មេដឹកនាំខ្មែរក្រហមចាស់ជរា២នាក់ ដែលត្រូវសាលាក្តីខ្មែរក្រហមរកឃើញថាមានទោសពីបទឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិនឹងជាប់ពន្ធនាគារអស់មួយជីវិត នៅ៣៥ឆ្នាំក្រោយពីរបបកុម្មុយនីស្តយ៉ាងបង្ហូរឈាមរបស់ពួកគេបានសម្លាប់ពលរដ្ឋកម្ពុជាអស់ជិតមួយភាគបួន។
សាលាក្តីខ្មែរក្រហមបានប្រកាសនៅថ្ងៃព្រហស្សតិ៍នេះថា អតីតប្រមុខរដ្ឋ ខៀវ សំផន អាយុ៨៣ឆ្នាំ និង អតីតមេមនោគមវិជ្ជា នួន ជា អាយុ៨៨ឆ្នាំ មានទោសក្នុងបទសម្លាប់មនុស្សនិងសកម្មភាពអមនុស្សធ៌មផ្សេងទៀត។
អ្នកទាំងពីរមានទឹកមុខស្មើពេលតុលាការប្រកាសសាលក្រម។
«អង្គជម្រះសម្រេចផ្តន្ទាទោសជនជាប់ចោទ នួន ជា ដាក់ពន្ធនាគារអស់មួយជីវិត។ អង្គជម្រះសម្រេចផ្តន្ទាទោសជនជាប់ចោទ ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។»
តុលាការបានច្រានចោលការជជែកថាមេដឹកនាំវ័យចាស់ជរាទាំងពីរមិនបានដឹងអំពីឧក្រិដ្ឋកម្មឬក៏ថា ពុំមានអំណាចដើម្បីបញ្ឈប់អំពើទាំងនោះ។
ករណីបច្ចុប្បន្នប្រឆាំងនឹងមេដឹកនាំទាំងពីរ ជាប់ទាក់ទងនឹងការជម្លៀសមនុស្សរាប់លាននាក់ចេញពីក្រុងភ្នំពេញ ទៅកាន់ជំរុំពលកម្មនៅតាមតំបន់ជនបទកាលពីឆ្នាំ១៩៧៥។ ករណី០០២ វគ្គទី២ ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុនផ្តោតទៅលើបទចោទផ្សេងទៀត ដែលរួមមានបទប្រល័យពូជសាសន៍ផង៕