ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សិទ្ធិ​ស្ត្រី​ទទួល​ការ​សុំទោស​ជា​សាធារណៈ​របស់​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ទូរទស្សន៍​ហង្សមាស


រូបឯកសារ៖ លោក​ស្រី​លោក​ស្រី​ រស់ ​សុភាព​ នាយិកា​ប្រតិបត្តិ​នៃអង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍ និង​ជា​អគ្គលេខាធិការ​នៃ​បណ្តាញ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដែល​ផ្តួចផ្តើម​ការ​សិក្សា​លើ​ច្បាប់​ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ​ កាល​ពី​ថ្ងៃ​ពុធ ទី០៣ ខែឧសភា ​ឆ្នាំ២០១៧។​ (ផន បុប្ផា/ VOA)
រូបឯកសារ៖ លោក​ស្រី​លោក​ស្រី​ រស់ ​សុភាព​ នាយិកា​ប្រតិបត្តិ​នៃអង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍ និង​ជា​អគ្គលេខាធិការ​នៃ​បណ្តាញ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដែល​ផ្តួចផ្តើម​ការ​សិក្សា​លើ​ច្បាប់​ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ​ កាល​ពី​ថ្ងៃ​ពុធ ទី០៣ ខែឧសភា ​ឆ្នាំ២០១៧។​ (ផន បុប្ផា/ VOA)

អ្នកស្រី​ ​រស់ សុភាព​ ​នាយិការ​ប្រតិបត្តិ​អង្គការ​យេនឌ័រ​ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ​(GADC)​ ​ប្រាប់ VOA​ ​ថា​អ្នក​​​សារព័ត៌មាន​មួយ​ចំនួន​បាន​រាយការណ៍​ព័ត៌មាន​ពី​អំពើ​ហិង្សា​លើស្រ្តី​ដោយ​ខ្វះ​ចំណេះ​ដឹង​ ​និង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ​ដែល​អ្នកស្រី​ថា​ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ស្រ្តី​ ​និង​គ្រួសារ​របស់​ជន​រងគ្រោះ។

ក្រុម​សកម្មជន​សិទ្ធិស្រ្តី​ដែល​ប្រតិកម្ម​ទៅ​នឹង​ការ​និយាយ​របស់​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ពេល​ព្រឹក​ទូរទស្សន៍​ហង្សមាស​មួយ​រូប​ ​ទាក់ទង​នឹង​ការ​រំលោភ​សម្លាប់​នារី​ម្នាក់​កាល​ពី​ដើម​សប្តាហ៍​មុន​ ​បាន​ទទួល​យក​ការ​សុំទោស​ជា​សាធារណៈ​ ​បន្ទាប់ពី​អ្នក​អត្ថាធិប្បាយ​រូប​នោះ​បាន​ទទួល​ស្គាល់​ថា​ ការ​អត្ថា​ធិប្បាយ​របស់​លោក​ពិត​ជា​មិន​ត្រឹមត្រូវ។

ទោះ​ជា​យ៉ាង​ណា​ ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ដែល​រស់​នៅ​ខេត្ត​ព្រះវិហារ​ ​នៅ​តែ​មិន​អស់​ចិត្ត​ទាក់ទិន​នឹង​ការ​អត្ថាធិប្បាយ​តាម​ទូរទស្សន៍​នោះ។

ក្រុម​សកម្មជន​សិទ្ធិ​ស្រ្តី​ ​ទទួល​យក​ការ​សុំទោស​ជា​សាធារណៈ​របស់​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​មួយ​រូប​ដែល​បាន​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សម្លាប់​ស្រ្តី​ម្នាក់ ​ដោយ​លើក​ឡើង​ថា ការ​សុំទោស​ ​និង​ការ​ទទួល​ស្គាល់​កំហុស​នេះ​ ​នឹង​ក្លាយ​ជា​គំរូ​ល្អ​សម្រាប់​អ្នក​អត្ថាធិប្បាយ ​និង​អ្នក​សរសេរ​ព័ត៌មាន​ផ្សេង​ទៀត​ ​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ។​

ការ​ទទួល​យក​ការ​សុំទោស​នោះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​មួយ​រូប​ ​គឺ​លោក​ ​មាស រិទ្ធី​ ​ដែល​ជា​អគ្គនាយក​រង​ទូរទស្សន៍​ហង្សមាស​ ​បាន​សុំទោស​ជា​សាធារណៈ​ ​ក្រោយ​មាន​ប្រតិកម្ម​ពី​ក្រុម​សកម្មជន​សិទ្ធិស្រ្តីទៅ​លើ​ការ​អត្ថាធិប្បាយ​របស់​លោក​ ​ដែល​ក្រុម​សកម្ម​ជន​ការពារ​សិទ្ធិស្ត្រី អះអាង​ថា ​ជា​ការ​ប្រមាទថ​មាក់ងាយ​ ​ជន​រងគ្រោះ​ ក្នុង​អំពើ​រំលោភ​សម្លាប់​កាល​ពី​ដើម​ខែ​សីហា។

ក្រុម​សកម្មជន​សិទ្ធិ​ស្រ្តី​ទាំង​នោះ​បាន​សម្តែង​នូវ​ការ​សាទរ តាម​រយៈការ​បង្ហោះ​លើ​គេហទំព័រ​ www.change.org​ ​ដែល​ពួកគេ​បាន​បង្កើត​ជា​ញត្តិ​អេឡិចត្រូនិច​ ​ដោយ​មាន​ការ​ចូលរួម​គាំទ្រ​ពី​ប្រជាពល​រដ្ឋ​ ​ចំនួន​ជាង​២០០០​នាក់។

​ក្នុង​សារ​មួយ​ដែល​ ​បាន​ផ្សាយ​ក្នុង​គេហទំព័រ​របស់​ក្រុម​សកម្មជន​សិទ្ធិ​ស្ត្រី​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«យើង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​ការ​ទទួល​ស្គាល់​កំហុស​ផ្នែក​វិជ្ជាជីវៈ​ ​និង​ការកែ​តម្រូវ​របស់​អ្នក​ទាំងពីរ​ នឹង​ក្លាយ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ ​អ្នក​សរសេរ​ព័ត៌មាន​ ​និង​អ្នក​កាសែត​ដទៃ​ទៀត​ឲ្យ​ក្លាយ​ជា​ភ្នាក់ងារ​ក្នុងការ​កែប្រែ​សង្គម​ប្រកប​ដោយ​ភាព​វិជ្ជ​មាន​ ​និង​ចាប់ផ្តើម​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​រវាង​ក្រសួង​ព័ត៌មាន​ ​និង​ក្រសួង​កិច្ចការ​នារី​ ​អំពី​ក្រមប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​រាយ​ការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី»។

កាលថ្ងៃ​ទី១០​ ​ខែ​សីហា​កន្លង​ទៅ​ ​លោក​ ​មាស រិទ្ធី​ ​អគ្គនាយករង​នៃ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ ​និង​ជា​អ្នក​អត្ថា​ធិប្បាយ​ ​«កម្មវិធី​ហង្ស​មាសព័ត៌មាន​ពេល​ព្រឹក»​ បាន​អត្ថាធិប្បាយ​អំពី​ករណី​រំលោភ​សម្លាប់​ស្ត្រី​រងគ្រោះ​ជា​បុគ្គលិក​កាស៊ីណូ​ម្នាក់​នៅ​ខេត្ត​ស្វាយរៀង​ ​ដែល​បង្ក​ឡើង​ដោយ​ជនល្មើស​ជា​អ្នក​រត់​តាក់​ស៊ី​ពីរ​នាក់​បាន​រួម​ដៃ​គ្នា​រំលោភ​ និង​សម្លាប់​ជន​រងគ្រោះ។

លោក​ ​មាស រិទ្ធី​ ​អគ្គនាយក​រង​នៃ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស (រូបថតពីទំព័រហ្វេសប៊ុក Meas Rithy Hang Meas)
លោក​ ​មាស រិទ្ធី​ ​អគ្គនាយក​រង​នៃ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស (រូបថតពីទំព័រហ្វេសប៊ុក Meas Rithy Hang Meas)

​ក្រុម​សកម្មជន​សិទ្ធិ​ស្រ្តី​លើក​ឡើង​ថា​ ​ការ​ថ្លែង​របស់​អ្នក​អត្ថាធិប្បាយ​រូប​នោះ ​ជា​ការ​ប្រមាថ​មាក់ងាយ​ និង​ព្យាយាម​ស្ដី​បន្ទោស​ដល់​ស្ត្រី​រងគ្រោះ​ដែល​បាន​ស្លាប់​ ​តាមរយៈ​ការ​ប្រើពាក្យ​មិនគប្បី​ជា​ច្រើន។ ពួកគេ​បាន​រៀបចំ​ញត្តិ​អេឡិចត្រូនិច​មួយ​ដោយ​ប្រមូល​បាន​អ្នក​គាំទ្រ​ជាង​២០០០​នាក់​ ​ក្នុង​រយៈពេល​ជិត​មួយ​សប្តាហ៍​ ​និង​បាន​ដាក់​លិខិត​ ​និង​ញត្តិ​នោះ​ទៅ​គណៈ​គ្រប់គ្រង​ស្ថានីយ៍​ទូរទស្សន៍​ហង្សមាស ព្រមទាំង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​កាលពី​ថ្ងៃ​ពុធ ដើម្បី​អន្តរាគមន៍​ឲ្យ​លោក មាស រិទ្ធី ទទួល​ស្គាល់​កំហុស​ ​និង​សុំទោស​ជា​សាធារណៈ។

ក្រោយ​ទ​ទួល​បាន​ញត្តិ និង​លិខិត​របស់​ក្រុម​សកម្មជន​សិទ្ធិ​ស្រ្តី​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ ​មាស រិទ្ធី​ ​បាន​ទទួល​ស្គាល់​ថា​ ​ការ​អធិប្បាយ​របស់​លោក​ពិត​ជា​មិន​ត្រឹមត្រូវ​ ​និង​បាន​សុំទោស​ជា​សាធារណៈ​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ ​«កម្មវិធី​ហង្សមាស​ព័ត៌មាន​ពេល​ព្រឹក»​ ​របស់​លោក។

លោក​ មាស រិទ្ធី​ ​និយាយ​ថា៖​

«ឥឡូវ​ខ្ញុំ​សុំទោស​ចំពោះ​កំហុស​ដោយ​អចេតនា​ ​ហើយ​ចំពោះ​ពាក្យ​ពេចន៍​ ​ឃ្លា​ខ្លះ​ដែល​ខ្ញុំ​តាមពិត​និយាយ​លេង​ ​ហើយ​ក្រែង​លោ​ជ្រុល​ជ្រួស​ចំពោះ​ស្រ្តី។ អញ្ចឹង​សូម​អភ័យ​ទោស​ចំពោះ​ចំណុច​ខាង​លើ​នេះ​ ​បើសិនជា​ខ្ញុំ​ថា​ខ្ញុំ​និយាយ​ជ្រុលជ្រួស​ខុសប៉ះពាល់​ទៅ​លើ​ស្រ្តី​ ​សូម​អធ្យា​ស្រ័យ​ ​និង​សូម​អភ័យ​ទោស​ ​ព្រោះ​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ ​ខ្ញុំ​ត្រូវ​តែ​កែតម្រូវ​ ​និង​សុំទោស​ ​អ្វី​ដែល​ខ្ញុំ​គិត​ថា​និយាយ​ទៅ​ខុស​ ​និង​ប៉ះពាល់​ដល់​អ្នក​ដទៃ»។

អ្នកស្រី​ ​រស់ សុភាព​ ​នាយិការ​ប្រតិបត្តិ​អង្គការ​យេនឌ័រ​ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ​(GADC)​ ​ប្រាប់ VOA​ ​ថា​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​រាយការណ៍​ព័ត៌មាន​ពី​អំពើ​ហិង្សា​លើស្រ្តី​ដោយ​ខ្វះ​ចំណេះ​ដឹង​ ​និង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ​ដែល​អ្នកស្រី​ថា​ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ស្រ្តី​ ​និង​គ្រួសារ​របស់​ជន​រងគ្រោះ។​ ​អ្នកស្រី​បន្ថែម​ថា​ ​ការ​ទទួល​ស្គាល់​កំហុស​ ​និង​កែតម្រូវ​របស់​អ្នក​សារព័ត៌មាន​ ​នឹង​ធ្វើ​ឲ្យ​ការ​រាយការណ៍របស់​ពួកគេ​កាន់តែ​មាន​ភាព​ប្រុង​ប្រយ័ត្ន ​និង​ត្រឹមត្រូវ។

អ្នកស្រី​ ​រស់ សុភាព​ ​មាន​ប្រសាសន៍​ថា៖ ​

«ជាពន្លឺ​មួយ​ដ៏​សំខាន់​សម្រាប់​ឲ្យ​អ្នកសារ​ព័ត៌មាន​ទាំង​អស់​ពិចារណា​ ​និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សេចក្តី​ប្រកាស​របស់​ក្រសួង​កិច្ចការ​នារី​ ​និង​ក្រសួង​ព័ត៌មាន​ដែល​ទាក់ទង​លើ​ក្រម​សីលធម៌​របស់​អ្នក​សារព័ត៌មាន​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ខែ​មុន។​ ​អញ្ចឹង​យើង​សង្ឃឹម​ថា​ ​ស្ថានភាព​ស្រ្តី​នឹង​អាច​បង្ហាញ​នូវ​ភាព​គោរព​ និង​ឈាន​ទៅ​រកការ​កាត់​បន្ថយ​អំពើ​ហិង្សា​ និង​ការ​រំលោភ​បំពាន​ទាំង​ឡាយ​ទៅ​លើ​ស្រ្តី​ ​និង​ជន​ដែល​ងាយ​រងគ្រោះ​ ​ក្នុង​នោះ​មានជន​ពិការ​ផងដែរ»។

ពាក់ព័ន្ធ​នឹង​ប្រតិកម្ម​របស់​ក្រុម​សកម្មជន​សិទ្ធិ​ស្រ្តី​ ​ដែល​បាន​ស្នើ​ក្រសួង​ពាក់ព័ន្ធ​ឲ្យ​អន្តរាគមន៍​លើ​ការ​ថ្លែង​របស់​លោក​ ​មាស រិទ្ធី​ ​ក្រសួង​ព័ត៌មាន​លើកឡើង​ថា​ ​ក្រសួង​មិន​មាន​សិទ្ធិ​ណា​មួយ​ក្នុង​ការ​ចាត់​វិធានការ​លើ​អ្នក​អត្ថាធិប្បាយ ឬ​អ្នកសារ​ព័ត៌មាន​នោះ​ទេ។

ចំណែក​ក្រសួង​កិច្ចការ​នារី​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ​បា​ន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ប​ង្ហាញ​ថា​ ​ក្រសួង​មាន​ការ​សោកស្តាយ​ ​និង​មិន​អាច​ទទួល​យក​បាន​ចំពោះ​ការ​រាយការណ៍​ទាំង​ឡាយ​ណា​ដែល​យកករណី​អំពើ​ហិង្សា​លើស្រ្តី និង​កុមារី​មក​ធ្វើ​ជាព័ត៌មាន​កំសាន្ត​សប្បាយ​ ​ឬ​កំប្លុក​កំប្លែង​ ​ផ្ទុយ​ពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្រ្តី។

សេចក្តី​ថ្លែងការណ៍​នោះ​បន្ថែម​ថា​ ​ការ​រាយការណ៍​របស់​លោក​ ​មាស រិទ្ធី​ ​អគ្គនាយក​រង​ទូរទស្សន៍​ហង្ស​មាស​ ​ពិត​ជា​ប្រាស​ចាក​ពីប្រកាស​រួម​ ​ប៉ុន្តែ​លោក​ ​មាស រិទ្ធី​ ​បាន​ទទួល​ស្គាល់​កំហុស​ ​និង​សុំទោស​ជា​សាធារណៈ​រួច​ហើយ។

​សេចក្តី​ថ្លែង​ការណ៍​ដដែល​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

​«ក្រសួង​កិច្ចការ​នារី​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ ​ទៅ​អនាគត​ ​លោក​ ​មាស រិទ្ធី​ ​ក៏​ដូចជា​អ្នក​រាយការណ៍​ព័ត៌មាន​ដទៃទៀត​ ​នឹង​គោរព​តាម​ក្រម​ប្រតិ​បត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ ​ប្រកប​ដោយ​វិជ្ជាជីវៈ​ ​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ​ដើម្បី​ចូលរួម​ចំណែក​លើក​កម្ពស់​តម្លៃ​ស្រ្តី និង​សីលធម៌​សង្គម»។

​លោក​ស្រី​ ​រឿន ស្រីលូត​ ​ជា​ម្តាយ​នារី​រងគ្រោះ​ ​ប្រាប់​ ​VOA​ ​តាម​ទូរសព្ទ​ពី​ខេត្ត​ព្រះវិហារ​ថា​ លោកស្រី​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​អត្ថា​ធិប្បាយ​របស់​អ្នក​សារព័ត៌មាន​ ​ដែល​អ្នកស្រី​អះអាង​ថា​ ​បាន​និយាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ត្រឹមត្រូវ​រប​ស់​កូន​ស្រី។​ ​លោកស្រី​សុំ​មិន​អធិប្បាយ​ច្រើន​ ​ដោយ​គ្រាន់​តែ​លើក​ឡើង​ថា​ ​លោកស្រី​មិន​ទាន់​អាច​ទទួល​យក​បាន​នូវ​ការ​សុំទោស​ជា​សាធារណៈ​នោះ​ទេ។

​លោកស្រី​ ​រឿន ស្រីលូត​ ​បន្ថែម​ដោយ​រំពឹង​ថា​ ​តុលាការ​នឹង​កាត់​ទោស​ជន​ដែល​ប្រព្រឹត្ត​ល្មើស​លើ​កូន​របស់​លោក​ស្រី​ឲ្យ​ខ្ពស់​បំផុត។

«ខ្ញុំថា​តុលាការ​រក​យុត្តិធម៌​ឲ្យ​ខាង​ខ្ញុំ​ ​កុំ​ឲ្យ​មាន​លម្អៀង​ ​ជន​ល្មើស​ហ្នឹង​រួច​ខ្លួន​បាន។ បើថា​មាន​ទោស​ប្រហារ​ជីវិត​ ​ឲ្យ​ប្រហារ​ជីវិត​ទៀត»។

​កាលពី​ថ្ងៃ​ទី​៤ ខែ​សីហា​ ​សាកសព​នារី​រង​គ្រោះ​ ​អាយុ​១៨​ឆ្នាំម្នាក់​ ​ដែល​ជា​បុគ្គលិក​កាស៊ីណូ​ ​ត្រូវ​បាន​គេ​រកឃើញ​នៅ​វាល​ស្រែ​មួយ​ក្នុង​ក្រុង​បាវិត​ ​ខេត្ត​ស្វាយ​រៀង​ ​ដោយ​សមត្ថកិច្ច​អះអាង​ថា​ ​នារី​រងគ្រោះ ​ត្រូវ​បាន​គេ​រំលោភ​ ​និង​សម្លាប់។​ ​ក្រោយ​មក​ ​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​សង្ស័យចំនួន​ពីរនាក់ ​ដែល​ជា​អ្នក​បើកបរ​តាក់ស៊ី​ ​និង​បានបញ្ជូន​ពួកគេ​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់៕

XS
SM
MD
LG