ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ហុងកុង​​៩​នាក់​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ចូលរួម​ក្នុង​ពិធី​រំឭក​​ព្រឹត្តិ​ការណ៍​នៅ​ទីលាន​ Tiananmen


សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ស្រែក​ពាក្យស្លោក​នៅ​ខាង​ក្រៅ​តុលាការ​ដើម្បី​គាំទ្រ​សកម្មជន​ដែល​ត្រូវ​បាន​កាត់ទោស​ចំពោះ​ការ​ចូលរួម​ក្នុង​ពិធី​រំឭក​ព្រឹត្តិការណ៍​នៅ​ទីលាន Tiananmen ទីក្រុង​ហុងកុង ប្រទេស​ចិន ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ស្រែក​ពាក្យស្លោក​នៅ​ខាង​ក្រៅ​តុលាការ​ដើម្បី​គាំទ្រ​សកម្មជន​ដែល​ត្រូវ​បាន​កាត់ទោស​ចំពោះ​ការ​ចូលរួម​ក្នុង​ពិធី​រំឭក​ព្រឹត្តិការណ៍​នៅ​ទីលាន Tiananmen ទីក្រុង​ហុងកុង ប្រទេស​ចិន ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

សកម្ម​ជន​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង​ចំនួន​៩​នាក់​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ខែ ​ពី​បទ​ចូល​រួម​ក្នុង​ការ​អុជ​ភ្លើងទៀន​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដើម្បី​រំឭកការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើក្រុម​បាតុករ​និស្សិត​នៅ​ទីលាន​ Tiananmen ក្នុង​ឆ្នាំ ​១៩៨៩។​

ជន​ជាប់​ចោទ​ទាំង​៩​នាក់​រួមមាន​លោក ​Albert Ho ​និង ​លោក​ Figo Chan​ ដែល​ត្រូវ​បាន​គេ​ផ្តន្ទាទោស​កាល​ពី​ដើមខែនេះ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេលយូរ ពី​បទ​ចូលរួម​ក្នុង​បាតុកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត​កាល​ពី​ខែ​តុលាឆ្នាំ​២០១៩ ​ប្រឆាំង​រដ្ឋាភិបាល ​បង្ក​ឡើង​ដោយច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូង​ចម្រាស ​ហើយ​រាលដាល​ទៅ​ទាមទារ​សេរីភាព​សម្រាប់​ទីក្រុង​ហុងកុង។​

ជនជាប់​ចោទ​ទាំង​៩​នាក់​បាន​សារភាព​ទោស​កំហុស​កាល​ពី​ដើម​ខែ​នេះចំពោះ​ការ​ចូល​រួម​ក្នុង​ពិធី​អុជ​ទៀន​ឆ្នាំ​២០២០​ ដែល​អាជ្ញាធរ​បាន​ហាមឃាត់​ ដោយ​លើក​យក​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ជាលេស។​

ពិធី​អុជ​ភ្លើង​ទៀន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​រំឭក​ដល់​ការ​បង្ក្រាប​ថ្ងៃទី​៤​ខែ​មិថុនា​ឆ្នាំ​ ១៩៨៩​លើ​ការ​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ ដឹកនាំ​ដោយ​និស្សិត នៅទីលាន​ Tiananmen​ ក្នុង​ទីក្រុង​ប៉េកាំង​ ជា​កន្លែង​ដែល​ពួកគេ​អំពាវ​នាវ​ចង់​បាន​ការ​បញ្ចប់​អំពើ​ពុករលួយ​ កំណែ​ទម្រង់​នយោបាយ ​និង​សង្គម​មួយ​ប្រកប​ដោយ​យុត្តិធម៌​ និង​បើក​ចំហ។​

ក្រុម​សិទ្ធិ​មនុស្ស​ជឿ​ថា​ មនុស្សជា​ច្រើន​ពាន់នាក់​ត្រូវ​បាន​សម្លាប់​នៅ​ពេល​រថក្រោះ​បើក​ឆ្លងកាត់​ទីលាន​ Tiananmen ​ដើម្បី​កម្ចាត់​បាតុកម្ម។​

សកម្មជន​ទាំង​៩​នាក់​ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារពី​៦​ខែ​ទៅ​១០​ខែ។ ​ជន​ជាប់​ចោទ​បីនាក់​ផ្សេង​ទៀត ​ដែល​បាន​សារភាព​ទោស​កំហុស​ចំពោះ​ការ​ចូលរួម​អុជ​ទៀន​កាល​ពី​ឆ្នាំ​មុន ត្រូវ​បាន​ព្យួរទោស។​

ការធ្វើ​បាតុកម្ម​ឆ្នាំ​២០១៩​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ទូលំ​ទូលាយ​មួយ​សម្រាប់​ទីក្រុង​ហុងកុង​កាល​ពីឆ្នាំ​មុន​ ដែល​គេ​ជឿថា​ តាម​ច្បាប់​នេះ​ អ្នកដែល​គេ​ជឿថា​ ធ្វើ​សកម្មភាព​ភេរវកម្ម ផ្តាច់ខ្លួន ​វិទ្ធង្សនា​អំណាច​រដ្ឋ ឬ​ឃុបឃិត​ជាមួយកម្លាំង​បរទេស​អាច​ត្រូវ​បាន​កាត់ទោស ​និង​ប្រឈម​មុខ​នឹង​ការ​ជាប់គុក​មួយ​ជីវិត ​ប្រសិន​បើ​រកឃើញ​ថា ​មាន​ទោស៕​


(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី The Associated Press និង Reuters)

XS
SM
MD
LG