ការធ្វើសមយុទ្ធយោធារួមគ្នាក្នុងទ្រង់ទ្រាយធំខុសធម្មតា រវាងសហរដ្ឋអាមេរិក និងហ្វីលីពីនជាការឆ្លើយតបទៅលើអ្វីដែលរដ្ឋាភិបាលទីក្រុងម៉ានីលចាត់ទុកថា ជាការគំរាមកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិន។ នេះបើតាមការយល់ឃើញរបស់អ្នកវិភាគមួយចំនួន។
កងកម្លាំងយោធាសហរដ្ឋអាមេរិក បានចូលរួមជាមួយកងកម្លាំងយោធាប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទ នៅក្នុងសមយុទ្ធយោធាមួយ ដែលត្រូវបានត្រៀមទុក ដែលមានឈ្មោះថា Balikatan ឬ«ការប្រគៀកស្មាគ្នា»។ មន្ត្រីការពារជាតិអាមេរិក បានហៅការធ្វើសមយុទ្ធយោធានោះ ថាជាសមយុទ្ធយោធាដ៏ធំបង្អស់មួយ ដោយមានការចូលរួមពីកម្លាំងយោធាហ្វីលីពីនចំនួន៣.៨០០នាក់ និងកងយោធាអាមេរិកចំនួន៥.១០០នាក់។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានងាកទៅរកសហរដ្ឋអាមេរិកវិញក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បន្ទាប់ពីព្យាយាមបង្កើតចំណងមិត្តភាពជាមួយប្រទេសចិនរួចមក។ ប្រទេសចិន បានផ្តល់ជំនួយអភិវឌ្ឍន៍ដែលមានតម្លៃរាប់ពាន់លានដុល្លារដល់ប្រទេសហ្វីលីពីន ប៉ុន្តែចិនបានប្រើប្រាស់កម្លាំងយោធារបស់ខ្លួន ដើម្បីដាក់សម្ពាធទៅលើទីប្រជុំកោះដែលមានជម្លោះ និងតំបន់សមុទ្រដែលមានការប្រទាញប្រទង់គ្នារវាងប្រទេសទាំងពីរ។
ការធ្វើសមយុទ្ធយោធា Balikatan នៅឆ្នាំនេះ ជាការលើកកម្ពស់សម្ព័ន្ធភាពយោធារវាងប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមឡើងជាមួយនឹងសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកក្នុងឆ្នាំ១៩៥១ និងកិច្ចព្រមព្រៀងទស្សនកិច្ចកម្លាំងយោធារវាងប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ១៩៩៩។ លោក Duterte ធ្លាប់បានគំរាមថា នឹងលុបចោលកិច្ចព្រមព្រៀងឆ្នាំ១៩៩៩នោះ ខណៈលោកបានងាកកាន់តែជិតទៅកាន់ប្រទេសចិនក្នុងពេលកន្លងមក ប៉ុន្តែបានយល់ព្រមរក្សាទុកកិច្ចព្រមព្រៀងនោះវិញកាលពីឆ្នាំមុន។
លោក Alexander Vuving សាស្ត្រាចារ្យ នៃមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការសិក្សាសន្តិសុខ ក្នុងរដ្ឋ Hawaii សហរដ្ឋអាមេរិក បានថ្លែងថា៖ «សហរដ្ឋអាមេរិក បានឲ្យតម្លៃនិងគាំទ្រដល់ទំនាក់ទំនងមិត្តភាពនោះដោយមិនងាករេ ដូចនេះខ្ញុំគិតថាការណ៍នេះ បានធ្វើឲ្យមានឥទ្ធិពលលើការគិតគូររបស់លោក Duterte»។
លោកបានហៅប្រទេសហ្វីលីពីនថា ជារដ្ឋមួយដែលរេចុះឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយថា ពេលនេះហ្វីលីពីន កំពុងងាករេទៅរកភាគីអាមេរិក ដើម្បីធានានូវច្រកចូលទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដែលជាកន្លែងសម្បូរទៅដោយប្រភពថាមពលនិងត្រីនោះ។
មន្ត្រីក្រសួងការពារជាតិអាមេរិកម្នាក់និយាយថា សមយុទ្ធយោធា Balikatan ជួយលើកកម្ពស់ដល់សមត្ថភាពឆ្លើយតបនឹងវិបត្តិ និងធ្វើផែនការសកម្មភាពទប់ទល់នឹងវិបត្តិទាំងនោះ»។
លោក Ramon Casiple អ្នកវិភាគនយោបាយឯករាជ្យមួយរូបនិយាយថា៖ «ការធ្វើសមយុទ្ធយោធានេះ មានសារៈសំខាន់ ជាពិសេសប្រសិនបើចិនគ្រោងរុញហ្វីលីពីនឲ្យចេញពីតំបន់ប្រជុំកោះ Scarborough Shoal នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះ។
ប្រទេសចិន បានចូលកាន់កាប់តំបន់ប្រជុំកោះនេះនៅក្នុងឆ្នាំ២០១២ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជាមួយហ្វីលីពីនអស់រយៈពេល២ខែមក។
លោកបន្តទៀតថា៖ «ប្រសិនបើសហរដ្ឋអាមេរិក ត្រឡប់មកកាន់តំបន់នេះវិញ ហើយចាត់ទុកបញ្ហានេះថាជារឿងសំខាន់នោះ ហ្វីលីពីន នឹងមានទីពឹងមួយ សម្រាប់តំបន់ដែលមានជម្លោះនោះ។ ហ្វីលីពីនមិនដែលយល់ព្រមប្រគល់តំបន់កោះ Scarborough Shoal ទៅឲ្យចិនឡើយ៕