ក្រុមអង្គការសិទ្ធិមនុស្ស គណបក្សប្រឆាំង សហជីពសេរីកម្មករ និងរដ្ឋាភិបាលនៅថ្ងៃពុធនេះ ប្រារព្ធខួបទី៦៦នៃទិវាសិទ្ធិមនុស្សអន្តរជាតិនៅកន្លែងផ្សេងៗគ្នា ក្នុងប្រទេសកម្ពុជា។ ស្របពេលជាមួយគ្នានេះ សកម្មជនដីធ្លីតំបន់បឹងកក់ ដែលកំពុងជាប់ពន្ធនាគារ បានចាប់ផ្តើមធ្វើកូដកម្មអត់អាហារដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងពួកគេ។
អង្គការសង្គមស៊ីវិលដែលរួមមានគណកម្មការប្រព្រឹត្តកម្ម បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅទីលានប្រជាធិបតេយ្យ។ ចំណែកក្រុមសហជីពសេរីកម្មករបានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភាដោយមានការចូលរួមពីក្បួនធម្មយាត្រា។ សាលាក្រុងភ្នំពេញបានយកមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ រីឯគណបក្សជំទាស់បានចាប់យកសួនច្បារមុខវត្តភ្នំ ធ្វើជាកន្លែងប្រារព្ធពិធី។
ក្រុមអង្គការសង្គមស៊ីវិលបានយកឱកាសនេះទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការចាប់ខ្លួនតាមទំនើងចិត្តនិងអំពាវនាវឲ្យដោះលែងសកម្មជនដីធ្លី ព្រះសង្ឃ និង អ្នកនយោបាយចំនួន១៩នាក់ឲ្យមានសេរីភាពវិញ ក្នុងពេលដែលរដ្ឋាភិបាលបាននិយាយលើកសរសើរពីការរីកចំរើនខាងការគោរពសិទ្ធិមនុស្សនិងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៏រួមមួយ អង្គការសង្គមស៊ីវិលបានមើលឃើញថា ជាទូទៅតុលាការយុត្តិធម៌នៅកម្ពុជាតែងតែកំណត់ដោយក្រុមគោលដៅនិងដើម្បីបំបិទសម្លេង សកម្មជនដីធ្លី និងសកម្មជននយោបាយ ដោយប្រើប្រាស់សិទ្ធិដែលមានការគាំទ្រដោយច្បាប់។
រដ្ឋាភិបាលត្រូវតែគោរព កាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងជាពិសេសគឺការគោរពសិទ្ឋិពលរដ្ឋនិងសិទ្ឋិនយោបាយដើម្បីធ្វើអោយប្រាកដថា សកម្មជននិងអ្នកការពារសិទ្ធិមនុស្សគ្មានការរំលោភបំពាន និងការចាប់ខ្លួនតាមទំនើងចិត្ត។
លោក សុក សំអឿន ប្រធានសម្របសម្រួលគណៈកម្មាធិការប្រព្រឹត្តិកម្មមានប្រសាសន៏ថាអស់រយៈពេលជិត១២ខែកន្លងទៅនេះ មិនទាន់មានការស៊ើបអង្កេត ការសម្លាប់និងការចោទប្រកាន់មន្ត្រីប៉ូលីស ឬ មន្ត្រីយោធា ចំពោះសកម្មជនស្លូតត្រង់ដែលកំពុងអនុវត្តន៏សិទ្ឋិក្នុងបាតុកម្មដោយសន្តិវិធីរបស់ខ្លួន។
«យើងត្រូវតែប្រារព្ធទិវាដ៏សំខាន់នេះដោយមិនធ្វើការបំភ្លេចចំពោះការប្រយុទ្ឋដ៏យូរអង្វែងដើម្បីយុត្តិធម៌ដែលកំពុងអនុវត្តន៏សិទ្ឋិបាតុកម្មដោយសន្តិវិធីបានបង្ហាញថាមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីធានាថាសិទ្ធិ និងការទទួលបានយុត្តិធម៌របស់ប្រជាពលរដ្ឋគឺត្រូវតែបានគោរព»។
អ្នកស្រី វ៉ាន់ ហ៊ាលី (Wan Hea Lee) តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាមានប្រសាសន៏ថា ទាំងរដ្ឋាភិបាលកម្ពុជានិងប្រជាពលរដ្ឋត្រូវតែគោរពច្បាប់និងសិទ្ឋិមនុស្ស។
«ដោយសារការគោរពច្បាប់នេះហើយវាជាម៉ោងមួយដើម្បីបិទភ្ជាប់សិទ្ធិរបស់យើងឲ្យជាប់ទាក់ទងគ្នា»។
លោក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា គឺលោក វីលៀម ថត បានប្រសាសន៏នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា សហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យពលរដ្ឋកម្ពុជាទាំងអស់ប្រកាន់យកថ្ងៃនេះដើម្បីលើកកំពស់សិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានហើយសហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការការពារសិទ្ឋិមនុស្សនិងលិទ្ឋិប្រជាធិបតេយ្យ។
នៅពេលដែលកម្ពុជាកំពុងប្រារព្ធខួបទី៦៦នៃទិវាសិទ្ធិមនុស្សអន្តរជាតិ។ សកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន៨នាក់ បានចាប់យកថ្ងៃនេះដើម្បីធ្វើកូដកម្មអត់អារហារដោយគ្មានការកំណត់រហូតដល់មានការដោះលែង។
សកម្មជនដីធ្លីទាំង១១នាក់នៅតំបន់បឹងកក់ត្រូវបានតុលាការក្រុងភ្នំពេញបានកាត់ទោសឲ្យជាប់ពន្ធនាគាររយះពេល១ឆ្នាំ និងពិន័យជាប្រាក់២លានរៀលស្មើប្រមាណ៥០០ដុល្លារសហរដ្ឋអាមេរិកតាមច្បាប់ចរាចរណ៏ផ្លូវគោក។ បន្ទាប់ពីអ្នកភូមិបឹងកក់បានបិទផ្លូវដើម្បីវ៉ាទឹកជន់លិចផ្ទះរបស់ពួកគេ។
មានសកម្មជនដីធ្លី ព្រះសង្ឃ និង អ្នកនយោបាយចំនួន១៩នាក់ហើយត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ដាក់ក្នុងពន្ឋនាគារក្រោមបទចោទប្រកាន់ផ្សេងៗគ្នា។
ក្រុមអង្កការសង្គមស៊ីវិលបានយកទិវាសិទ្ធិមនុស្សនេះទទួចអោយរដ្ឋាភិបាលដោះលែងពួកគេអោយមានសេរីភាពវិញ។
លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយជាមួយអ្នកការសែតជុំវិញការចាប់ខ្លួននេះ៕