ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិន្នន័យ​ហ្វេសប៊ុក ជួយ​តាមដាន​មើល​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩


ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​ 3D ត្រូវ​បាន​គេ​ដាក់​នៅ​លើ​ក្តារ​ចុច​កុំព្យូទ័រ កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​ 3D ត្រូវ​បាន​គេ​ដាក់​នៅ​លើ​ក្តារ​ចុច​កុំព្យូទ័រ កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

ហ្វេសប៊ុក​ទំនងជា​ដឹង​ព័ត៌មាន​ជា​ច្រើន​អំពី​លោក​អ្នក​រួច​ទៅ​ហើយ។ ដូច្នេះ តើ​លោកអ្នក នឹង​បំពេញ​ការ​ស្ទង់មតិ​នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​មួយ​នេះ អំពី​អារម្មណ៍​របស់​លោកអ្នក​នៅ​ថ្ងៃ​នេះ​ទេ?

ចុះប្រសិន​បើ​ព័ត៌មាន​ដែល​លោក​អ្នក​បំពេញ​នៅ​ក្នុង​ការស្ទង់មតិ​នោះ អាច​ជួយ​អ្នកស្រាវជ្រាវ និង​មន្រ្តី​នានា​ដែល​ធ្វើការ​លើ​ការទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺកូវីដ​១៩ នា​ពេល​បច្ចុប្បន្ន​នេះ​បាន? ចុះ​ប្រសិនបើ​ការចូលរួម​របស់​លោកអ្នក​ក្នុងការ​បំពេញ​ការ​ស្ទង់មតិ​នោះ​មាន​ន័យ​ថា វា​អាច​ជួយ​ឲ្យ​អាជីវកម្ម​ក្នុង​តំបន់​របស់​អ្នក​ សួន​សាធារណៈ និង​ឆ្នេរ​សមុទ្រ អាច​នឹង​ឆាប់​បើក​ដំណើរការ​ឡើង​វិញ​នោះ តើ​លោកអ្នក​នឹង​ចូលរួម​នៅក្នុង​ការស្ទង់មតិ​នោះ​ទេ?

ខាង​លើ​នេះ ជា​គំនិត​នៅ​ពី​ក្រោយ​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ចំនួន ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ការប្រើប្រាស់​បណ្តាញ​សង្គម និង​អ៊ីនធឺណិត​របស់​មនុស្ស​ទាំងឡាយ ដើម្បី​ស្វែងរក​ទីកន្លែង​ដែល​មាន​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩​ច្រើន​បំផុត និង​ព្យាករណ៍​ពី​ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា មុន​ពេល​ដែល​មន្ទីរពេទ្យ​មាន​អ្នកជំងឺ​ហួស​ចំណុះ។ នៅ​ពេល​ដែល​សង្គម​ចាប់ផ្តើម បើក​ដំណើរការ បន្ទាប់ពី​បិទ​អស់រយៈពេល​រាប់​សប្តាហ៍​មក​នោះ មន្រ្តី​រដ្ឋាភិបាល កំពុង​ស្វែងរក​សូចនាករ​គន្លឹះៗ គឺ​ទិន្នន័យ​ដែល​អាច​ជួយ​ឲ្យ​ពួកគេ​ព្យាករណ៍​ថា ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​នឹង​កើត​មាន​ឡើង ដូច្នេះ វា​អាច​ជួយ​ពួកគេ ឲ្យ​ធ្វើការ​សម្រេចចិត្ត​សំខាន់ៗ ដូចជា​ថា តើ​អ្វី​ដែល​អាច​បើក​ដំណើរការ​បាន ហើយនឹង​នៅ​ពេលណា។

សូចនាករ​មួយ​គឺ តាមរយៈ​ការស្ទង់មតិ​ដោយ​ផ្តោត​ទៅ​លើ​រោគសញ្ញា ដែល​បង្កើត​ឡើង​ដោយ​អ្នកស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ Carnegie Mellon University។ ការ​ស្ទង់​មតិ​នេះ នឹង​ចេញនៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​ទទួល​ព័ត៌មាន​ក្នុង​គណនី​ហ្វេសប៊ុក​របស់​មនុស្ស​ម្នាក់ៗ ហើយ​សួរ​ថា តើ​ពួកគេ​ធ្លាប់​មាន​រោគសញ្ញា​ជំងឺ​កូវីដ១៩​ដែរ ឬ ទេ ដែល​មាន​ដូច​ជា គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម​ជាដើម​នោះ។

ការស្ទង់មតិនេះ កំពុង​ចេញ​តាម​ហ្វេសប៊ុកនៅ​ទូទាំង​ពិភពលោក តាមរយៈ​ការ​ចាប់​ដៃគូ​ជាមួយ​សាកល​វិទ្យាល័យ​ម៉ារីលែនដ៍ ហើយ​វា​មាន​ភាពសកម្ម​យ៉ាង​ខ្លាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

អ្នកនាង Laura McGorman ដែល​ជា​អ្នក​ដឹកនាំ​ផ្នែក​គោលនយោបាយ​នៃ​បណ្តាញ​សង្គម​ហ្វេសប៊ុក បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«យើង​ទទួល​បាន​ការឆ្លើយតប​ប្រមាណជា ១៥០.០០០ ក្នុង​មួយ​ថ្ងៃ»។

អ្នកស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ Carnegie Mellon University ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រចាំថ្ងៃ នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ដែល​មាន​អាសយដ្ឋាន covidcast.cmu.edu។ គេ​អាច​ចូល​មើល​ទិន្នន័យ​នានា​ទាក់ទង​នឹង​ជំងឺ​កូវីដ​១៩​នេះ ទៅ​តាម​ថ្ងៃ​សម្រាប់​ស្រុក​នីមួយៗ​របស់​អាមេរិកបាន​លើ​គេហទំព័រ​នេះ។

លោក Ryan Tibshirani សហ​ប្រធាន​នៃ​ក្រុម​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ​១៩ នៃសាកល​វិទ្យាល័យ Carnegie Mellon University បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖

«ការ​ព្យាករណ៍​ដែល​យើងធ្វើ​បាន​ភ្លាមៗ​នេះ​ ស្របគ្នា​ជាមួយ​នឹង​ទិន្នន័យ​ល្អ​បំផុតផ្សេង​ទៀត​ដែល​យើង​អាច​រក​បាន​ស្តី​ពី​សកម្មភាព​របស់​ជំងឺ​កូវីដ​១៩​នេះ»។

លោក​ Ryan Tibshirani បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ព័ត៌មាន​នេះ អាច​ធ្វើ​ឲ្យ​យើង​ទុកចិត្ត​បាន​ថា ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ យើង​នឹង​អាច​ផ្តល់​ការព្យាករណ៍​ដល់​មន្រ្តី​សុខាភិបាល​បាន គឺច្រើនសប្តាហ៍មុន​វា​កើត​ឡើង​ម្ល៉េះ»។

ហ្វេសប៊ុក​ក៏​ចែក​រំលែក​ទិន្នន័យ​អំពី​ការផ្លាស់ទី​របស់​អ្នកប្រើប្រាស់​ដល់​សាលា​សុខភាព​សាធារណៈ T.H. Chan នៃ​សាកលវិទ្យាល័យ​ Harvard ផងដែរ ដើម្បី​ជួយ​អ្នកស្រាវជ្រាវ​ឲ្យ​បង្កើត​ផែនទី​នៃ​ការផ្លាស់ទីប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ទៅ​តាម​រដ្ឋ និង​ស្រុក។ មនុស្ស​ដែល​ប្រើ​កម្មវិធី​ហ្វេសប៊ុក​ក្នុងទូរស័ព្ទ ដោយ​ប្រាប់ទីតាំង​ខ្លួន​ នឹងចូលរួម​ចំណែក​ផ្តល់​ទិន្នន័យ​នេះ។

អ្នកតាក់តែង​គោលនយោបាយ អាច​ប្រើប្រាស់​ព័ត៌មាន​នេះ ដើម្បី​ស្វែងយល់​ពី​របៀប​ដែល​សហគមន៍​នានា​ ធ្វើការ​ឆ្លើយតប​ទៅនឹង​វិធានការ​ឲ្យ​រក្សា​គម្លាត​ពីគ្នា ហើយ​និង​ថា តើ​ត្រូវ​មាន​វិធានការ​បន្ថែម​ទៀត ឬ​យ៉ាងណា។

ក្រុម​អ្នក​ស្រាវជ្រាវ​ព្រមាន​ថា សំណុំ​ទិន្នន័យនេះ គ្រាន់តែ​ជា​ព័ត៌មាន​មួយ​ផ្នែក​ដែល​ចង្អុល​បង្ហាញ​ពី​និន្នាការ ដែល​អាច​កើត​មាន​ក្នុង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នេះ។ ទិន្នន័យ​ទាំងនោះ​តែ​ឯង មិន​អាចឲ្យ​គេធ្វើ​ការ​សន្និដ្ឋាន​អ្វីបាន​ឡើយ។

អ្នកនាង Laura McGorman នៃ​បណ្តាញ​សង្គម​ហ្វេសប៊ុក បាន​ថ្លែង​បន្ថែម​ក្នុង​សម្តី​ដើម​ថា៖

«ទោះជា​លោក​អ្នក​នៅ​ទីណា​ក៏ដោយ យើង សង្ឃឹម​ថា ផ្នែក​ខ្លះ​នៃ​ទិន្នន័យ​របស់​យើង អាច​មាន​ប្រយោជន៍​ក្នុង​ការឆ្លើយតប​ទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​នេះ»៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG