្រាប់​ប៉ូលិស​អំពី​អ្នក​បំពាន​បទបញ្ជា​ឱ្យ​នៅ​ដាច់ពី​គេ ឬ​បំពាន​លើ​បទបញ្ញត្តិ​នៃ​ការជួបជុំ​គ្នា​មិន​ឲ្យ​លើសពី ​៦ នាក់ ដោយ​ព្រមាន​ថា ​ប៉ូលិស​នឹង« ពិន័យ​ធ្ងន់ធ្ងរ​លើ​ជន​ទាំងឡាយ​ណា​ដែល​មិន​គោរព​វិន័យ»។

ការអំពាវ​នាវ​ឲ្យ​រាយការណ៍​ប្រាប់​ប៉ូលិសបែបនេះ​បាន​នាំ​ឱ្យ​មាន​ការ​ប្រឆាំង​ជំទាស់​ពី​មជ្ឈដ្ឋាន​ខ្លះដោយ​មានការ​រិះគន់​ថា ​ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើឱ្យ​ចក្រភព​អង់គ្លេស​ក្លាយ​ទៅ​ជា​ប្រទេស​ជាតិ​មួយ​នៃ​ក្រុម​មនុស្ស​មានការ​ចង​គំនុំ​សងសឹក​គ្នា។

នៅ​ក្នុងប្រទេស Scotland លោកស្រី Nicola Sturgeon រដ្ឋមន្ត្រី​ទី​មួយ ​បាននិយាយ​កាលពី​សប្តាហ៍​មុន​ថា​៖ «គ្មាន​នរណា​ចង់ឱ្យ​មាន​ការ​បិទ​ប្រទេស​ពេញ​ទំហឹង​មួយ​លើក​ទៀតទេ។ ហើយ​លើស​ពី​អ្វី​ទាំង​អស់​ យើង​ចង់​បើក​សាលារៀន​និង​កន្លែង​ថែទាំ​កុមារ​ ពីព្រោះ​យើង​ដឹង​ថា ​ការ​សិក្សា​អប់រំ​សុខុមាលភាព​របស់​ក្រុម​កុមារ​ និងយុវជន​ មាន​សារៈសំខាន់​បែប​ណា»។

ក៏​ប៉ុន្តែ​ លោក​ស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖ «សារៈសំខាន់​គឺ​ថា ​វីរុស​នេះ​កំពុង​កើន​ឡើង​ទៀត។ ករណី​មនុស្ស​មានផ្ទុក​វីរុស​នេះ ​កំពុង​កើន​ឡើង​ច្រើន​យ៉ាង​លឿន»។

លោក Patrick Vallance ប្រធាន​ទី​ប្រឹក្សា​វិទ្យាសាស្ត្រ​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ បាន​មានប្រសាសន៍​ នៅក្នុង​សន្និសីទ​កាសែត​មួយ ​នៅ​ឯ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ កាល​ពី​ថ្ងៃចន្ទ​ ទី​២១ ខែ​កញ្ញា​ថា ​ច្រភព​អង់គ្លេស​បាន​ទៅ​ដល់​ចំណុច​ធ្ងន់ធ្ងរ​យ៉ាង​លឿន ​ដោយ​លោក​បាន​ព្រមាន​ថា​ បើ​គ្មាន​វិធានការ​តឹងរ៉ឹង​ទេ ​ប្រទេស​នេះ​អាច​មាន​ករណីអ្នក​ជំងឺ​ថ្មី ចំនួន​ ៥ ​ម៉ឺន​នាក់ ​ក្នុង​មួយ​ថ្ងៃ។

ប្រែសម្រួលដោយលោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG