ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ក្រុម​សកម្មជន​ស្ត្រី​បង្កើត​ញ្ញត្តិ​អេឡិចត្រូនិច​​ទាមទារ​ឱ្យ​អ្នក​អត្ថាធិប្បាយ​តាម​ទូរទស្សន៍​មួយ​រូប​ ​សុំទោស​ចំពោះ​ការ​ប្រមាថ​ស្ត្រី​រងគ្រោះ​ក្នុង​ករណី​រំលោភ​សម្លាប់​


លោក​ ​មាស រិទ្ធី​ ​អគ្គនាយក​រង​នៃ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស (រូបថតពីទំព័រហ្វេសប៊ុក Meas Rithy Hang Meas)

ក្រុម​សកម្មជន​ស្ត្រី​នា​នា​ ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​តែ​​បន្ត​ទាមទារ​ឲ្យ​លោក​ ​មាស រិទ្ធី​ ​អគ្គនាយក​រង​នៃ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​​អត្ថាធិប្បាយ​​​របស់​លោក​ ​ដែល​សកម្ម​ជន​ស្ត្រី​អះអាង​ថា​ជា​ ​«ការ​ប្រមាថ​ ​និង​ព្យាយាម​ស្ដី​បន្ទោស»​ ​ដល់​ស្ត្រី​រងគ្រោះ​នៃ​ការ​រំលោភ​សម្លាប់​ម្នាក់។​

អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ពេល​ព្រឹករបស់​ទូរទស្សន៍​ហង្សមាស​មួយ​រូប បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពីសំណាក់​សកម្មជន​សិទ្ធិ​ស្រ្តី និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម បន្ទាប់​ពី​លោក​បាន និយាយ​ទាក់ទង​នឹង​ការ​រំលោភ​សម្លាប់​ស្រ្តី​ម្នាក់​។ ​ក្រុម​សកម្មជន​សិទ្ធិ​ស្រ្តី​លើក​ឡើង​ថា ការ​ថ្លែង​របស់​អ្នក​អត្ថាធិប្បាយ​រូប​នោះ ជា​ការប្រមាថ​មាក់ងាយ និង​ព្យាយាម​ស្ដី​បន្ទោស​ដល់​ស្ត្រី​រងគ្រោះ​ដែល​បាន​ស្លាប់ និង​បាន​ទាមទារ​ ឲ្យ​មានការទទួល​ស្គាល់​កំហុស និង​សុំទោស​ជា​សាធារណៈ។​

ក្រុម​សកម្មជន​ស្ត្រី​នា​នា​ ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​តែបន្ត​ទាមទារ​ឲ្យ​លោក​ ​មាស រិទ្ធី​ ​អគ្គនាយក​រង​នៃ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការអត្ថាធិប្បាយ​របស់​លោក​ ​ដែល​សកម្ម​ជន​ស្ត្រី​អះអាង​ថា​ជា​ ​«ការ​ប្រមាថ​ ​និង​ព្យាយាម​ស្ដី​បន្ទោស»​ ​ដល់​ស្ត្រី​រងគ្រោះ​នៃ​ការ​រំលោភ​សម្លាប់​ម្នាក់។​

​ញត្តិ​អេឡិចត្រូនិចមួយ​នៅ​លើគេហទំព័រ​ដែល​មាន​ឈ្មោះ​ថា​ ​www.change.org​ ​ឬ​មានន័យ​ថា​ ​«ផ្លាស់ប្តូរ»​ ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ ​ដើម្បី​ស្វែង​រក​សំឡេងគាំទ្រ​ពី​មហាជន​ ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​សកម្មជនការពារ​សិទ្ធិ​ស្រ្តី​ ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​ប្រជាពល​រដ្ឋ​មួយ​ចំនួន​ ​ក្នុង​គោល​បំណង​ទាមទារ​ឲ្យអ្នក​អត្ថាធិប្បាយ​ព័ត៌មាន​របស់​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ពីរ​រូប​ គឺ​លោក​ ​មាស រិទ្ធី​ ​និង​អ្នកស្រី​ ​រស់ សុធាវី​ ​សុំ​ទោស​ដល់​សាធារ​ណៈជន​ ​ព្រមទាំង​គ្រួសារ​សព​នារី​រង​គ្រោះ។​ ​ពួកគេ​បាន​សរសេរ​លើ​ញត្តិ​អេឡិចត្រូនិច​ ​នោះ​ថា​ ពិធីករ​ទាំង​ពីរ​បាន​ប្រើ​ពាក្យ​ពេចន៍​ប្រមាថ​មាក់ងាយ​ និង​ព្យាយាម​ស្ដី​បន្ទោស​ដល់​ស្ត្រី​រងគ្រោះ​ដែល​បាន​ស្លាប់។​

ក្នុង​ញត្តិ​នោះ​បាន​ស្រង់​សម្តីមួយ​ចំនួនរបស់​លោក​ ​មាស រិទ្ធី​ ​ក្នុង​ពេល​ដែល​លោក​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សម្លាប់​ជន​រង​គ្រោះ​នា​ពេល​នោះ​ថា​ ​ជន​រង​គ្រោះ​មិន​គួរ​ជិះ​តាក់ស៊ី​តែ​ម្នាក់​ឯង​ពេលយប់​ ​ជនរង​គ្រោះ​គួរ​តែ​សម្រប​តាម​ជន​ល្មើស​ ​ឬ​អ្នក​រំលោភ​ ​ចំណែក​ជន​ល្មើស​បើ​រំលោភ​ហើយ​មិន​គួរ​សម្លាប់​ជន​រង​គ្រោះ​ដើម្បី​ទុក​ប្រើប្រាស់​ពេល​ក្រោយ​ជាដើម។​

ពួកគេ​បាន​បន្ថែម​ក្នុង​ញត្តិ​នោះ​ក្នុង​ន័យ​ដើមថា៖​

«បទអត្ថាធិប្បាយ​របស់​លោក​ ​មាស រិទ្ធី​ ​និង​អ្នកនាង​ ​រស់ សុធាវី​ ​ដែល​ជា​អ្នករាយការណ៍​ព័ត៌មាន​របស់​ទូរទស្សន៍​ហង្សមាស​ ​បា​នបង្ហាញ​ឲ្យ​ឃើញថា ទូរទស្សន៍​ហង្សមាស​កំពុង​តែ​ជាន់​ឈ្លី​សិទ្ធិ និង​តម្លៃ​ស្ត្រី​ ​និង​លើកទឹកចិត្ត​ជនប្រព្រឹត្ត​ល្មើស​ ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​កម្រិត​នៃ​ក្រម​សីល​ធម៌​ទាប​បំផុត ដោយ​មាក់​ងាយ​ស្ត្រី ចាត់​ទុក​ស្ត្រី​ដូចជា​វត្ថុ​ទុក​ឲ្យ​គេ​រំលោភ​ ​ហើយ​កុំតវ៉ា​ ​កុំជេរ​ប្រមាថ​គេ​ ​ឲ្យ​គេ​រំលោភ​ទៅ​ ​ហើយ​ទុក​ឲ្យ​បុរស​ប្រើប្រាស់​បន្ត​ទៀត ។ល។​»។

កាលថ្ងៃ​ទី១០​ ​ខែ​សីហា​កន្លង​ទៅ​ ​លោក​ ​មាស រិទ្ធី​ ​អគ្គនាយករង​នៃ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស និង​ជា​អ្នក​អត្ថា​ធិប្បាយ​ ​«កម្មវិធី​ហង្សមាសព័ត៌មាន​ពេល​ព្រឹក»​ ​មួយរូប​ ​បាន​អត្ថា​ធិប្បាយ​អំពី​ករណី​រំលោភ​សម្លាប់​ស្ត្រី​រងគ្រោះ​នៅ​ខេត្ត​ស្វាយរៀង​ ​ដែល​បង្កឡើង​ដោយ​ជនល្មើស​ជា​អ្នក​រត់តាក់​ស៊ី​២​នាក់​បាន​រួម​ដៃ​គ្នា​រំលោភ​និង​សម្លាប់​ជន​រងគ្រោះ។​ ​ការណ៍​នេះ​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ជា​ច្រើន​ពី​សកម្ម​ជន​សិទ្ធិ​ស្ត្រី​ និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក។

យ៉ាងណា​ក៏​ដោយ​ ​លោក​ ​មាស រិទ្ធី​ ​កាលពី​ព្រឹក​ថ្ងៃចន្ទ​ ​បាន​សុំ​ទោស​ក្នុង​ម៉ោង​ផ្សាយ​នៃ​កម្មវិធី​ព័ត៌មាន​ពេល​ព្រឹករបស់​លោក​ ​ដោយ​មានភ្ជាប់​នឹង​ការ​ការពារ​អត្ថាធិប្បាយ​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត​ ​ថា​លោក​គ្មាន​បំណង​អាក្រក់​លើ​នរណា​ម្នាក់​នោះ​ទេ​ ​និង​បាន​បញ្ជាក់​ថា​ ​អ្វី​ដែល​លោក​និយាយ​គឺ​ជា​ការ​លេង​សើច និង​ជាការព្យាយាមអប់រំ​ស្ត្រីប៉ុណ្ណោះ។​

ទោះ​ជា​យ៉ាង​ណា​ ​សកម្មជន​ការពារ​សិទ្ធិ​ស្រ្តី​លើក​ឡើង​ថា​ ​ពួក​គេ​មិនអាច​ទទួល​យក​ការ​សុំ​ទោសរបស់​លោក​ ​មាស រិទ្ធី​ ​ដោយ​បែប​នោះ​បាន​ទេ​ ​ដោយ​ពួក​គេ​លើក​ឡើង​ថា​ ​ការសុំទោស​បែប​នោះ​ ​គឺ​«ដូច​ជា​ការ​មិន​សុំទោស»។​

កញ្ញា​ ​ប៊ុន រចនា​ ​មន្ត្រី​ជាន់​ខ្ពស់នៃ​អង្គការ​ ​Actionaid​ ​កម្ពុជា​ ​ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្រ្តី​ ​ថ្លែង​ថា​ ​ការ​សុំទោស​របស់​លោក​ ​មាស រិទ្ធី​ ​មិនមែន​ជា​ការ​សុំទោស​ដែល​ពិត​ប្រាកដ​ និង​មិន​បាន​ទទួល​ស្គាល់​ថា​ លោក​ពិត​ជា​បាន​អត្ថាធិប្បាយ​ខុស​នោះ​ទេ។​

កញ្ញា​ ​ប៊ុន រចនា​ ​បញ្ជាក់​ថា៖

«គាត់​មិនគួរ​មានការ​ដោះ​សារ​ណាមួយ​ ​មិន​គួរ​មាន​ការ​ការពារ​ខ្លួន​ណា​មួយ​ ​ក្រៅ​ពីការ​ទទួល​ស្គាល់​ថាអី​ដែល​បាន​និយាយ​ហ្នឹង​ ​គឺ​ពិត​ជា​ខុស​មែន​ ​ហើយ​សុំទោស​សាធារណៈជន​ដោយ​ចិត្តស្មោះ​ ​មិន​មែន​និយាយ​ភាសា​ថា​បើ​ខ្ញុំ​ខុស​ ​ខ្ញុំ​សុំទោស​ទេ។​ ​ពីព្រោះ​គាត់​ខ្លួន​ឯង​ ​ភាសា​ដែល​និយាយ​ហ្នឹង​ ​គាត់​អត់​ទទួល​ស្គាល់​ថាអី​ដែល​គាត់​និយាយ​ហ្នឹង​ពិត​ជា​បាន​លើសលួស​ ​ឬ​ក៏​ខុស​ចំពោះ​បញ្ហា​នោះ​ទេ»។

អ្នក​ការពារ​សិទ្ធិ​ស្ត្រី​រូប​នេះ​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ​ក្រុម​អ្នក​រៀបចំ​ញត្តិ​នោះ​ ​ក៏​គ្រោង​រៀបចំ​ញត្តិ​ផ្សេង​មួយ​ទៀត​ដែល​ភ្ជាប់​ជា​មួយ​ស្នាម​មេ​ដៃដែល​ប្រមូល​បាន ​ដាក់​ទៅ​ក្រសួង​ព័ត៌មាន​ ​និង​ក្រសួង​កិច្ចការ​នារី​ ​ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចេញ​ការព្រមាន​ចំពោះ​លោក​ ​មាស រិទ្ធី។​ ​ពួកគេ​ក៏​គ្រោង​សរសេរ​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ផ្ញើ​ទៅ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ ​ដើម្បី​ស្នើ​សុំឲ្យ​ខាង​ទូរទស្សន៍​បណ្តុះ​បណ្តាល​លោក​ ​មាស រិទ្ធី​ ​ពី​របៀប​ចៀសវាង​ការ​ធ្វើ​អត្ថា​ធិប្បាយ​បែប​នេះ​ទៀត​នៅ​ពេល​អនាគត។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ​លោក​ ​មាស រិទ្ធី​ ​អគ្គនាយក​រង​នៃ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ ​ប្រាប់​ VOA ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​អត្ថាធិប្បាយ​របស់​លោក​កាល​ពី​សប្តាហ៍​មុន​ ​មិន​បាន​សំដៅ​លើ​ស្រ្តី​រង​គ្រោះ​នៅ​ខេត្ត​ស្វាយ​រៀង​នោះ​ទេ​ ​ដោយ​លោក​អះអាង​ថា​ ​ការ​អត្ថាធិប្បាយ​នា​ពេល​នោះ​គឺ​ជាការ​និយាយ​លេង​សើច​នៅ​ក្រៅ​ឆាក​ ​ដើម្បី​ជា​ការ​អប់រំឲ្យ​ស្រ្តី​ការពារ​ខ្លួន​ប៉ុណ្ណោះ។​ ​លោក​បាន​បន្ថែម​ថា​ ​លោក​គ្រោង​នឹង​ជួប​ជាមួយ​អ្នក​ដែល​រៀបចំ​ញត្តិ​ ​តំណា​ងក្រសូង​ព័ត៌មាន​ ​និងក្រសួង​កិច្ចការ​នារី ​ដើម្បី​ជជែក​ពាក់ព័ន្ធ​នឹង​ការ​អត្ថា​ធិប្បាយ​របស់​លោក​ ​និង​ថា ប្រសិនជា​ក្រុម​អ្នករៀបចំ​ញត្តិ​ទាមទារ​ឲ្យ​លោក​សុំ​ទោស​ជា​សាធារណៈ​បែប​ណា​បន្ថែមទៀត​ ​នោះ​លោកធ្វើ​តាម​ប្រសិន​បើ​ការ​ជជែកគ្នា​បង្ហាញ​ថា​ ​ការ​អត្ថា​ធិប្បាយ​របស់​លោក​ពិត​ជា​ខុស​ពិត​មែន។​

លោក​ ​មាស រិទ្ធី​ ​បញ្ជាក់​ថា៖​

«ថ្ងៃចន្ទ​ពូ​បាន​និយាយ​រួច​ទៅហើយ​ ​ហើយគាត់​នៅ​តែ​ថា​អត់​ទទួល​យក​បាន។​ ឥឡូវ​គាត់​ចង់​បាន​អី​ទៀត?​ ​អញ្ចឹង​បើសិន​ជា​គាត់​ត្រូវ​ការ​ពិតប្រាកដ​ ​ខ្ញុំ​ត្រូវ​អញ្ជើញ​គាត់​តុមូល​ ​ឲ្យ​គាត់​ពន្យល់​ខ្ញុំ បើសិន​ជា​ខ្ញុំ​គិត​ថា​ចំណុច​នោះ​ខ្ញុំក៏​មិនខ្លាច​ការ​សុំ​ទោស​នៅ​កន្លែង​តុមូលចំពោះ​មុខ​ជាមួយ​នឹង​ក្រសួង​ ក្រសួង​ព័ត៌មាន​ ​ក្រសួង​កិច្ច​ការ​នារី​ ​ទល់មុខគ្នា​ ​តែឲ្យ​បំណង​ពិត​ប្រាកដ​ជា​មួយ​គ្នា។​ ​វាអត់​មាន​អី​ដែល​ត្រូវ​ខ្លាច​ ​យើង​ជាអ្នកព័ត៌មាន​ ​អ្នក​ផ្សាយ​ព័ត៌មាន​ ​រឿង​អី​ដែល​យើង​ខ្លាច​ចំពោះ​ការ​កែ​តម្រូវ​ ​បើ​សិនជា​យើង​ខុស»។

ប្រការ​១២​នៃ​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្រ្តី​ ​ដែល​ទើប​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ក្រសួង​ព័ត៌មាន​ ​និង​ក្រសួង​កិច្ចការ​នារី​ ​កាលពីចុងខែ​កក្កដា​ ​ឆ្នាំ​២០១៧​កន្លង​ទៅ​ ​ចែង​ថា​អ្នករាយ​ការណ៍​ព័ត៌មាន​មិន​ត្រូវ​បន្ទោស​ ​ឬដាក់​កំហុស​ទៅលើ​ស្រ្តី​ ​ចំពោះ​រាល់​អំពើ​ហិង្សាដែល​កើត​ឡើង​លើ​ពួក​គេ​នោះ​ទេ។​ ​ការ​រាយការណ៍​មិនត្រូវ​ដាក់​បញ្ចូល​នូវ​មតិ​ផ្ទាល់​ខ្លួន​ ​ឬ​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​ ​ដូច​ជា​ថា​ ​របៀប​នៃ​ការ​ស្លៀក​ពាក់​ ​របៀប​រស់​នៅ​ ​វិជ្ជាជីវៈ​ ​មុខរបរ​ ​ចរិត ​ឬកពារ​ ​និន្នាការ​ភេទ​ ​ទីក​ន្លែង​ ​ឬ​ពេល​វេលា​នៃ​ការ​ប្រព្រឹត្តិអំពើ​ហិង្សា​ ​ជា​ហេតុ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នោះទេ។​

VOA ​មិនអាច​ទាក់ទង​សុំការ​អធិប្បាយ​ពីលោកស្រី​ ​យិន សារ៉ាត់​ ​អ្នកនាំពាក្យ​ក្រសួង​កិច្ចនារី​ ​បាន​ទេ​ នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​

ចំណែក​លោក​ ​អ៊ុក គឹមសេង​ ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​មាន​ប្រសាសន៍​ថា​ ​ក្រសួង​ព័ត៌មាន​បាន​រៀបចំ​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្រ្តី​ ​ដើម្បី​ឲ្យ​អ្នក​សារព័ត៌​មានអនុវត្ត​តាម​ ​ប៉ុន្តែ​លោក​ថា​ ​ក្រសួងមិនមាន​ចំណាត់ការ​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​អ្នកសារព័​ត៌មាន​នោះ​ទេ។​

លោកអ៊ុក គឹមសេង​ ​បញ្ជាក់​ថា៖​

«ក្រម​ប្រតិបត្តិ​ ​និង​ក្រមសីលធម៌​ទាំង​អស់​នេះ​ ​គ្រាន់តែ​ជា​គោលការណ៍​ ​ជា​បន្ទាត់​មួយ ដើម្បី​យើង​ដើរ​ទាំង​អស់​គ្នា។​ ​បើ​គាត់​ធ្វើ​លើស​ ​ខុស​ច្បាប់​ ​ប្អូន​អ្នករង​គ្រោះ​ប្តឹង​ទៅ។​ អ្នកណា​ដែល​ប៉ះពាល់​រងគ្រោះ​ដោយ​ការ​អត្ថាធិប្បាយ​របស់​គាត់ ​ត្រូវ​ប្តឹង។​ ​ឲ្យ​ក្រសួង​ព័ត៌មាន​ទៅ​ចាប់​យ៉ាង​ម៉េច?​ ​វា​អត់​មាន​ ​វា​អត់​ត្រូវ​មាន​សមត្ថកិច្ច​ទៅ​ចាប់​ ​ដាក់​ទោស​អ្នក​ណាទេ​ ​ព្រោះអី​ក្រសួង​ព័ត៌មាន​គ្រាន់​តែ​មាន​សិទ្ធិ​សម្រប​សម្រួល​កិច្ច​ការងារសារព័ត៌មាន​ហ្នឹង​ ​ដើម្បី​ឲ្យ​គោរព​ទៅ​តាម​ក្រម​សីល​ធម៌​ ​ក្រម​ប្រតិបត្តិ​ទាំងអស់​គ្នា​ហ្នឹង»។

គិត​ត្រឹម​ល្ងាច​ថ្ងៃអង្គារនេះ​ ​ញត្តិអេឡិចត្រូនិច ​ដែល​ទាម​ទារឲ្យ​លោក​ ​មាស រិទ្ធី​ ​សុំ​ទោស​ជា​សាធារណៈ​ ​និង​ទទួល​ខុស​ត្រូវ​ចំពោះ​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​សារព័ត៌មាន​ ​ពេល​ធ្វើ​សេចក្ដី​រាយការណ៍​ពី​អំពើ​ហិង្សា​លើ​ស្ត្រី​ បាន​ប្រមូល​បាន​កាគាំទ្រជិត ​២.០០០នៃ​ចំនួន​កំណត់​ ២.៥០០៕

XS
SM
MD
LG