វ៉ាស៊ីនតោន៖ ពលរដ្ឋខ្មែរអាមេរិកាំងបានសម្តែងការសោកស្តាយដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនបានយកចិត្តទុកដាក់លើការទាមទាររបស់ពលរដ្ឋខ្មែរឱ្យដោះស្រាយភាពមិនប្រក្រតី ហើយប្រកាសផ្តល់ជ័យជម្នះដល់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃអាទិត្យសម្រាប់ការបោះឆ្នោតជាតិ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៨ខែកក្កដា។
សហគមន៍ខ្មែរដែលនៅតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោន នឹងនាំយកការមិនសុខចិត្តរបស់ពួកគេតវ៉ាទៅសភាជាតិសហរដ្ឋអាមេរិកនៅថ្ងៃទី១៨ ខែកញ្ញាខាងមុខនេះដើម្បីឱ្យសហរដ្ឋអាមេរិកបន្តដាក់ការគាបសង្កត់លើរដ្ឋាភិបាលកម្ពុជាឱ្យបង្កើតគណៈកម្មការឯករាជ្យមួយស៊ើបអង្កេតលើភាពមិនប្រក្រតីទាំងនោះនិងគាំទ្រដល់សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់សភាសហរដ្ឋអាមេរិកលើបញ្ហាសិទ្ធិមនុស្សនិងថវិការបស់សហរដ្ឋអាមេរិក។
លោកយ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សបានបញ្ជាក់ពីការខកចិត្តរបស់លោកថា៖
«ខ្ញុំគួរឱ្យសោកស្តាយដែរដែលថាគណបក្សប្រជាជនហើយនឹងគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតហ្នឹងមិនបានស៊ើបអង្កេតឱ្យបានត្រឹមត្រូវហើយបានក៏ប្រកាសថាគណបក្សប្រជាជនឈ្នះអញ្ចឹងធ្វើឱ្យទៅថ្ងៃក្រោយធ្វើឱ្យប្រជាជនខ្មែរថាឈ្នះដោយសារលួច ឈ្នះដោយមិនត្រឹមត្រូវ»។
លោកទូច វិបុល ប្រធានមូលនិធិសង្រ្គោះជាតិនិងជាអ្នករៀបចំម្នាក់នៃការតវ៉ានៅសភាជាតិអាមេរិកាំងបានចោទប្រកាន់ថាគ.ជ.បបានធ្វើខ្លួនជាឧបករណ៍នយោបាយរបស់គណបក្សគ្រប់គ្រងអំណាច។
«ការប្រកាសលទ្ធផលដោយមិនបានស្រាវជ្រាវឬសំឡឹងទៅមើលតំបន់ដែលមានបញ្ហាលួចសន្លឹកឆ្នោតឬក៏បាត់ឈ្មោះបញ្ជីឆ្នោតនានាហើយយើងទៅប្រកាសលទ្ធផលអញ្ចឹងឆ្លុះបញ្ចាំងថាគ.ជ.បជា អាយ៉ងរបស់គណបក្សប្រជាជនកម្ពុជាតែម្តងហើយខ្ញុំគិតថាបងប្អូនខ្មែរយើងទាំងនៅក្រៅស្រុកទាំងនៅ ក្នុងស្រុកគឺមិនយល់ស្របទៅនឹងអ្វីដែលគ.ជ.បបានប្រកាសហ្នឹងទេ»។
គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈចំនួន៦៨ ហើយគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួន៥៥។ ប៉ុន្តែគណបក្សប្រឆាំងអះអាងថាបើមានការស៊ើបអង្កេតត្រឹមត្រូវខ្លួននឹងទទួលបានអាសនៈរហូតដល់៦៣ដែលអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន។
គេរំពឹងថាបាតុកម្មក្នុងរដ្ឋធានីវ៉ាស៊ីនតោននាពេលខាងមុខនេះនឹងធ្វើក្នុងរូបភាពតូចដែលមានអ្នកចូលរួមប្រហែល១០០នាក់ប៉ុណ្ណោះ។
លោកទូច វិបុល បានបន្ថែមថា បាតុកម្មដែលនឹងធ្វើឡើងជាការចាំបាច់មួយដើម្បីដោះស្រាយបញ្ហាដែលរដ្ឋាភិបាលកម្ពុជាបានខកខានក្នុងការបំពេញតាមតម្រូវការយុត្តិធម៌មួយរបស់ពលរដ្ឋក្នុងស្រុកដែលមិនមានសំឡេងអាចនិយាយចេញមកសហគមន៍អន្តរជាតិបានដឹងឮ។
«ទីមួយយើងសម្តែងការគាំទ្ររបស់យើងទៅលើសេចក្តី សម្រេចរបស់សភាហើយនឹងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្សនៅ កម្ពុជាក៏ដូចជាបំណុលដែលពាក់ព័ន្ធទៅ នឹងកម្ពុជាផងដែរលើសនេះទៅ ទៀតយើងក៏ឆក់យកឱកាសហ្នឹងគឺថាស្នើសុំទៅ ឱ្យសហរដ្ឋអាមេរិកប្រកាន់នូវជំហរបន្តការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងម៉េចជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបង្កើតនូវគណៈកម្មការចម្រុះ មួយដើម្បី ត្រួតពិនិត្យទៅលើភាពមិនប្រក្រតី នានាពាក់ព័ន្ធក្នុងពេលបោះឆ្នោត»។
អ្នកវិភាគនយោបាយនិងជាសកម្មជនសហគមន៍មួយក្នុងរដ្ឋម៉ារីឡែន គឺ លោក គុជ ច័ន្ទលី យល់ថាច្រកដោះស្រាយតាមរយៈការជួបចរចាគ្នារវាងមេដឹកនាំធំៗទាំងពីរនៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនៅ តែមាននៅឡើយទេប៉ុន្តែវាទាមទារនូវការស្មោះត្រង់ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក។ លោកបានបន្ថែមថាទន្ទឹមគ្នានេះដែរពលរដ្ឋត្រូវបន្តទាមទារដើម្បីឱ្យអ្នកនយោបាយយកចិត្តទុកដាក់នឹងការមិនសុខចិត្តរបស់ពួកគេ។
«ខ្ញុំយល់ឃើញថាបើសិនជាយើងទាំងអស់គ្នាប្រជាពលរដ្ឋខ្មែរយើងទាមទារកុំឈប់នៅតែទាមទារតទៅទៀតលុះត្រាតែមានដំណោះស្រាយមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋខ្មែរយើងសព្វថ្ងៃនេះបានយើងរកសន្តិភាពឃើញពុំដូច្នោះ ទេខ្ញុំជឿថាវាមានការបង្ហូរឈាមដែលបង្កឡើងដោយរាជរដ្ឋាភិបាលជាអតីតខ្មែរក្រហមនោះតទៅទៀតជាមិនខានទេ»។
គណបក្សសង្គ្រោះជាតិក៏ប្រកាសធ្វើបាតុកម្មតវ៉ាគ្មានទីបញ្ចប់ដោយចាប់ផ្តើមតវ៉ាដំបូងរយៈពេលបីថ្ងៃគឺថ្ងៃ១៥ដល់១៧ខែកញ្ញាខាងមុខនេះដែរ។ បាតុករចូលរួមនឹងអង្គុយនៅទីនោះមិនចេញទៅណាក្នុងរយៈពេលបីថ្ងៃនៃការតវ៉ារបស់ពួកគេ៕