អាជ្ញាធរចិន បានរឹបអូសការគ្រប់គ្រងលើក្រុមហ៊ុនចិញ្ចឹមសត្វ និងកសិកម្មខ្នាតយក្សមួយឈ្មោះ Hebei Dawu ដែលធ្លាប់ទទួលបានចំណាត់ថ្នាក់ថា ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសឯកជនធំៗបំផុតនៅក្នុងប្រទេសចិន។
លោក Sun Dawu ដែលជាស្ថាបនិក និងនាយកក្រុមហ៊ុននេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១១ ខែវិច្ឆិកា រួមជាមួយនឹងសមាជិកគ្រួសារ និងថ្នាក់ដឹកនាំក្រុមហ៊ុនជាង២០នាក់ផ្សេងទៀត។ លោក Sun ត្រូវបានគេចោទប្រកាន់ពីបទ «បង្កឱ្យមានជម្លោះ និងផលិតកម្មមានការរំខាន»។
អាជ្ញាធរ មិនបានពន្យល់ពីមូលហេតុពីការឃុំខ្លួនមហាសេដ្ឋីរូបនេះនោះទេ។ ការបង្ហោះនៅលើបណ្តាញសង្គមចិនបានលើកឡើងថា ក្រុមហ៊ុននេះ មានជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុនកសិដ្ឋានដែលគ្រប់គ្រងដោយរដ្ឋ។ ប៉ុន្តែមនុស្សដែលស្និទ្ធនឹងលោក Sun និយាយថា ការគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់លោកដែលត្រូវបានគេដឹងឮយ៉ាងខ្លាំងនោះ ទំនងជាមូលហេតុនៃការឃុំខ្លួននេះ។
ជម្លោះដីធ្លី
នៅក្នុងខែសីហា បុគ្គលិករបស់ក្រុមហ៊ុន Dawu Group ត្រូវបានរាយការណ៍ថា បានប៉ះទង្គិចគ្នាជាមួយនឹងបុគ្គលិករបស់កសិដ្ឋានមួយដែលគ្រប់គ្រងដោយរដ្ឋ ក្នុងអំឡុងពេលមានជម្លោះដីធ្លី។ បើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់លោក Sun មនុស្សជាង២០នាក់ បានរងរបួស។
នៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីមានហេតុការណ៍នេះកើតឡើង លោក Sun បានប្រាប់ថា ច្បាស់ណាស់ប៉ូលិសកាន់ជើងកសិដ្ឋានដែលគ្រប់គ្រងដោយរដ្ឋ ដោយសារតែ «កសិដ្ឋាននោះជាកម្មសិទ្ធិរបស់រដ្ឋ» ប៉ុន្តែ «ពួកគេជាក្រុមអ្នកលេងដែលកេងប្រវ័ញ្ចយកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយប្រើប្រាស់ឈ្មោះរដ្ឋ»។
នៅថ្ងៃទី១១ ខែវិច្ឆិកា ប៉ូលិសមូលដ្ឋាន បានបង្ហោះនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា លោក Sun រួមជាមួយមនុស្សមួយចំនួនផ្សេងទៀតត្រូវបានឃុំខ្លួន ខណៈដែលរឿងក្តីនេះ កំពុងត្រូវបានស៊ើបអង្កេត។
លោក Wang Yingguo ដែលជាសហគ្រិនចិនម្នាក់ និងជាមនុស្សជំនិតរបស់លោក Sun បានប្រាប់ VOA ថា បើទោះបីជាលោក Sun មានជម្លោះហិរញ្ញវត្ថុជាមួយនឹងក្រុមហ៊ុនផ្សេងក្តី រឿងក្តីនេះ គួរតែត្រូវបានចាត់ទុកជារឿងក្តីរដ្ឋប្បវេណីជាជាងរឿងក្តីព្រហ្មទណ្ឌ។
លោកបាននិយាយក្នុងន័យដើមថា «ឥឡូវនេះ ក្រុមហ៊ុនរបស់លោក Sun ត្រូវបានរដ្ឋាភិបាលគ្រប់គ្រងជំនួសហើយ។ រឿងនេះ កាន់តែវែងឆ្ងាយហើយ មិនមែនគ្រាន់តែជាបញ្ហាក្រុមហ៊ុនតែប៉ុណ្ណោះទេ»។
លោក Wang បាននិយាយថា ក្រុមហ៊ុនរបស់លោក Sun បានពង្រីកខ្លួនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានពង្រីកសកម្មភាពក្រៅពីអាជីវកម្មកសិកម្ម ដែលពីមុនធ្លាប់ជាអាទិភាពចម្បងរបស់ក្រុមហ៊ុន។ ក្រុមហ៊ុននេះមានពហុកីឡដ្ឋានដែលមានកៅអីអង្គុយចំនួន ២០.០០០ និងមន្ទីរពេទ្យមួយដែលបុគ្គលិករបស់ក្រុមហ៊ុន Dawu និងពលរដ្ឋមូលដ្ឋាន អាចទទួលសេវាថែទាំសុខភាពបាន។ លោក Wang បាននិយាយថា ការផ្តល់អត្ថប្រយោជន៍បែបនេះ បានធ្វើឱ្យលោក Sun មានភាពល្បីល្បាញ និងគំរាមកំហែងដល់អាជ្ញាធររបស់រដ្ឋាភិបាលមូលដ្ឋាន។
លោក Wang ក៏បាននិយាយថា អត្ថាធិប្បាយជាច្រើនរបស់លោក Sun ដែលបានបង្ហោះនៅលើបណ្តាញ WeChat គាំទ្រដល់លទ្ធិប្រជាធិបតេយ្យ។
លោក Teng Biao ដែលជាមេធាវីសិទ្ធិមនុស្សរស់នៅភៀសខ្លួនម្នាក់បានប្រាប់ VOA ថា លោក Sun បានសរសើរដល់ការងាររបស់មេធាវីសិទ្ធិមនុស្សដែលជាប់ពន្ធនាគារ និងមានទំនាក់ទំនងជាមួយអ្នករិះគន់មួយចំនួនទៅលើលោកប្រធានាធិបតី ស៊ី ជីនពីង រួមទាំងមហាសេដ្ឋីអចលនទ្រព្យ លោក Ren Zhiqiang ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១៨ឆ្នាំ កាលពីខែកញ្ញា ផងដែរ។
លោក Teng បាននិយាយក្នុងន័យដើមថា «លោក Sun គឺជាសហគ្រិនម្នាក់ក្នុងចំណោមសហគ្រិនចិនតិចបំផុត ដែលគាំទ្រនីតិរដ្ឋ និងសិទ្ធិមនុស្ស»។
នៅក្នុងខែកក្កដា ឆ្នាំ២០១៥ អាជ្ញាធរចិន បានចាប់ខ្លួនមេធាវីសិទ្ធិមនុស្សជិត១០០នាក់ ដែលជាផ្នែកមួយនៃការបង្ក្រាបដែលមេធាវីនិយាយថា ជាការរំខានយាយីដល់វិជ្ជាជីវៈច្បាប់។
នៅក្នុងអត្ថាធិប្បាយមួយបន្ទាប់ពីមានការចាប់ខ្លួនខាងលើ លោក Sun បានសរសេរក្នុងន័យដើមថា «តើវាឆ្លុះបញ្ចាំងពីបញ្ហាអ្វី? ខ្ញុំគិតថា នេះជាការផ្ទុយគ្នារវាង «ការរក្សាស្ថិរភាព» និង «ការរក្សាសិទ្ធិមនុស្ស»។
ការប៉ះទង្គិចជាមួយប៉ូលិស
នេះជាលើកទី២ហើយ ដែលលោក Sun ត្រូវបានប៉ូលិសឃុំខ្លួន។
នៅក្នុងឆ្នាំ២០០៣ នៅពេលលោកកំពុងស្វែងរកប្រាក់កម្ចីពីធនាគារដើម្បីជួយពង្រីកអាជីវកម្មរបស់លោក លោកមិនអាចរកធនាគារដែលមានឆន្ទៈផ្តល់ប្រាក់កម្ចីដល់លោកនោះទេ។ ប៉ុន្តែនៅចន្លោះខែមករា ឆ្នាំ២០០០ ដល់ខែឧសភា ឆ្នាំ២០០៣ ក្រុមហ៊ុន Dawu Group បានខ្ចីប្រាក់ប្រមាណ៣០លានដុល្លារពីមិត្តភក្តិ និងអ្នកជិតខាង ដោយប្រើលិខិតជំពាក់ប្រាក់ដែលមានអត្រាការប្រាក់ខ្ពស់ជាងធនាគារ។
លោក Wang បាននិយាយថា ការអនុវត្តការខ្ចីប្រាក់ឯកជនបែបនេះ ត្រូវបានការពារដោយច្បាប់ ប៉ុន្តែអាជ្ញាធរ បានចោទប្រកាន់លោក Sun ពីការរៃអង្គាសប្រាក់ខុសច្បាប់។
លោក Sun ត្រូវបានកាត់ទោសជាលើកដំបូងនៅក្នុងឆ្នាំ២០០៣។ រឿងក្តីនេះ បានធ្វើឱ្យមានការគាំទ្រពីសាធារណជនយ៉ាងខ្លាំង ដែលមេធាវីរបស់លោក Sun ជឿជាក់ថា បានជួយដល់ការព្យួរទោសរបស់លោក Sun ជាបន្តបន្ទាប់៕