ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាន​ភាព​នៅ​ក្នុង​ពន្ធនាគារ​របស់​កុមារ​កម្ពុជា


អ្នកទោស​ម្នាក់​បី​កូន​របស់​ខ្លួន​ក្នុង​ពេល​មាន​ពិធី​មួយ​នៅ​ពន្ធនាគារ​ព្រៃស​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី ៨ ខែមីនា ឆ្នាំ២០១៥។ អ្នកទោស​នារី​ចំនួន​២២នាក់ ខ្លះ​កំពុង​មាន​ផ្ទៃពោះ ខ្លះ​ទៀត​មាន​កូន​តូច ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។
អ្នកទោស​ម្នាក់​បី​កូន​របស់​ខ្លួន​ក្នុង​ពេល​មាន​ពិធី​មួយ​នៅ​ពន្ធនាគារ​ព្រៃស​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី ៨ ខែមីនា ឆ្នាំ២០១៥។ អ្នកទោស​នារី​ចំនួន​២២នាក់ ខ្លះ​កំពុង​មាន​ផ្ទៃពោះ ខ្លះ​ទៀត​មាន​កូន​តូច ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។

អ្នកស្រី ​កែវ​ ចរិយា​មាន​ផ្ទៃពោះ​មួយ​ខែ​នៅ​ពេល​ដែល​អ្នកស្រី​ត្រូវ​បាន​គេ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ចែកចាយ​គ្រឿង​ញៀន។ ​អ្នកស្រីមើល​ថែរក្សា​កូន​ប្រុស​របស់អ្នកស្រីអស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ក្នុង​ពន្ធនាគារ​ មុនពេល​អ្នកស្រី​ចាក​ចេញ​ពី​ពន្ធនាគារ។​

អ្នកស្រីកែវ​ ចរិយា​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ខ្មែរ​ថា៖​

«កូន​របស់​ខ្ញុំ​នៅ​ជាមួយ​ខ្ញុំ​រហូត​ដល់​ពេល​ខ្ញុំ​ត្រូវ​បាន​គេ​ដោះលែង»។​

អ្នកស្រីបាន​បន្ត​ថា៖ ​«ខ្ញុំខ្លាច​ថា ​កូន​ខ្ញុំ​ឆ្លង​ជំងឺ​ផ្សេងៗ​នៅ​ពេល​ស្នាក់​នៅ​ទីនោះ​ជាមួយ»។​

កូន​អ្នកទោសរស់​នៅ​ក្នុង​បន្ទប់​ចង្អៀត​ជា​មួយ​ស្ត្រី​ជា​ច្រើន​ផ្សេង​ទៀត​ដោយ​មានរបប​អាហារ​តិចតួច​ដើម្បី​បរិភោគ​នៅ​ក្នុង​បរិស្ថាន​មួយ​ដែល​មិន​សមរម្យ​សម្រាប់​ការ​លូតលាស់​របស់​កុមារ។​

អ្នកស្រី​បាន​និយាយ​ថា៖​«យើង​ត្រូវ​បរិភោគ​អាហារ​មិន​ល្អ។​ បាយ​ពេល​ខ្លះ​ឆៅ​ ហើយ​ពេលខ្លះខ្លោច។ ​ហើយ​ម្ហូប​ដែល​គេ​បាន​ធ្វើ​ឱ្យ​យើង​ហូប​ដដែលៗ។ ​ពេល​ខ្លះ​អ្នកទោស​ប្រើ​ភាសា​មិន​សមរម្យ​ ឬ​ស្រែក​នៅ​ពេល​និយាយ​ជាមួយ​កុមារ»។​

អ្នកស្រី​កែវ​ ចរិយា​បាន​និយាយ​ថា៖​ «ពេល​ខ្លះ​យើង​រង់ចាំ​យូរ​ពេក ​ចាំ​ឲ្យ​គេ​បើក​ទ្វារ​ឲ្យ​ពួក​យើង​បាន​ចេញ​ក្រៅ​បន្ទប់។​ នៅ​ក្នុង​បន្ទប់​ក្តៅ​ខ្លាំង​ ក្មេងៗ​ក្តៅ​និង​ស្រែក​យំ​ដោយ​សារ​តែ​ពួក​គេ​ចង់​ចេញក្រៅ​បន្ទប់» ។​

មុន​ពេល​ដោះ​លែង​ អ្នកស្រី​កែវ ​ចរិយា​គឺ​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ជាង​ ២០​នាក់​ដែល​ចិញ្ចឹម​កូន​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​នៅ​ទូទាំង​ប្រទេស។​

អង្គការ​លីកាដូឃ្លាំ​មើល​ពន្ធនាគារ​ចំនួន​១៨​នៃពន្ធនាគារ​ទាំង​អស់​ចំនួន​២៧​ទូទាំង​ប្រទេស ​ហើយ​ទំនង​ជា​មាន​ម្តាយ​ និង​កូន​ច្រើន​ទៀត​ដែល​រស់​នៅ​ក្នុង​ពន្ធនាគារ​ដែល​អង្គការ​លីកាដូមិន​បាន​ឃ្លាំ​មើលទាំង​នោះ។​

នៅ​ខាង​ក្នុង​បន្ទប់​ពន្ធនាគារ​ទាំង​នោះ​ កុមារ​ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ​និង​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​របេង​ ផ្តាសាយ​ និង​រោគ​ដទៃៗ​ទៀត​នៅ​ក្នុង​ការ​រង់​ចាំ​រហូត​ដល់​ពេល​ម្តាយ​របស់​ពួក​គេ​ត្រូវ​បាន​ដោះ​លែង។​

កុមារ​ទាំង​នេះ​គឺដូច​ជា​កុមារ​ឈ្មោះ​តារា​ ​ដែល​ត្រូវ​បាន​សរសេរ​នៅ​ក្នុង​របាយ​ការណ៍​ថ្មី​មួយ​ស្តី​ពី​កុមារ​នៅ​ក្នុង​ពន្ធនាគារ​ ដែល​ចេញ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។ ​តារា​ស្នាក់​នៅ​មួយ​ម្តាយនៅក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល​រហូត​ដល់​ តារាមាន​អាយុ​ដល់​ពេល​កំណត់​មួយ​ដែល​គេមិន​អនុញ្ញាត​ឲ្យ​រស់​នៅ​ទី​នោះ​ទៀត​គឺ​នៅ​ពេល​មាន​អាយុ​បួន​ឆ្នាំ។ តារាត្រូវម្តាយបាន​រំលោភ​បំពាន​នៅ​ក្នុង​ពន្ធនាគារ ​និង​នៅ​តែ​មិន​អាច​និយាយ​បាន។

អង្គការ​លីកាដូ​បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖​«ម្តាយ​តារា​បាន​សារភាព​ថា គាត់តែងតែ​វាយ​ដំ​តារា ​ហើយ​ការ​រំលោភ​បំពាន​នេះ​មិន​បាន​បញ្ឈប់​ទេ​ រហូត​ដល់​ពេល​តារាចាកចេញ​ពី​ពន្ធនាគារ»។​

«បើ​ទោះ​បី​ជា​មាន​សញ្ញា​នៃ​ការ​រំលោភ​បំពាន​រាងកាយ​ក៏​ដោយ​ ក៏​អាជ្ញាធរ​មិន​បាន​ចាត់​វិធាន​ការណ៍​ទេ ​រហូត​ដល់តារាមាន​អាយុ​មួយ​ឆ្នាំ​ នៅ​ពេល​នោះ​ឆ្មាំ​ពន្ធនាគារ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បាន​វាយ​ម្ដាយ​របស់​តារា ព្រោះ​ម្តាយ​របស់​តារា​វាយ​ដំ​តារា»។​

លោក​ស្រី​ណាលី​ពីឡូក​ នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​ថា៖​«បទ​ពិសោធន៍​របស់​តារា​បាន​បង្ហាញ​នូវ​ការ​ដែលអាជ្ញាធរ​ពន្ធនាគារ​មិន​ទាន់​អនុវត្តវិធាន​ការ​សមរម្យ​ នៅ​ពេល​កុមារ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់»។​

លោក​ស្រី​បាន​បន្ត​ថា៖​«អាជ្ញាធរ​គួរ​តែ​ឈប់​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​លើ​កុមារ​ដែល​រស់​នៅ​ក្នុង​ពន្ធនាគារ​នានា»។​

អ្នក​គ្រប់គ្រង​គម្រោង​ពន្ធនាគារ​របស់​អង្គការ​លី​កាដូ​គឺនាងនូ សំអាន​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​ថា៖​«អាជ្ញាធរ​ពន្ធនាគារ​គួរតែ​តាម​មើលឲ្យ​បាន​ដិត​ដល់​នូវ​កុមារ​ដែល​រស់នៅ​ក្នុង​ពន្ធនាគារ​ ហើយ​បង្កើត​ឲ្យ​មាន​ការ​ការពារ​ពិសេស​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ខាង​សុវត្ថិភាព​របស់​កុមារ​ទាំង​នោះ»។​

នាងនូ សំអាន​បាន​បន្ត​ថា៖​«ការ​ធ្វើ​អន្តរាគមន៍​ដែល​បង្កើត​ឲ្យ​មាន​វដ្ដ​នៃ​អំពើហិង្សា​គឺ​មិន​គប្បី​អនុវត្ត​ទេ​ ហើយ​រិត​តែ​បង្ក​គ្រោះ​ថ្នាក់ ​និង​មិន​មាន​លទ្ធផល​ល្អ​នោះ​ទេ»។​

អង្គការ​លី​កាដូ​បាន​និយាយ​ថា​ ពាក់​ក​ណ្តា​ល​នៃ​កុមារ​នៅ​ក្នុង​ពន្ធនាគារ​មិន​ដែល​គេ​ស្គាល់​ជីវិត​ក្រៅ​ពី​ជីវិត​នៅ​ក្នុង​ពន្ធនាគារ​នេះ​ទេ។​

អង្គការ​លីកាដូ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​របស់​ខ្លួន​នេះ​កាល​ពី​ខែ​មុន។​ កាល​ពីសប្តាហ៍​ដែលមានទិវា​នារី​អន្តរជាតិ​ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​បាន​អំពាវនាវ​ឱ្យ​ក្រសួង​យុត្តិធម៌​ដោះលែង​ស្ត្រី​២២​នាក់​ ដែលមាន​ផ្ទៃ​ពោះ​ ឬ​មាន​កូន​នៅ​ក្នុង​ពន្ធនាគារ។ ​ការ​ដោះ​លែង​អ្នក​ទោស​ពី​ពន្ធនាគារ​គឺធ្វើ​ឡើងនា​ពេល​ចូល​ឆ្នាំ​ខ្មែរ​ និង​ថ្ងៃបុណ្យជាតិ។ ​ប៉ុន្តែ​ការ​ដោះ​លែង​អ្នក​ទោស​លើកនេះ​គឺ​ជា​ការដោះលែង​លើក​ដំបូង​សម្រាប់​ទិវា​នារី​អន្តរជាតិ។​

លោក​គឹម​ សន្តិភាព ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​ បាន​ថ្លែង​ថា ​រដ្ឋាភិបាល​កំពុង​ពិចារណា​ការដោះ​លែង​ស្ត្រី​ផ្សេងៗ​ជា​ច្រើន​ទៀត​សម្រាប់​ឱកាស​ចូល​ឆ្នាំ​ថ្មី​នា​ពេល​ខាង​មុខ។​

ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ នៅ​ថ្នាក់​គោល​ន​យោ​បាយ។​ លោក​អំ​ សំអាត ​អ្នក​តាមដាន​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ បាន​ថ្លែង​ថា ​រដ្ឋាភិបាល​គួរ​ពិចារណា​ឡើងវិញ​នូវ​ការ​ផ្តន្ទា​ទោសស្ត្រី​មាន​កូនគឺ​គួរតែ​រក្សា​ទុក​ពួកគេ​នៅ​ក្រៅ​ពន្ធនាគារ​ ហើយ​ឲ្យ​ពួក​គេ​ធ្វើ​កិច្ចការ​ដែល​ផ្តល់​សេវា​ដល់​កម្ម​សហគមន៍​ជំនួស​ឲ្យ​ការ​ការ​ផ្តន្ទា​ទោសដាក់​ពន្ធនាគារ៕

XS
SM
MD
LG