ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ផ្តល់​មេធាវី​ដល់​ស្ត្រី​ជាប់​ពន្ធនាគារ​ដែល​មាន​កូន​ស្លាប់


រូបឯកសារ៖ ស្រ្តីជាអ្នកទោសនិងកូនរបស់ពួកគេ ចូលរួមកម្មវិធីមួយនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។

គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​ផ្តល់​មេធាវី​ដល់​ស្ត្រី​ជា​ម្តាយ​របស់​ទារក​អាយុ​៥​ខែ​ម្នាក់​រស់​ក្នុង​ពន្ធនាគារ​ដែល​បាន​ស្លាប់​កាលពី​ចុង​ខែ​មករា​កន្លង​ទៅ។

​សេចក្តីថ្លែងការណ៍​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ឲ្យ​ដឹង​ថា​ ទារក​អាយុ​៥ខែ​ម្នាក់​ដែល​រស់​នៅ​ជាមួយ​ម្តាយកំពុង​ជាប់​ឃុំ​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទីពីរ​ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត​ កាលពី​ថ្ងៃទី​២៦​ មករា​ ដោយសារ​ជំងឺ​រលាក​សួត​និង​កង្វះ​អាហារូបត្ថម្ភ។

មួយ​ថ្ងៃ​ក្រោយ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ធ្វើ​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​ស្លាប់នេះ​ ហើយ​«បាន​រក​ឃើញ​ថា​ស្ត្រី​ជាប់​ឃុំ​រូប​នេះ ​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់​ឡើយ ​ដោយ​មិន​មាន​មេធាវី​ការពារ​ក្តី​ជូន​គាត់»។

លោក​ ជិន​ ម៉ាលីន​ អនុប្រធាន​និង​ជា​អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ប្រាប់​វីអូអេ​ថា៖«បើ​រក​អ្នក​ទទួល​ខុស​ត្រូវ​ប្រហែល​ពិបាក​រក​ព្រោះ​អី​អ្នក​ពន្ធនាគារ​គេ​យក​ចិត្ត​ទុក​ដាក់​ដែរ​ណាស់។ គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​អី​ជា​ហូរហែរ។ គេ​មិន​ព្រងើយ​កន្តើយ​ទេ​ ប៉ុន្តែ​ដោយសារ​ជំងឺ​វា​ធ្ងន់ធ្ងរ​សង្គ្រោះ​អត់​បាន។ ជា​ការ​សោកស្តាយ»។

លោក​បន្ថែម​ថា៖ «ហើយ​ចំណែក​សវនាការ​មេធាវី​ យើង​កំពុង​តែ​ធ្វើ​ការ​ថា​ធ្វើ​ម៉េច​ជំរុញ​ឲ្យ​មាន​សវនាការ​ឲ្យ​បាន​លឿន​ ហើយ​ស្នើ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ តាម​នីតិវីធី​ច្បាប់»។

​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖«ពន្ធនាគារ​បាន​តាម​ដាន ​និង​បញ្ជូន​ទារិកា​ទៅ​ព្យាបាល​ដោយ​យក​ចិត្ត​ទុកដាក់​ គ្មាន​ការ​ធ្វេស​ប្រហែស​ម្តង​ណា​ឡើយ ​ប៉ុន្តែ​ដោយ​អាការៈ​របស់​ទារិកា​រូបនេះ ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​ ទើប​មិន​អាច​ជួយ ​សង្គ្រោះ​បាន​ ហើយ​ខាង​ពន្ធនាគារ​ពិត​ជា​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​ស្លាប់​របស់​ទារិកា​រូបនេះ»។

ទារក​ដែល​មាន​អាយុ៥ខែ​នោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខ្មែរសូវៀត​ កាលពី​ថ្ងៃទី​១៨ ខែ​មករា ហើយ​ត្រូវ​បាន​រកឃើញ​ថា បាក់​ឆ្អឹងភ្លៅ នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យកុមារ​ជាតិ​ បន្ទាប់​ពី​មន្ទីរពេទ្យ​ខ្មែរ​សូវៀត​បដិសេធ​មិន​ទទួល​ព្យាបាល។ ប៉ុន្តែ​មន្ទីរពេទ្យ​កុមារ​ជាតិ​មិន​អនុញ្ញាត​ឲ្យ​ទារក​នេះ​ស្នាក់​នៅ​មួយ​យប់​នោះ​ទេ ដោយ​អះអាង​ថា​គ្មាន​បន្ទប់។​ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG