ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​ចាប់​ផ្តើម​ដំណើរ​ការ​រុករក​ប្រេង​និង​ឧស្ម័ន​ឡើង​វិញ ខណៈ​សម្លឹង​រក​កិច្ចព្រមព្រៀង​ជាមួយ​ចិន​នៅ​តំបន់​សមុទ្រ​មាន​ជម្លោះ


រូបឯកសារ៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ថ្លែងនៅក្នុងវិមានរដ្ឋាភិបាលក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ថ្លែងនៅក្នុងវិមានរដ្ឋាភិបាលក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០។

ក្រុម​អ្នក​វិភាគ​ជឿ​ថា ការ​ដក​បម្រាម​ដោយ​រដ្ឋាភិបាល​ហ្វីលីពីន​លើ​ការ​រុករក​ប្រេង​និង​ឧស្ម័ន​នៅ​តំបន់​ដែន​សមុទ្រទឹក​ជ្រៅ​ បាន​បើក​ឱ​កាស​សម្រាប់​ការ​អភិវឌ្ឍ​ផ្នែក​ថាមពលរួម​គ្នា​មួយ​ ជាមួយ​នឹង​ប្រទេស​ចិន ដែល​ជា​ភាគី​ទាមទារ​ធំ​ជាង​គេ​មួយ​នៅ​ក្នុង​ជម្លោះ​ដែន​សមុទ្រ។

ក្រសួង​ថាមពល​ហ្វីលីពីន​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ​ថា ប្រធានាធិបតី​ហ្វីលីពីន​លោក ​Rodrigo Duterte បាន​អនុម័ត​នូវ​សំណើ​របស់​ក្រសួង​ថាមពល ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ប្រតិបត្តិការរុករកប្រេង និង​ឧស្ម័ន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ។ ការ​រុករក​ត្រូវ​បាន​ផ្អាក​កាល​ពី​ប្រាំមួយ​ឆ្នាំ​មុន ​នៅ​ពេល​ដែល​ជម្លោះ​ដែន​សមុទ្រ​រវាង​ចិន​និង​ហ្វីលីពីន​បាន​ឡើង​កម្តៅ​ដល់​ចំណុច​កំពូល។

រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ហ្វីលីពីន​លោក Alfonso Cusi បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «ការ​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ការ​រុករក​ប្រេង​និង​ឧស្ម័ន​នឹង​ «ដាក់​បញ្ចូល​ការ​វិនិយោគ​បរទេស​ផ្ទាល់​ពី​បរទេស​បន្ថែម​នៅ​ក្នុង​សេដ្ឋកិច្ច»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ​ចិន​នៅ​តែ​អាច​ជា​វិនិយោគិន​បរទេស​ចម្បង​ បើ​ទោះ​បីជា​ចិន​បាន​បង្ក​ការ​ថ្នាំងថ្នាក់​ចិន​ដល់ហ្វីលីពីន និង​រដ្ឋាភិបាល​ប្រទេស​ចំនួន​ប្រាំ​ផ្សេង​ទៀត​ ជាមួយ​នឹង​ការ​ពង្រីកខ្លួន​នៅ​តំបន់សមុទ្រ​ចិន​ខាង​ត្បូង ចាប់តាំង​ពី​ឆ្នាំ ​២០១០ ​មក។

ទំនាក់ទំនង​កាន់​តែ​មាន​ភាព​រកាំរកូស​ ជា​ពិសេស​បន្ទាប់​ពី​មន្ត្រី​នៅ​ទីក្រុង​ប៉េកាំង​ បាន​អនុម័ត​នូវ​ការ​ចាក់​បំពេញ​ដែន​កោះ​តូចៗ ដែល​នៅ​ក្នុងករណី​មួយ​ចំនួនមាន​គោលដៅ​សម្រាប់​ការ​ប្រើប្រាស់​យោធា។ ប្រទេស​ចិន​បាន​ទាមទារ​ប្រមាណ ៩០ ​ភាគរយ ​នៃ​តំបន់​សមុទ្រ​នេះ​ដែល​រួម​មាន​តំបន់​ដែន​ទឹក​ដែល​ប្រទេស​ហ្វីលីពីន​និយាយ​ថា ស្ថិត​នៅ​ក្រោម​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ខ្លួន។​

កាល​ពី​ពីរ​ឆ្នាំ​មុន ​នៅ​ខែ​វិច្ឆិកា​ដូចគ្នា​នេះ ចិន​និង​ហ្វីលីពីន​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ ដើម្បីពិនិត្យ​មើល​រួម​គ្នា​លើ​លទ្ធភាព​ក្នុង​ការ​រុករក​ប្រេង​និង​ឧស្ម័ន ​ដែលនេះ​ជា​មធ្យោបាយ​មួយ​ដើម្បី​រំសាយ​ជម្លោះ​នៅ​ក្នុង​តំបន់​រវាង​ប្រទេស​ទាំង​ពីរ។​

នៅ​ក្នុង​ជម្លោះ​រវាង​ចិន​និង​ហ្វីលីពីន​ គេ​ឃើញ​ប្រទេស​ហ្វីលីពីន​ទទួល​បាន​ជ័យជម្នះលើ​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ចិន នៅ​តុលាការ​អន្តរជាតិ​កាល​ពី​ឆ្នាំ ២០១៦។ ចិន​បាន​ច្រានចោល​សេចក្តី​សម្រេច​នោះ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ ប្រធានាធិបតី​ហ្វីលីពីន​លោក​ Duterte បាន​ងាក​ទៅ​ពង្រឹង​មិត្តភាព​ជាមួយ​នឹង​រដ្ឋាភិបាលក្រុង​ប៉េកាំង និង​ប្រាស្រ័យ​ទាក់ទង​ ដើម្បី​ជំនួយ​សេដ្ឋកិច្ច។

លោក Herman Kraft សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ Philippines Diliman បាន​និយាយ​ថា៖ «​រដ្ឋបាល​[លោក Duterte] បាន​ចុះ​ហត្ថលេខា​លើអនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​ប្រទេស​ចិន ហើយ​នេះ​រួម​បញ្ចូល​ទាំង​ការកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ ឬ​យ៉ាងហោចណាស់​ ការ​សន្យា​បង្កើត​នូវ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍នេះ នៅតំបន់​សមុទ្រ​ហ្វីលីពីន​ខាង​លិច។ ដូច្នេះ នេះប្រហែល​ជា​ការ​ដំណើការ​ទៅ​មុខ​នៃ​អនុស្សារណៈ​យោគយល់​គ្នា ជា​ពិសេស​នៅ​ពេល​ដែល​រដ្ឋបាល​លោក Duterte ជិត​ចប់​អាណត្តិ»។

សមុទ្រ​ហ្វីលីពិន​ខាង​លិច ​គឺ​ជា​ពាក្យ​ដែល​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ ហៅ​សមុទ្រ​ចិន​ខាង​ត្បូង។

រូបឯកសារ៖ រូបភាពដោយក្រសួងការពារជាតិ បង្ហាញនាវាដឹកសម្ភារៈសំណង់សំចតនៅនៅតំបន់ឈូងសមុទ្រ Pag-asa ដែលហ្វីលីពីនអះអាងថាជាកម្មសិទ្ធិកាន់កាប់របស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ រូបភាពដោយក្រសួងការពារជាតិ បង្ហាញនាវាដឹកសម្ភារៈសំណង់សំចតនៅនៅតំបន់ឈូងសមុទ្រ Pag-asa ដែលហ្វីលីពីនអះអាងថាជាកម្មសិទ្ធិកាន់កាប់របស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ក្រសួង​ថាមពលហ្វីលីពីន​លោក Cusi បាន​លើក​ឡើង​បន្ថែម​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា រដ្ឋាភិបាល​ក្រុង​ម៉ានីល ​បាន​ដក​ចេញ​នូវ​ការ​បំរាមរុករក​ប្រេង និង​ឧស្ម័ន «ដោយ​ស្មោះស្ម័គ្រ​និងប្រកប​ដោយ​ការ​ពិចារណាលើ​កិច្ចចរចា​ដែល​កំពុង​តែ​ធ្វើ​ឡើង​រវាង​ហ្វីលីពីន និង​ចិន។

លោក Aaron Rabena អ្នកស្រាវជ្រាវ​នៅ​មូលនិធិ​មាគ៌ា​អាស៊ីប៉ាស៊ីហ្វិក​ដើម្បី​វឌ្ឍនភាព​នៅក្នុង​តំបន់​ទីក្រុង​ម៉ានីល​ បាន​និយាយ​ថា យ៉ាង​ហោចណាស់ដំបូង​ឡើយ មន្ត្រី​ហ្វីលីពីន​នឹង​អនុញ្ញាត​ឲ្យ​ចិន​ចូល​រួម​ក្នុង​កិច្ច​អភិវឌ្ឍ​នៅ​តំបន់​ដែន​ទឹក​មាន​ជម្លោះ​ ក្រោម​ការ​ត្រួត​ពិនិត្យរបស់​ពួកគេ​និង​ត្រូវ​គោរព​ទៅតាមច្បាប់​ហ្វីលីពីន​ទៅលើ​វិនិយោគិន​បរទេស។

អនុស្សារណៈ​ឆ្នាំ​ ២០១៨ មិន​បាន​បញ្ជាក់​ច្បាស់​ពី​កន្លែង​ដែល​ភាគី​ទាំង​ពីរ ​នឹង​ធ្វើ​ការ​រុករក ឬ​ភាគី​ណានឹង​យក​ឧស្ម័ន និង​ប្រេងដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទំហំ​ប៉ុណ្ណានោះ​ទេ។

លោក Rabena និយាយថា៖ «ខ្ញុំគិតថា អ្វីដែលរដ្ឋាភិបាលហ្វីលីពីនគ្រោងនឹងធ្វើនោះ គឺថា ពួកគេនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការរួមគ្នានៅក្នុងតំបន់ដែនសមុទ្ររបស់ប្រទេសហ្វីលីពីន។ ខ្ញុំគិតថា ពួកគេនឹងព្យាយាមបង្កើតជាកម្លាំងចលករមួយជាមុនសិន ដើម្បីឲ្យអ្វីៗទាំងអស់ស្របច្បាប់ ពីព្រោះថា វាងាយនឹងចាប់ផ្តើមតាមរបៀបនេះ»។

រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ហ្វីលីពីន​បាន​ចេញ​សេចក្តីប្រកាស​ដាក់ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​គម្រោង​ជាក់លាក់​ចំនួន​បី៖ ក្រុមហ៊ុន The Philippine National Oil Company-Exploration Corp និង​ក្រុមហ៊ុន PXP Energy Corp របស់​ប្រទេស​ហ្វីលីពីន​ តាម​ផ្នែក​រៀង​ខ្លួន​។ ហើយ​ផ្នែក​ទី​បី ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Forum Energy របស់​ចក្រភព​អង់គ្លេស ​ស្ថិត​នៅ​ក្នុង​តំបន់​ទាមទារ​ដោយ​ប្រទេស​ចិន។

លោក Rajiv Biswas អ្នកសេដ្ឋកិច្ច​ជាន់​ខ្ពស់​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន ​IHS Markit ដែល​ជា​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​ មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុងដ៍​ បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា តួនាទី​របស់​លោក Duterte គឺ​លោក​ចង់​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន។ ប្រសិន​បើ​ហ្វីលីពីន​ចាត់វិធានការខួង​យក​ប្រេង​ដោយ​ឯកត្តភាគី វា​អាច​បង្ក​ការ​លំបាក​ដល់ការ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ចិន»។

ប្រទេស​ព្រុយណេ ម៉ាឡេស៊ី កោះ​តៃវ៉ាន់ និង​វៀតណាម​ បាន​ទាមទារ​ផ្នែក​ទាំងអស់ ឬ​ផ្នែក​ខ្លះ​នៃ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ ភាគី​ទាមទារ​សម្លឹង​ទៅ​រក​ធនធាន​ត្រី និង​ផ្លូវ​នាវាចរណ៍ ក៏ដូចជា ធនធាន​ថាមពល​នៅ​តំបន់​សមុទ្រ​នេះ។ ម៉ាឡេស៊ី​មាន​ការ​ព្រួយបារម្ភ​ នៅ​ពេល​ដែល​នាវាចិន​ឆ្លងកាត់​តំបន់​ដែន​ទឹក​ដែល​ខ្លួន​ទាមទារ ហើយ​នាវា​វៀតណាម​បាន​ប៉ះទង្គិច​ជាមួយ​នឹង​នាវា​ចិន​ កាល​ពី​ឆ្នាំ​ ២០១៤ នៅ​ពេល​ដែល​ចិន​បាន​អនុញ្ញាត​ឲ្យ​នាវា​បូមប្រេង​ចូលសំចត​នៅ​តំបន់​ដែន​ទឹក​ដែល​មាន​ជម្លោះ។

លោក Song Seng Wun អ្នកសេដ្ឋកិច្ចប្រចាំ​ធនាគារ CIMB របស់​ម៉ាឡេស៊ី​ បាន​និយាយ​ថា ការ​ដាក់ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ប្រតិបត្តិការ​រុករកប្រេង​និង​ឧស្ម័ន​ នឹង​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​នូវ​ប្រាក់​ចំណូល​បន្ថែម​ «ដើម្បី​ពង្រឹង​ប្រតិបត្តិការ​រុករក​» របស់​ខ្លួន​អំឡុងពេល​មាន​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​បង្ក​ឡើង​ដោយ​វិបត្តិ​ជំងឺ​កូវីដ១៩។ ប្រភព​ចំណូល​ជា​ទូទៅមាន ​ដូចជា​វិស័យ​ទេសចរណ៍ និង​ប្រាក់​បញ្ជូន​មក​ពី​ក្រៅ​ប្រទេស​ដោយ​អ្នកធ្វើការ​នៅ​ក្រៅ​ប្រទេស ​បាន​ថយចុះ​នា​ឆ្នាំ​នេះ។ សេដ្ឋកិច្ច​ហ្វីលីពីន​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​រួម​តួច​នៅ​ឆ្នាំ ២០២០។

​លោក Song បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា តាម​ពិត​ទៅ [មន្ត្រី​ហ្វីលីពីន] កំពុង​តែ​ពិនិត្យ​មើល​លើ​អ្វី​ដែល​ពួកគេ​អាចលក់​ឬ​រក​ចំណូល​បាន​។ ដូច្នេះ​ខ្ញុំ​គិត​ថា មិនមាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​នៅ​ពេល​ដែល​ពួកគេ​មើល​បញ្ជី​ហើយ​និយាយ​ថា «អូខេ។ ចុះ​ប្រេង ថាមពល ​ឬ​ឧស្ម័ន​គិត​យ៉ាងម៉េចវិញ?»។​

លោក​រដ្ឋមន្ត្រី​ Cusi បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា ការ​រុករក​ប្រេង​និង​ឧស្ម័ននឹង​«ជួយ​ជំរុញ​ឲ្យសេដ្ឋកិច្ច​រើប​ឡើង​វិញ​ពី​ជំងឺរាតត្បាត​ជា​សាកលកូវីដ១៩»។​

រដ្ឋបាល​ព័ត៌មាន​ថាមពលរបស់​សហរដ្ឋអាមេរិកបាន​ប៉ាន់​ប្រមាណ​ថា ​ធនធាន​ប្រេង​ចំណុះរវាង ០,៨ និង ៥,៤ ពាន់​លាន​ប៉ារែល និង​ឧស្ម័ន​ធម្មជាតិ​ចន្លោះរវាង ២១៥ លាន និង​ ១,៥៦ លាន​លាន​ម៉ែត្រ​គូប ស្ថិត​នៅ​បាត​សមុទ្រ​ក្បែរ​តំបន់​កោះ Spratly ដែល​ជាប់​ក្នុងតំបន់​ជម្លោះ​រវាង​ចិន និង​ហ្វីលីពីន។

រដ្ឋមន្ត្រីក្រសួង​ថាមពល​ហ្វីលីពីន​លោក​ Cusi បាន​និយាយ​ថា ការ​ចាប់ផ្តើម​ថ្មី​ចំពោះប្រតិបត្តិរុករក​ប្រេង និង​ឧស្ម័ននឹង​ជំរុញ​ឲ្យ​មាន​«សន្តិសុខផ្នែក​ថាមពល» ផង​ដែរ។ លោក​ក៏បាន​លើកឡើងពី​ «លទ្ធភាព​បាត់បង់​»​ ធនធាន​ឧស្ម័ន​ធម្មជាតិ​ផង​ដែរ៕

ប្រែសម្រួល​ដោយ​ ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG